កំពង់ស្ពឺ៖ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងទិវាមច្ឆជាតិ នៅអាងទឹកអន្លង់ជ្រៃ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
ទិវាមច្ឆជាតិ ថ្ងៃទី១ កក្កដា ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីបំផុសចលនាប្រជាពលរដ្ឋឱ្យចូលរួមយ៉ាងសកម្ម ក្នុងការថែរក្សាពូជត្រី ឱ្យមានក្នុងដែនទឹកធម្មជាតិផង បង្កើនផលត្រីនៅតំបន់ឆ្ងាយពីដែននេសាទផង ជាពិសេសតាមតំបន់សមស្របនៃវាលទំនាប និងវាលស្រែក្នុងទូទាំងប្រទេស។
ឯកឧត្តមវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា នេះគឺជាលើកទី១៤ហើយដែលសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញលែងកូនត្រីនៅអាងទឹកអន្លុងជ្រៃ ភូមិអន្លុងជ្រៃ ឃុំប្រាំបីមុំ ស្រុកផ្ពង់ ខេត្តកំពង់ស្ពឺនេះ។ ឯកឧត្តមបានបញ្ជាក់ថា អាងទឹកនេះ អាចរក្សាទឹកបានដោយទំនប់ធារាសាស្ត្រក្រាំងពន្លៃ ដែលកសាងនៅឆ្នាំ២០០៩តាមរយៈការផ្តល់ហិរញ្ញប្បទាន ឥណទាន សមទាន របស់សាធារណរដ្ឋកូរ៉េ ដែលមានទំហំ ៨៣,៨០០ហិកតា ជម្រៅមធ្យម៥ម៉ែត្រ និងរដូវប្រាំង១ម៉ែត្រ ដែលអាចស្តុកទឹកបានប្រមាណ ២៧ម៉ែត្រគីប នៅរដូវវស្សា និងមានលទ្ធភាពស្រោចស្របបានប្រមាណ១,៥០០ហិកតា។
ឯកឧត្តមក៏បន្តទៀតថា ក្នុងទិវាមច្ឆាជាតិលើកទី១៤នេះ បានរៀបចំពិធីលែងកូនត្រីចម្រុះចំនួន១លានក្បាលក្នុងនោះមានកូន បង្កង១សែនក្បាល និងមេត្រីពូជមានមួយចំនួន ដូចជា ៖ ត្រីគល់រាំង ត្រីប្រា ត្រីឆ្ពិន ត្រីកាហែ ត្រីព្រលូង ត្រីអណ្តែង ត្រីក្រាញ់ ត្រីផ្ទក់ អន្ទង់ កង្កែប និងអណ្តើកជាដើម ដើម្បីឲ្យអាងទឹកនេះ សម្បូរទៅដោយមច្ឆាជាតិដើម្បីបំពេញតម្រូវការឲ្យប្រជាពលរដ្ឋនៅតំ បន់នេះ។
ទន្ទឹមនឹងនេះ ឯកឧត្តម វេង សាខុន ក៏បានជម្រុញឲ្យរដ្ឋបាលជលផល ចូលរួមប្រឹងប្រែងជម្រុញការអនុវត្តន៍ច្បាប់ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសជាប្រចាំ ដោយមានកិច្ចសហការពីអាជ្ញាធរមូលដ្ឋាន ស្របតាមច្បាប់ស្តីពីការគ្របគ្រង់ រាជធានី ខេត្ត ក្រុង ខណ្ឌ។ ជាក់ស្តែង បទល្មើសជលផល ចំនួន៣,៩៧៤ករណី ត្រូវបានបង្ក្រាប ក្នុងនោះបានពិន័យអន្តរការណ៍ចំនួន ៤១៨ករណី បញ្ជូនទៅតុលាការចំនួន១៨១ករណី ដាក់ពន្ធធនាគារចំនួន៨៥នាក់។
សូមជំរាបថា កាលពីឆ្នាំមុន ទិវាមច្ឆជាតិ ត្រូវបានរៀបចំឡើង នៅអាងទឹកខ្នាច ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមដែលមានព្រលែង កូនត្រីចម្រុះប្រមាណ១លានក្បាល៕