ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់អាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ ឱ្យដឹងថា អង្គការសហប្រជាជាតិស្នើឲ្យប្រទេសជាសមាជិកប្រមាណជា២០០ប្រទេស ដែលបានចូលរួមក្នុងកិច្ចប្រជុំ ចូលរួមលុបបំបាត់ មេរោគអេដស៍ និងជំងឺអេដស៍ ក្នុងឆ្នាំ២០៣០។
ឯកឧត្តមទេសរដ្ឋ មន្រី្ត អៀង មូលី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ បានឱ្យដឹងដូច្នេះនៅអាកាសយានអន្តរជាតិភ្នំពេញកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ ខណៈវិលត្រឡប់ពីចូលរួមប្រជុំថ្នាក់ជាន់ខ្ពស់ស្តីពី ការងារប្រយុទ្ធប្រឆាំងនិងជំងឺអេដស៍ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅ នាទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក ធ្វើឡើងតាមសំណើរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលចង់បានឲ្យថ្នាក់ដឹកនាំពិភពលោកជួបជុំគ្នា ។
ឯកឧត្តមបន្តថា តាងនាមឲ្យរាជរដ្ឋាភិបាលកម្ពុជា លោកបានជ្រាបដល់ប្រទេសជាសមាជិកថា កម្ពុជាទោះបីជាមានធនធានតិចតួច ហើយឋិតនៅក្នុងបរិបទនៃការធ្លាក់ចុះនូវជំនួយអន្តរជាតិយ៉ាងណាក៏ដោយ គឺរាជរដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាថា នឹងកំចាត់ឲ្យអស់នូវជំងឺអេដស៍នេះ ក្នុងឆ្នាំ២០២៥ ពោលគឺធ្វើឲ្យបានមុន៥ឆ្នាំ នៃការកំណត់របស់អង្គការសហប្រជាជាតិ ដែលបានកំណត់ក្នុងឆ្នាំ២០៣០ ៕