សម្តេច​តេ​ជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ​លោកតា​អាយុ​៨៩​ឆ្នាំ ជា​អ្នករត់​ស៊ីក្លូ ចូលជួប​សំណេះសំណាល រាប់​គ្នា​ជា​ឪពុក​និង​កូនធម៌ និង​ធានា​ចិញ្ចឹម​មួយជីវិត

01-July-2016 | ដោយ មែន កំសត់

 
ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បន្ទាប់ពី​បញ្ចប់​ការចូលរួម​ជា​អធិបតី​ក្នុង​ទិវា​មច្ឆា​ជាតិ នៅ​ខេត្តកំពង់ស្ពឺ រួចមក នៅ​ព្រឹក​ថ្ងៃទី​០១ ខែកក្កដា​នេះ សម្តេច​បានអនុញ្ញាត​ឲ្យ​លោកតា​អាយុ​៨៩​ម្នាក់ ដែល​ប្រកបមុខរបរ ជា​អ្នករត់​ស៊ីក្លូ នៅ​រាជធានី​ភ្នំពេញ ដែលមាន​ជីវភាព​ខ្វះខាត ចូលជួប​សំណេះសំណាល ដោយ​សម្រេច​រាប់​គ្នា​ជា​ឪពុក និង​កូនធម៌ រួមទាំង​ចិញ្ចឹម​លោកតា​ពេញ​មួយ​ជិវិត​។​

លោកតា​អាយុ​៨៩​ឆ្នាំ​ខាងលើ រស់នៅ​ភូមិ​សង្កែ ឃុំ​ឈើទាល ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង មានកូន​ចំនួន​៨​នាក់ ដោ​យមក​ទីក្រុង​ភ្នំពេញ ជួល​ស៊ីក្លូ​គេ​រត់​ក្នុង​មួយថ្ងៃ ៤​ពាន់​រៀល រកបាន​ចំណូល​បន្តិចបន្តួច​។​

​ក្នុងឱកាស​ជួប​សំណេះសំណាល​នោះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​សុំ​ការអនុញ្ញាត​លោកតា​ធ្វើជា​ឪពុកធម៌ ហើយ​នៅពេលនោះ សម្តេច​តេ​ជោ និង​លោកតា ក៏បាន​ស្រុះស្រួល​គ្នា​សម្រេច​ទទួល​គ្នា ជា​កូន​និង​ឪពុកធម៌​ចាប់ពី​ថ្ងៃនេះ​តទៅ​។ ជាពិសេស​ជាងនេះទៅទៀត​នោះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ធានា​ចិញ្ចឹម​លោកតា​ពេញ​មួយជីវិត និង​ផ្តល់​ផ្ទះ​ទេវតា ជូន​លោកតា​១​ខ្នង​ផងដែរ​។​
​ក្នុង​ការធានា​ចិញ្ចឹម​នោះដែរ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បានជូនលុយលោកតាសរុប៦លានរៀល និងខោអាវជាច្រើនកំប្លេ រ បាន​ឧបត្ថម្ភ​ថវិកា​ប្រចាំខែ​ចំនួន​៥០​ម៉ឺន​រៀល និង​អង្ករ​៥០​គីឡូក្រាម រួមទាំង​ធានា​នូវ​ការព្យាបាល​ជំងឺ ជូន​ជាប្រចាំ​នៅពេលដែល លោកតា​មាន​បញ្ហា​សុខភាព​។  

​សូមជម្រាបថា ការអនុញ្ញាត​ឲ្យ​លោកតា ដែល​រកស៊ី​ធាក់​ស៊ីក្លូ ចូលជួប​សំណេះសំណាល​នេះ ធ្វើឡើង​បន្ទាប់ពី​លោកតា បង្ហាញ​នូវ​ទុក្ខលំបាក​របស់ខ្លួន ហើយ​ត្រូវបាន​គេ​បង្ហោះ​លើ​បណ្តាញ​សង្គម Facebook អំពី​សេចក្តីប្រាថ្នា​របស់គាត់ ចង់​ជួប​សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​ស្នើសុំ​ថវិកា សាងសង់​ផ្ទះ នៅឯ​ស្រុកកំណើត​។ ព័ត៌មាន​នេះ​ត្រូវ​បានដឹង​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន ហើយក៏​មានការ​រៀបចំ​ការជួប​សំណេះសំណាល និង​ទទួល​គ្នា​ជា​ឪពុក​និង​កូនធម៌​នេះ​៕

ចំនួនអ្នកទស្សនា

    21257567

  • ថ្ងៃនេះ4521
  • ម្សិលមិញ5201
  • សប្តាហ៍នេះ25641
  • ខែនេះ30481
  • ឆ្នាំនេះ815111
  • សរុប21257567