លោក កង សុខន​៖ ការពិនិត្យ​ស្នាម​មេដៃ​លើ​ញត្តិ CNRP មិនទាន់​បញ្ចប់ ភាពមិនប្រក្រតី​កាន់តែច្រើន​, ឈ្មោះ​ខ្លះ​ស្លាប់ ខ្លះ​ធ្វើ​ចំណាកស្រុក

30-June-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ ដំណើរការ​ពិនិត្យ និង​ផ្ទៀងផ្ទាត់​លើ​ស្នាម​មេដៃ ដែល​គាំទ្រ​ញត្តិ​របស់ គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ថ្វាយ​ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី រយៈពេល​ជាង​មួយខែ​មកហើយ​នោះ នៅ​មិនទាន់​បញ្ចប់​នៅឡើយ​ទេ​រហូតដល់ ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៦​នេះ ដោយសារ​បច្ចេកទេស​ស្រាវជ្រាវ​មាន​ភាពស្មុគស្មាញ​ច្រើន​។ នេះ​បើតាម​ការបញ្ជាក់​របស់​នាយ​ឧ​ត្ត​ម​សេ នី​យ៍ កង សុខន អគ្គ​ស្នងការរង​នគរបាលជាតិ និង ជា​អនុប្រធាន​គណៈកម្មការ​ស្រាវជ្រាវ និង ធ្វើ​កោសល្យ​វិ​ច្ច័​យ​ស្នា​មេដៃ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ កង សុខន បាន​ថ្លែងប្រាប់​ នៅ​ល្ងាច​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៦​នេះ​ថា «​ការពិនិត្យ និង​ផ្ទៀងផ្ទាត់​លើ​ស្នាម​មេដៃ​នេះ យើង​ធ្វើបាន​ច្រើន​ហើយ តែ​នៅ​មិនទាន់បាន​បញ្ចប់​នៅឡើយ​ទេ​»​។ លោក កង សុខន ក៏​មិនទាន់​អាច​បញ្ជាក់​ពី​ទំហំ នៃ​ការពិនិត្យ​នេះ បាន​ប៉ុន្មាន​ភាគរយ​នោះដែរ​។​

​បើតាម​នាយ​ឧ​ត្ត​ម​សេនីយ៍ កង សុខន បច្ចេកទេស នៃ​ការពិនិត្យ​ផ្ទៀងផ្ទាត់​នេះ មាន​ភាពស្មុគស្មាញ​ច្រើន​។ ជាពិសេស​ការធ្វើ​ឲ្យ​មាន​ច្បាស់ លាស់ និង​ត្រឹមត្រូវ ជាហេតុ​នាំ​ឲ្យ​ដំណើរការ​ពិនិត្យ និង​ផ្ទៀងផ្ទាត់​មាន​ភាពយឺតយ៉ាវ​។​
​លោក​អនុប្រធាន​គណៈកម្មការ​ស្រាវជ្រាវ ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា ការផ្ទៀងផ្ទាត់​រយៈពេល​ជិត ១​ខែ​កន្លងមកនេះ ក្រៅពី​ភាពមិនប្រក្រតី ដែល​បាន​រកឃើញ​នាពេល​កន្លងមក​មានដូចជា ស្នាម​មេដៃ​តែមួយ ផ្តិត​លើ​ឈ្មោះ​មនុស្ស​រហូតដល់​ទៅ ៨៦​នាក់ ហើយ​ឈ្មោះ​ខ្លះទៀត គ្មាន​លំនៅ ដ្ឋា​ន​ច្បាស់លាស់​ហើយ​នោះ នៅមាន​ភាពមិនប្រក្រតី​ថ្មី​ជាច្រើន​ទៀត ត្រូវបាន​រកឃើញ​។ ភាពមិនប្រក្រតី ដែល​រកឃើញ​ថ្មី​នោះ មានដូចជា ឈ្មោះ​ខ្លះ មនុស្ស​បាន​ស្លាប់បាត់ ហើយ​ឈ្មោះ​ខ្លះទៀត មនុស្ស​កំពុង​ធ្វើ​ចំណាកស្រុក​។​
​លោក​បានបញ្ជាក់​ដូច្នេះ «​យើង​បាន​រកឃើញ​ភាពមិនប្រក្រតី​ជាច្រើន​ទៀត ក្នុងនោះ​មានឈ្មោះ​ខ្លះ មនុស្ស​បាន​ស្លាប់បាត់ ហើយ​ឈ្មោះ​ខ្លះទៀត មនុស្ស​បានធ្វើ​ចំណាកស្រុក​»​។​

​សូម​រំលឹកថា កាលពី​ថ្ងៃទី​៣០ ខែឧសភា កន្លងទៅ តំណាងរាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ តំណាង​ដោយ​លោក យ៉ែម បុញ្ញ​រិ​ទ្ធ បានធ្វើ​ញត្តិ​មួយ​អមដោយ​ស្នាម​មេដៃ​របស់​ប្រជាពលរដ្ឋ​ចំនួន ១៨​ដុំ ស្មើនឹង​ជាង ១៧​ម៉ឺន​ស្នាម​មេដៃ ដង្ហែ​ទៅ​ថ្វាយ​ព្រះមហាក្សត្រ​ខ្មែរ ទាមទារ​ឲ្យ​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស​អាដហុក ៤​រូប អគ្គលេខាធិការរង​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត​១​រូប​។ ក្នុង​ញត្តិ​ក៏​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​មន្ត្រីជាន់ខ្ពស់ និង តំណាងរាស្ត្រ​គណបក្ស​គណបក្ស​សង្គ្រោះ​ជាតិ ព្រមទាំង​ទាមទារ​ឲ្យ​ទម្លាក់ចោល​ការចោទប្រកាន់ ទៅលើ​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​ផងដែរ​។​

​ដំណើរការ​ពិនិត្យ​ផ្ទៀងផ្ទាត់ និង ធ្វើ​កោសល្យ​វិ​ច្ច័​យ​ដោយ​កម្លាំង​សមត្ថកិច្ច​នេះ ត្រូវបាន​គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​ការ​មិនសូវមាន​ជំនឿ​លើ​ការពិនិត្យ​ឡើយ ដោយសារតែ​ការផ្ទៀងផ្ទាត់​ធ្វើឡើង ដោយ​គ្មាន​ការចូលរួម​ពី​ខាង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​។​
​ឆ្លើយតប​និង​ភាព​មិនសូវមាន​ជំនឿ​ចិត្ត​របស់​គណបក្សប្រឆាំង​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ កង សុខន បាន​ពន្យល់ថា ការពិនិត្យ​ផ្ទៀ​ត​ផ្ទាត់​ត្រូវបាន​ធ្វើឡើង​ដោយ​ភាព​សុក្រឹត​ត្រឹមត្រូវ និង​មានការ​ផ្ទៀងផ្ទាត់​យ៉ាងច្បាស់​លាស់​ទៅតាម​បច្ចេកទេស និង​បាន​ផ្ទៀងផ្ទាត់​ជាមួយ​បញ្ជី​គ្រប់គ្រង ស្ថិតិ​ប្រជាពលរដ្ឋ​ផងដែរ​។ លោក កង សុខន បាន​បញ្ជាក់ថា ប្រសិនបើ​ការពិនិត្យ​នេះ​មាន​ភាពមិន​ត្រឹមត្រូវ មន្ត្រី​បច្ចេកទេស ក៏ត្រូវ​មានទោស ដូចគ្នា​។​
​នាយ​ឧ​ត្ត​ម​សេនីយ៍ កង សុខន បាន​ឲ្យ​ដឹងថា ក្រោយពេល​ដំណើរការ​ពិនិត្យ និង​ផ្ទៀងផ្ទាត់​បិទ​បញ្ចប់​គណៈកម្មការ​ស្រាវជ្រាវ និង ធ្វើ​កោសល្យ​វិ​ច្ច័​យ​ស្នា​មេដៃ នឹងធ្វើ​របាយការណ៍​ជូនទៅ​ក្រសួងមហាផ្ទៃ​ពិនិត្យ និង​ចាត់​នីតិវិធី​បន្ត​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ធ្លាប់បាន​បញ្ជាក់ប្រាប់ ថា ភាពមិនប្រក្រតី​លើ​ស្នាម​មេដៃ​នេះ គឺ ជាការ​ប្រមាថ​ធ្ងន់ធ្ងរ​ដល់​ព្រះ​ជេ​ស្តា​ព្រះមហាក្សត្រ ហើយ​អ្នក​នាំ​ស្នាម​មេដៃ​ថ្វាយ​ព្រះមហាក្សត្រ ដែលមាន​លោក យ៉ែម បុញ្ញ​រិ​ទ្ធ ជា​តំណាង​នឹងត្រូវ​ប្រឈមមុខ​និង​ច្បាប់​មុនគេ​៕

ចំនួនអ្នកទស្សនា

    21263927

  • ថ្ងៃនេះ5611
  • ម្សិលមិញ5261
  • សប្តាហ៍នេះ32001
  • ខែនេះ36841
  • ឆ្នាំនេះ821471
  • សរុប21263927