សម្តេចតេជោ ហ៊ុន សែន ព្រមានដកឋានៈ និងឋានន្តរសក្តិ ឧត្តមសេនីយ៍ផ្កាយ៣មួយរូប ពាក់ព័ន្ធនឹងរឿងដកបញ្ឈរជើងមន្រ្តីនគរបាលចរាចរណ៍ ដែលផាកពិន័យចំឡានរបស់ខ្លួន

30-June-2016 | ដោយ មែន កំសត់



ភ្នំពេញ៖ ភ្លាមៗបន្ទាប់ពីចេញផ្សាយព័ត៌មានថា «នគរបាលចរាចរណ៍ម្នាក់ ផាកចំរថយន្ដលោកឧត្តមសេនីយ៍ផ្កាយ៣ ក្រោយមកត្រូវអង្គភាពបញ្ឈជើង សុំកិច្ចអន្ដរាគមន៍ពីសម្តេច ស ខេង», សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញការព្រមាននៅលើ Facebook យ៉ាងដូច្នេះថា៖ «ប្រសិននេះជារឿងពិត ខ្ញុំនឹងប្រើប្រាស់អំណាចខ្ញុំជានាយករដ្ឋមន្ត្រី ដើម្បីដកឋានះ និងស្នើសុំព្រះមហាក្សត្រដកឋានន្តរសក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌ នគរបាលជាតិតែម្តង។ ពេលនេះស្ថិតក្នុងដំណាក់ការស្រាវជ្រាវនៅឡើយ»។

បងប្រុសមន្រ្តីនគរបាលចរាចរណ៍ដែលត្រូវបានមេដកបញ្ឈរជើងបានថ្លែងនៅយប់ថ្ងៃទី២៩ខែមិថុនានេះថាពិតជាមានការដកបញ្ឈរជើងប្អូនប្រុសរបស់គាត់មែន ហើយ Account Facebook ឈ្មោះ សុវណ្ណ រីហ្គេន ក៏ពិតជារបស់ប្អូនប្រុសគាត់។

ការចេញសារព្រមានដកឧត្តមសេនីយ៍ផ្កាយ៣មួយរូបនោះ ធ្វើឡើងបន្ទាប់មន្ដ្រីនគរបាលចរាចរណ៍ម្នាក់ បានសុំកិច្ចអន្ដរាគមន៍ពីសម្ដេចក្រឡាហោ ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដោយសារតែអង្គភាពរបស់ខ្លួនដកបញ្ឈជើង ក្រោយពីមន្ដ្រីនគរបាលចរាចរណ៍រូបនេះ បានផាកពិន័យរថយន្ដ ដែលបើកបរមិនគោរពភ្លើងសញ្ញា ប៉ះចំរថយន្ដលោឧត្តមសេនីយ៍ពាក់ផ្កាយ៣ម្នាក់ ដែលត្រូវគេទម្លាយថា គឺលោក ម៉ម ស្រ៊ីវណ្ណា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ។ នេះបើយោងតាមគណនីយ Facebook មួយឈ្មោះ សុវណ្ណ រីហ្គេន ដែលបានបង្ហោះនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦នេះ។

ក្នុងគណនីយ Facebook នោះបាន បញ្ជាក់ថា «ខ្ញុំបាទឈ្មោះ សូត្រ កញ្ញា អត្តលេខ៦៧៩៦៨ ជាមន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខ្ញុំបានឃាត់ឡានមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AA-9562 ដែលបើកបរមិនគោរពភ្លើងសញ្ញា ហើយថែមទាំងមិនទទួលខុសត្រូវ និយាយមិនសមរម្យ មកលើខ្ញុំបាទ ដោយបាននិយាយប្រាប់ខ្ញុំថា ខ្លួនជាឧត្តមសេនីយ៍ហែ្អងអត់ស្គាល់អញទេ ឥឡូវខ្ញុំត្រូវបានអង្គភាពដកបញ្ឈរជើង»។
យ៉ាងណាក៏ដោយ មិនទាន់អាចសុំការបំភ្លឺ ពីលោកឧត្តមសេនីយ៍ ម៉ម ស្រ៊ីវណ្ណា បាននៅឡើយទេ នៅយប់ថ្ងៃនេះ៕

ចំនួនអ្នកទស្សនា

    21263657

  • ថ្ងៃនេះ5341
  • ម្សិលមិញ5261
  • សប្តាហ៍នេះ31731
  • ខែនេះ36571
  • ឆ្នាំនេះ821201
  • សរុប21263657