ខេត្តកំពង់ធំ ៖ ប្រជាពលរដ្ឋដែលដឹកឈើយកមកធ្វើផ្ទះ និងអ្នករកស៊ីឈើបន្តិចបន្តួចនាំគ្នារអូរទាំ និងរិះគន់ថា បច្ចុប្បន្នប៉ូលិសសេដ្ឋកិច្ចក្រសួងកំពុងតែបង្កព្យុះភ្លៀងទាំងថ្ងៃ ទាំងយប់យ៉ាងអនាធិបតេយ្យនៅក្នុងភូមិសាស្ត្រទឹកដីនៃខេត្តកំពង់ធំ ដោយបើករថយន្តប្រដេញចាប់រថយន្ត និងគោយន្តដឹកឈើណាដែលមិនបង់លុយឲ្យពួកគេ ។ ពួកអស់នេះ ធ្វើបានតែបងប្អូនប្រជាពលរដ្ឋដែលដឹកឈើបន្តិចបន្តួចតែប៉ុណ្ណោះ ចំណែករថយន្តប្រភេទយីឌុបធំៗដែលដឹកឈើវិញនោះ គឺអស់លោកមិនដែលហ៊ានក្អកដាក់គេនោះទេ ពួកគេធ្វើបានតែអ្នកតូចតាចនោះទេ ។
ប្រភពព័ត៌មានពីបុរសម្នាក់សុំមិនបញ្ចេញឈ្មោះបានថ្លូយមាត់ ប្រាប់អ្នកយកព័ត៌មានថា កាលពីពេលថ្មីៗនេះ ស្ត្រីម្នាក់ត្រូវជាក្មួយរបស់គាត់នៅព្រឹកថ្ងៃមួយរកតែភ្លឺមិន ទាន់ នាងបានរត់ទៅខ្ចីលុយរបស់គាត់ ហើយគាត់សួរថា យកលុយទៅធ្វើអីទាំងព្រឹក នាងឆ្លើយថា ប៉ូលិសសេដ្ឋកិច្ចក្រសួងចាប់ឡាននាងហើយនៅចំណុចអូរខ្លែងឆក់ ចុងភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ។ គេប្រុងអូសយកទៅឲ្យរដ្ឋបាលព្រៃឈើហើយ បើមិនបង់លុយឲ្យគេ ដោយមានការអង្វរក ព្រមទាំងតថ្លៃគ្នាផងនោះ មួយសន្ទុះទើបខាងលោកប៉ូលិសសេដ្ឋកិច្ចក្រសួង ឈ្មោះ ស៊ូ សាលី និងម្នាក់ទៀតឈ្មោះ ជា សុខបាន ដែលជាកូនចៅរបស់លោក ហួត តឿ ព្រមទទួលយកលុយចំនួន១លាន៤សែនរៀល ។
ពាក់ព័ន្ធករណីនេះ ខាងស្ត្រីម្ចាស់រថយន្តប្រាប់ថា នាងបង់លុយឲ្យរាល់តែជើងទេឲ្យតែជួប តែខាងគេខឹងថា នៅពេលនាងដឹកឈើមកម្តងៗម៉េចមិនខលទូរស័ព្ទប្រាប់គេ ដោយសារតែគេខឹង ទើបបានជាគេធ្វើបាបនោះ ។
នៅរសៀលថ្ងៃទី២៩ មិថុនា នេះ មិនអាចទាក់ទងលោក ហួត តឿ មេប៉ូលិសសេដ្ឋកិច្ចប្រចាំខេត្តកំពង់ធំ បានទេ ជុំវិញការចោទប្រកាន់ខាងលើ ។