ឧត្ដមសេនីយ៍​ផ្កាយ​៣ ម៉ម ស្រ៊ី​ម​វណ្ណា និង​មន្ដ្រីនគរបាល​ចរាចរ​គ្រោង​ជួបគ្នា​នា​រសៀល​នេះ​

30-June-2016 | ដោយ មែន កំសត់



​ក្រោយ​មានការ​ប្រកាស​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អំពី​វិធានការ​មួយចំនួន​ចំពោះ​រឿងរ៉ាវ​លោក​ឧត្ដមសេនីយ៍ឯក ម៉ម ស្រ៊ី​ម​វណ្ណា និង​មន្ដ្រីនគរបាល​ចរាចរ​ផ្លូវគោក​ម្នាក់ ដែលមាន​ភាព​ចំ​រ៉ូង​ចំ​រ៉ា​ស់​ពេល​អនុវត្ត​ច្បាប់​ចរាចរ​នោះ លោក​ឧត្ដមសេនីយ៍ឯក ម៉ម ស្រ៊ី​ម​វណ្ណា និង​មន្ដ្រីនគរបាល​ចរាចរ​ផ្លូវគោក គ្រោង​នឹង​ជួបគ្នា​ដោយផ្ទាល់​នា​រសៀល​ថ្ងៃនេះ​។​

​លោក​ឧត្ដមសេនីយ៍ឯក ម៉ម ស្រ៊ី​ម​វណ្ណា ដែលជា​អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ថ្លែង​តាម​ទូរស័ព្ទ​ មុននេះ​បន្តិច​ថា លោក​ពិតជា​រីករាយ​ណាស់​ចំពោះ​វិធានការ​របស់​សម្ដេច​តេ​ជោ ដែល​បាន​ប្រោសប្រណី​ដល់​គាត់ និង​ក្រុមគ្រួសារ​គាត់ ហើយ​លោក​នឹង​អនុវត្តតាម​វិធានការ​នេះ ដោយ​លោក​ឧត្ដមសេនីយ៍ឯក​បា​នប​ន្ថែ​ម​ថា លោក​សូម​ថ្លែងអំណរគុណ​សម្ដេច​តេ​ជោ និង​ដឹងគុណ​សម្ដេច​មិនអាច​បំភ្លេចបាន​ចំពោះ​ការ​ត្រា​ប្រណី​នេះ​។​

​លោក​ឧត្ដមសេនីយ៍ឯក​បា​នប​ន្ថែ​ម​ឲ្យ​ដឹងថា លោក​ចង់​ជួប​ផ្ទាល់​ជាមួយ​មន្ដ្រីនគរបាល​ច​រា​ចរណ៍​រាជធានី គឺ​លោក សូត្រ កញ្ញា ដើម្បី​ជួប​រាប់អាន​គ្នា​ជំនួស​ជម្លោះ​កន្លងមក ។ លោក​បញ្ជាក់ថា លោក​ចង់​ជួប​លោក​អនុ​សេនីយ៍ សូត្រ កញ្ញា នា​រសៀល​ថ្ងៃទី​៣០ មិថុនា​នេះ គឺ​កាន់តែ​ឆាប់​កាន់តែ​ល្អ​។​
​ទាក់ទិន​ការ​ណាត់​ជួយ​នេះ​លោក ចេ​វ ហាក់ នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ឲ្យ​ដឹងថា ការ​ណាត់ជួប​នេះ​មិនទាន់មាន​ពេលវេលា និង​ទីកន្លែង​ជាក់លាក់​នៅឡើយ​ទេ ខណៈ​នេះ​កំពុង​ពិភាក្សា​។​

​កាលពី​ព្រឹក​មិញ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានសម្រេច​កែតម្រូវ ដោយ​បន្ធូរបន្ថយ​វិធានការ​លើ​លោក​ឧត្ដមសេនីយ៍ឯក ម៉ម ស្រ៊ី​ម​វណ្ណា តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា នាពេលខាងមុខ​ប្រសិន​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ម ស្រ៊ី​ម​វណ្ណា ស្គាល់​កំហុស និង​ធ្វើការ​កែប្រែ ក្រសួងមហាផ្ទៃ អាច​លើកសំណើ​តែងតាំង​ក្នុង​មុខដំណែង​ណាមួយ​សមស្រប​។ នេះ​ជា​ឱកាស​សំរាប់​ការកែខ្លួន ក្នុងករណី​មិន​កែប្រែ​វិន័យ​នឹងមាន​បន្តទៀត​។​
​សម្តេច​តេ​ជោ ហ៊ុន សែន បានសម្រេច​ធ្វើការ​កែតម្រូវ​លើ​វិធានការ​ចំពោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ម ស្រ៊ី​ម​វណ្ណា ដែលមាន​ខ្លឹមសារ​ដើម​ដូចខាងក្រោម​៖
 
១៖ អនុវត្ត​វិន័យ​ចំពោះ​លោក​ឧ​ត្ត​ម​សេនីយ៍ ម៉ម ស្រ៊ី​ម​វណ្ណា ដោយ​ដក​តួនាទី​ពី​អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ប៉ុន្តែ​រក្សាទុក​ឋានន្តរស័ក្ដិ​ជា​ឧ​ត្ត​ម​សេនីយ​ឯក នៃ​នគរបាលជាតិ​តទៅទៀត​។ នាពេលខាងមុខ​ប្រសិន​លោក ម៉ម ស្រ៊ី​ម​វណ្ណា ស្គាល់​កំហុស និង​ធ្វើការ​កែប្រែ ក្រសួងមហាផ្ទៃ អាច​លើកសំណើ​តែងតាំង​ក្នុង​មុខដំណែង​ណាមួយ​សមស្រប​។ នេះ​ជា​ឱកាស​សំរាប់​ការកែខ្លួន ក្នុងករណី​មិន​កែប្រែ​វិន័យ​នឹងមាន​បន្តទៀត​។​
២៖ ស្នងការ​នគរបាល​រាជធានី​ត្រូវ​អប់រំ​មន្ត្រីនគរបាល ដែល​ប្រើ​ពាក្យសំដី​មិន​គប្បី ហើយ​ប្រគល់​ការងារ​ឲ្យ​ធ្វើ​ឡើងវិញ​។​
៣៖ ក្រសួងមហាផ្ទៃ អគ្គស្នងការ​នគរបាល​ជាតិ​ត្រូវធ្វើ​ការអប់រំ​នគរបាល​ចរាចរណ៍​ទូទាំងប្រទេស​អំពី​សីលធម៌ សុជីវធម៌ វិន័យ​។​ល​។ ត្រូវ​សុភាពរាបសារ​តែ​ម៉ឺងម៉ាត់​ក្នុងការ​អនុវត្ត​ច្បាប់​។​
៤៖ ខ្ញុំ​នឹងមាន​ការរីករាយ​ប្រសិន​លោក​ឧ​ត្ត​ម​សេនីយ៍ និង​លោក​អនុ​សេនីយ៍​បាន​ជួបគ្នា​រាប់អាន​គ្នា​ជំនួស​ឱ្យ​ជម្លោះ​កន្លងមក​។​
៥៖ អំពាវនាវ​បងប្អូន​ជនរួមជាតិ​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា និង​សូម​ចូលរួម​ផ្តល់​មតិ​លើ​ចំណុច​ខ្វះខាត​ចំពោះ​មន្ត្រី​ដែល​អនុវត្ត​ច្បាប់​ប្រព្រឹត្ត​មិន​គប្បី​ចំពោះ​ប្រជាពលរដ្ឋ​។​

​ខ្ញុំ​សង្ឃឹមថា ដំណោះស្រាយ​នេះ​នឹង​ទទួលបាន​ការគាំទ្រ​។ ខ្ញុំ​សំរាក​បាន​ត្រឹម​២​ម៉ោង​ប៉ុណ្ណោះ​ដោយសារ​រឿង​មួយ​នេះ​៕
​គួរ​បញ្ជាក់ថា ករណីនេះ​បានកើត​ឡើង​នៅ​ភ្លើងស្តុប BS រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៧ ខែមិថុនា កន្លងទៅនេះ​៕

ចំនួនអ្នកទស្សនា

    21263837

  • ថ្ងៃនេះ5521
  • ម្សិលមិញ5261
  • សប្តាហ៍នេះ31911
  • ខែនេះ36751
  • ឆ្នាំនេះ821381
  • សរុប21263837