ភ្នំពេញ ៖ មន្ដ្រីក្រសួងព័ត៌មាន បានបញ្ជាក់ជាថ្មីថានឹងចាត់វិធានការលើប្រព័ន្ធផ្សព្វផ្សាយណាមិន ប្រើគោរមងារសម្ដេចនៅក្នុងអត្ថបទរបស់ខ្លួន។ ទោះយ៉ាងណាក្តី ក្រសួងមិនទាន់កំណត់ពេលវេលាជាក់លាក់ ដើម្បីប្រើវិធានការរបស់ខ្លួននៅឡើយទេ។
អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន ឯកឧត្តម អ៊ុក គឹមសេង បានបញ្ជាក់ជាថ្មីប្រាប់វិទ្យុមួយថា ចាប់ពីថ្ងៃទី១ ខែកក្កដា តទៅក្រុមការងារក្រសួងព័ត៌មាន នឹងចាប់ផ្ដើមបូកសរុបរាល់ម៉ោងផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ ថាប៉ុស្តិ៍ណាមិនប្រើគោរមងារសម្ដេច ប៉ុស្តិ៍ណាប្រើគោរមងារសម្ដេច រួចយករបាយការណ៍ទាំងនោះទៅដាក់ជូនរដ្ឋមន្ត្រីដើម្បីសម្រេច។
ឯកឧត្តមថា ប្រព័ន្ធផ្សព្វផ្សាយគួរតែយល់ពីវប្បធម៌ប្រពៃណីរបស់ខ្មែរ៖ “គេ សរុបការងារហ្នឹងតាមការកំណត់ណាមួយហើយពេលនោះយើងនឹងដឹងពី វិធានការណាមួយមិនខាន។ ជាក់ស្តែងបើគេអត់ជួយយើង យើងជួយគេម៉េចកើត។ដល់តែមានជួយគ្នាទៅវិញទៅមក បើយើងទាមទារតែខាងរដ្ឋាភិបាលពេក តែយើងអត់ឱនលំទោនខ្លះ មិនដឹងធ្វើម៉េចទេ”។
គួររំលឹកថា កាលពីខែឧសភា ក្រសួងព័ត៌មាន ចេញសេចក្ដីណែនាំឱ្យប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកប្រើគោរមងារសម្ដេច ដែលត្រូវបានតែងតាំងដោយព្រះមហាក្សត្រ។ បើស្ថាប័នសារព័ត៌មានណា មិនអនុវត្តតាមនោះ វិធានការអាចជាការបញ្ចប់ឬមិនផ្ដល់អាជ្ញាប័ណ្ណបន្តទៀតចំពោះ ស្ថាប័នព័ត៌មានទាំងឡាយណាដែល ចុះបញ្ជីជាមួយក្រសួងព័ត៌មាន។ ជាងនេះទៀតក្រសួងនឹងមិនអនុញ្ញាតឲ្យស្ថានីយវិទ្យុ អែហ្វ.អិម (FM) ក្នុងស្រុក ជួលម៉ោងផ្សាយទៅឲ្យវិទ្យុបរទេសណាដែលមិនប្រើគោរមងារសម្ដេច។
ចំណែកសមាជិកគណៈកម្មាធិការនាយកនៃក្លឹបអ្នកកាសែតកម្ពុជា លោក ឆាយ សុផលបានបង្ហាញការយល់ឃើញរបស់លោកទៅកាន់វិទ្យុដដែលថា នៅក្នុងព័ត៌មានអ្វីដែលសំខាន់ គឺសរសេរខ្លឹមសារព័ត៌មាននោះមិនខុស។ចំណែកការតម្រូវឲ្យប្រើគោរម ងារសម្ដេច លោកយល់ថា ទាំងក្រសួងព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយគួរជជែកគ្នារកចំណុចកណ្ដាលណាមួយដែលប្រើ គោរមងារនោះកុំឱ្យវែងពេក ឬប្រើគោរមងារនោះនៅដើមបន្ទាត់ ឬដើមឃ្លា៖ “ដើម្បី ដោះស្រាយបញ្ហាបានទាំងសងខាង ខ្ញុំយល់ថា ទាំងវិទ្យុអាស៊ីសេរី និងសារព័ត៌មានផ្សេងទៀត គឺអាចប្រើប្រាស់ពាក្យ ព្រោះតាមខ្ញុំដឹង គេឲ្យប្រើតែថ្នាក់ដឹកនាំមួយចំនួនលើទេ ក្រៅពីនោះ ជាសិទ្ធិសេរីភាពរបស់យើង ប៉ុន្តែសម្រាប់ខ្ញុំយល់ថា វាមិនទោសពៃរ៍អីទេ យើងហៅគាត់ដូចជាសម្ដេច ហ៊ុន សែន យើងអាចហៅសម្ដេចតេជោ ហ៊ុន សែន បន្ទាប់មកហៅគាត់លោក”៕