ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ យល់ឃើញថា ពេលនេះតន្ត្រីជនពិការនៅសល់ជាង១០ក្រុមទៀត នៅតែជម្នះធ្វើប្រគុំតន្ត្រី ដើម្បីរៃអង្គាសប្រាក់តាមចិញ្ចើមផ្លូវ បង្កភាពអនាធិបតេយ្យ ធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ និងបង្កការកកស្ទះចរាចរណ៍ ដែលអាជ្ញាធរ មិនមានការអប់រំឬណែនាំទៀតទេ គឺនៅថ្ងៃព្រហស្សត៏ទី៣០មិថុនានេះសមត្ថកិច្ចត្រូវតែចុះទៅចាប់ រឹបអូសយកសម្ភារៈតែម្តង ប្រសិនបើចុះទៅឃាត់ហើយនៅតែមិនព្រមឈប់ទៀតនោះ ។
លោក សន សុផល ប្រធានមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញមិនអនុញ្ញាតិឲ្យមានក្រុមតន្ត្រីជនពិការលេង តន្ត្រីតាមទីសាធារណៈទៀតទេ ចាប់ពីថ្ងៃទី៣០មិថុនាស្អែកទៅ ដោយមន្ទីរសង្គមកិច្ចនិងសមត្ថិច្ចពាក់ពន្ធ័នឹងចុះទៅចាប់យក សម្ភារៈតែម្តង គឺលែងដោះស្រាយហើយ ព្រោះពួកគាត់និយាយមិនស្តាប់ ។លោកបន្តថាក្នុងពេលចុះអប់រំណែនាំកន្លងមកក្រុមជនពិការនោះបាន យកលេសថា បើមិនឲ្យគាត់ប្រកបមុខរបរនេះ តើបានមុខរបរអ្វីសម្រាប់ដោះស្រាយជីវភាព ? ការពិតជនពិការ បច្ចុប្បន្ននេះមានយន្តការច្រើនណាស់សម្រាប់ជួយដល់ជនពិការ ប៉ុន្តែជនពិការខ្លួនគាត់មិនបានជួយខ្លួនឯងទេ កន្លងមកដោយមានការជម្រុញពីរាជរដ្ឋាភិបាល មានក្រុមហ៊ុន ក្រសួង និងស្ថាបន័មួយចំនួនបានជ្រើរើជនពិការឲ្យចូលបំរើការងារ និងបានទំនាក់ទំនងទៅតាមទីតាំងប្រគុំតន្ត្រីតាមរង្គសាលនានា ដើម្បីឲ្យជនពិការបានច្រៀងកន្លែងប្រកបបរចិញ្ចឹមជីវិតដោយ សេចក្តីថ្លៃថ្នូរ សទ្ធិសញ្ញាជួយជនពិការក៏មិនគាំទ្រឲ្យជនពិការ ប្រកបមុខរបរដែលមិនស្របស្របនោះដែរ តែគាត់មិនបានទៅទំនាក់ទំនងជាមួយគេ និងមានការគាំទ្រនូវការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលឡើយ ។
ចំណែក លោក ភី ចន្ថា អនុប្រធានមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញបានលើកឡើងនៅកម្មវិធី"ជីវិតយើង សង្គមយើងរបស់វិទ្យុជាតិកម្ពុជា កាលពីថ្ងៃទិ២៨ មិថុនា២០១៦នេះថា ដោយសារកន្លងមកជនពិការតែងតែចេញប្រកបមុខរបរនៅតាមភ្លើងស្តុបនិង នៅលើដងផ្លូវសារធារណៈក្នុងរាជធានីភ្នំពេញ ដែលបណ្តាលឲ្យប៉ះពាល់ដល់សណ្តាប់ធ្លាប់សង្គម និងធ្វើឲ្យកកស្ទះចរាចរណ៍នោះ មន្ទីរនិងផ្នែកពាក់ពន្ធ័ គ្រោងនិងធ្វើអគារជូនក្រុមតន្ត្រីជនពិការ ដើម្បីជាកន្លែងស្នាក់នៅបណ្តោះអាសន្នផង និងបណ្តុះបណ្តាលវិជ្ជាជីវៈផង។ លោកបន្តថាៈ ដើម្បីឲ្យតន្ត្រីជនពិការមានការងារល្អកាន់តែប្រសើរឡើង រដ្ឋបាលរាជធានីភ្នំពេញគ្រោងសាងសង់អគារស្នាក់នៅសំរាប់ក្រុមតន្ត្រី ជនពិការ ទំហំ៧ម៉ែត្រកន្លះ និងបណ្តោយ៥៤ម៉ែត្រ នៅមជ្ឍមណ្ឌលកុមារកំព្រាភ្នំពេញថ្មី ដើម្បីចូលរួមកាត់បន្ថយភាពលំបាកជូនជនពិការ ពិសេសជួយសំរាលទុក្ខដល់សង្គម។
លោក ភី ចន្ថា បានបញ្ចាក់ថា កន្លងមកជនពិការមានការលំបាក ដោយសារគាត់បែងចែកជាក្រុមៗទៅតាមទីកន្លែងស្តុបមួយចំនួន ជួនកាលមួយឬ២នាក់ ដែលមើលទៅមានភាពរញ៉េរញ៉ៃ គឺយើងធ្វើយ៉ាងណា ឲ្យគាត់មានចំណេះដឹងវិជ្ជាជីវៈ មានការងារច្បាស់លាស់ ៕