ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋខ្មែរ ដែលរកស៊ីមុខរបរដឹកទំនិញបន្តិចបន្តួចពីផ្សារថៃ និងដឹកពីកម្ពុជា យកទៅលក់ក្នុងផ្សារថៃ ឆ្លងកាត់តាមច្រកអន្តរជាតិជាំ បានលើកឡើងថា ពួកគាត់ត្រូវបង់ឱ្យស្ថាប័នចម្រុះជាច្រើនកន្លែង ជាពិសេសនគរបាលសេដ្ឋកិច្ចក្រសួង ទម្រាំតែទំនិញដឹក ទៅដល់ទីតាំងលក់។ ប្រជាពលរដ្ឋបាននិយាយថា ពួកគាត់ត្រូវបង់ឱ្យសមត្ថកិច្ចជាច្រើនស្ថាប័ន ចាប់ពីចំណុចផ្លូវយុទ្ធសាស្ត្រព្រំដែន ក្នុងភូមិស្រះឈូក ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ក្នុងនោះ មានស្នាក់ការមួយកន្លែង ដែលនៅជាប់ជើងភ្នំដងរែក និងមានរថយន្តម៉ាកកូរ៉ូឡា១គ្រឿង ដែលឈប់ចតរថយន្ត ចាំប្រដេញយានជំនិះប្រជាពលរដ្ឋណា ដឹកទំនិញឡើងភ្នំ និងចុះពីលើភ្នំ មិនបង់លុយឱ្យ។
ប្រជាពលរដ្ឋបានបញ្ជាក់ថា កន្លែងដែលរថយន្តចាំប្រដេញយានជំនិះដឹកទំនិញខាងលើ និងបានប្រើកូនក្មេងម្នាក់ ចាំយកលុយពីប្រជាពលរដ្ឋដឹកទំនិញគ្រប់ប្រភេទ គឺជាស្នាក់ការរបស់នគរបាលសេដ្ឋកិច្ចក្រសួង ហើយបើតាមឱ្យដឹងពីមន្ត្រីនគរបាលម្នាក់បានប្រាប់ស្នាក់ការ កុងត្រូលជជុះខាងលើ គឺជារបស់លោក អ៊ុំ សុខជា មានតួនាទីជានគរបាលសេដ្ឋកិច្ចក្រសួង ប្រចាំការខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ ប្រជាពលរដ្ឋបាននិយាយថា កុងត្រូលជជុះរបស់នគរបាលសេដ្ឋកិច្ចក្រសួង ក្រោមការគ្រប់គ្រង់របស់ អ៊ុំ សុខជា បានបង្កជាព្យុះភ្លៀង តាមប្រមាញ់យ៉ាងស្វិតស្វាញ ចំពោះប្រជាពលរដ្ឋរកស៊ីដឹកទំនិញបន្តិចបន្តួច មិនបង់លុយឱ្យ បើទោះបីជាប្រជាពលរដ្ឋដឹកអនុផលព្រៃឈើក៏ដោយ។
ប្រជាពលរដ្ឋក៏បានបន្តថា ក្រៅពីប្រដេញយានជំនិះដឹកទំនិញ កុងត្រូលជជុះនគរបាលសេដ្ឋកិច្ចក្រសួង សូម្បីតែប្រជាពលរដ្ឋដឹកឈើតាមម៉ូតូ ក៏កូនចៅរបស់លោក អ៊ុំ សុខជា ប្រដេញមិនឱ្យចន្លោះនោះដែរ។ ហើយក្រៅពីនោះ ការរិះគន់ពីសមត្ថកិច្ចថា លោកលោក អ៊ុំ សុខជា បានដាក់សាច់ញាតិរបស់ខ្លួន ដែលមិនមានតួនាទីអ្វីទាំងអស់ ចាំបើករថយន្តប្រដេញប្រជាពលរដ្ឋ និងបានដាក់កូនក្មេងម្នាក់ ចាំយកលុយពីប្រជាពលរដ្ឋដឹកអីវ៉ាន់។
ភ្នាក់ងារផ្ដល់ព័ត៌មានសុំការបំភ្លឺពាក់ព័ន្ធនឹងការចោទប្រកាន់ ពីសំណាក់ប្រជាពលរដ្ឋ ទៅលោកអនុសេនីយ៍ឯក អ៊ុំ សុជា ដែលជាប៉ូលីសប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ទំនាក់ទំនងតាមទូរស័ព្ទអំពីបញ្ហានេះ តែលោកមិនបានបកស្រាយអ្វីទាំងអស់ នៅពេលអ្នកសារព័ត៌មានយើងសួរ លោកប្រាប់ថា លោកស្តាប់មិនសូវបាន ពុំសូវមានសេវាទូរស័ព្ទ ហើយជាប់រវល់នៅឆ្ងាយ។ ដោយពាក់ព័ន្ធនឹងបញ្ហានេះ យើងមិនអាចទំនាក់ទំនងពីលោកឧត្តមសេនីយ៍ត្រី យិន ពិសិដ្ឋ ជានគរបាលសេដ្ឋកិច្ចប្រឆាំងបទល្មើស សេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យបានទេ៕