រឿង​ចាក់ក្រឡេក សម្តេច​តេ​ជោ​ចោទ​សួរថា តើ​អ្នក​ចាក់ក្រឡេក​និង​អ្នក​ភ្ញាក់ នរណា​ខុស ?

02-July-2016 | ដោយ មែន កំសត់


​រាជធានី​ភ្នំពេញ ៖ ប្រតិកម្ម​ខ្លាំងៗ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពីពេល​ថ្មីៗ ដែល​សាធារណមតិ​មើលឃើញថា ជាការ «​បាញ់​» ទៅលើ​លោក កឹម សុខា ដែល​ពេលនេះ​ជា​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​សម្តី​ធ្ងន់ៗ​នោះ ត្រូវបាន​សម្តេច​តេ​ជោ​បកស្រាយ​ក្នុង​សង្កថា កាលពី​ព្រឹក​ថ្ងៃទី​១ កក្កដា ក្នុងឱកាស​ដែល​សម្តេច​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ទិវា​មច្ឆជាតិ​នៅ​អាង ទឹក​អន្លង់​ជ្រៃ ភូមិ​អន្លង់​ជ្រៃ ឃុំ​ប្រាំបី​មុំ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ។​

​សម្តេច​តេ​ជោ​ពន្យល់​ពី​ការ​ថ្លែង​ទៅកាន់​លោក កឹម សុខា ដោយ​មិន​ចំឈ្មោះ​ថា ខ្ញុំ​សូម​ផ្តាំ​លោក ខ្ញុំ​មើល​រ៉​យ​ទ័​រ​ដែល​សម្ភាសន៍​គេ​ថា​លោក ហ៊ុន សែន ភ័យ​អា​អ្នក​នៅ​កន្លែង​អា​៤​ជ្រុង ។ ចេញមក មិនទាន់​ដល់​ម៉ោង​ទេ លោក​ឯង​ថា លោក ហ៊ុន សែន ភ័យខ្លាច​ចាញ់ឆ្នោត តែ​សុំ​ផ្តាំ​ទៅ​លោក​ឯង ជាប់គុក​មិនមាន​ថ្ងៃ​ចេញរួច​ទេ អា​គុក​កុំ​ព្រហើន​ណា៎​! ។​

​សម្តេច​តេ​ជោ​បាន​លើក​ឧទាហរណ៍​ដោយ​យក​លោក​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និង​លោក​ទេសរដ្ឋមន្ត្រី ច័ន្ទ សារុន ។ លោក​ឧបនាយករដ្ឋមន្ត្រី​ទៅ​ចាក់ក្រឡេក​លោក​ទេសរដ្ឋមន្ត្រី រួច​ក៏​ភ្ញាក់​វាសដៃ​មក​បាក់ធ្មេញ​...​។ សម្តេច​សួរថា តើ​អ្នក​ចាក់ក្រឡេក​ខុស ឬក៏​អ្នក​ភ្ញាក់​ជា​អ្នក​ខុស​។ ចម្លើយ អ្នក​ចាក់ក្រឡេក​ជា​អ្នក​ខុស (​កត់ត្រា​មួយ​) ។​

​សម្ដេច​លើក​ឧទាហរណ៍​មួយ​ទៀតៈ មនុស្ស​ពីរ​នាក់​កំពុងតែ​ដើរ​ស្ងៀមស្ងាត់ ម្នាក់​ឃើញ​ម្នាក់​ដើរ​ហើយ​បាន​ថ្លែងថា ឯង​ជិត​ងាប់​ហើយ​។ ម្នាក់ទៀត​ដែល​ដើរ​ជាមួយ​ឆ្លើយ​មកវិញ ស្អី​អា​គុក​! សូម​សួរថា តើ​អ្នក​ស្រែកថា​ឯង​ជិត​ងាប់​ហើយ និង​អ្នក​ដែល​តប​មកវិញ​អ្នកណា​ជា​អ្នក​ខុស​? គឺ​អ្នក​ញោះ​គេ​ថា​ជិត​ងាប់​ជា​អ្នក​ខុស ។ កត់ត្រា​មួយទៀត ។ ដូច្នេះហើយ​ក្នុងករណីនេះ​កុំ​តែ​បង្កហេតុ តើ​អ្នក​នោះគេ​តវ៉ា​ឬអី ? នេះ​សច្ចធម៌ ព្រោះ​រឿងនេះ​មាន​កើតឡើង សុខៗ​ញោះ​ចាក់ក្រឡេក​គេ​ដល់​គេ​ភ្ញាក់​វាសដៃ​ដល់​បាក់ធ្មេញ ។ ដល់​បាក់ធ្មេញ​ដួល​ម្នាក់​នឹង​ទៅ​ដួល​ប៉ុន្មាន​នាក់​ទៀត​នៅ​ព្រៃ​ស ។ នេះហើយ​សុខៗ​ទៅ​បង្កហេតុ​ដល់​គេ​ភ្ញាក់​មួយ​កម្លាំង​កែង​ទៅ ខ្លះ​កែង​ធំ ខ្លះ​កែង​តូច ។​

​សម្តេច​បាន​លើក​ជា​សំណួរ​ថា មាន​បុរស​ម្នា​ក់មាន​ប្រពន្ធ​ត្រឹមត្រូវ ដល់​គេ​ចោទថា ប្រពន្ធ​គាត់​ជា​ស្រីពេស្យា​ស្រីខូច ហើយ​គាត់​តបត​ត្រឡប់​ទៅវិញ តើ​អ្នកណា​ខុស ? ចម្លើយ​អ្នកចោទ​ខុស ។ សូម​កត់ត្រា​ទៀត ។ ព្រោះ​ករណីនេះ​មាននៅ​ស្រុក​ខ្មែរ ។ ពាក្យ​បូញ​មាត់​បត់​ដុំដៃ​នេះ កើតមាន​ហើយ អ្នកនេះ​ក្លែងក្លាយ អ្នកនេះ​អ៊ីចេះ អ្នកនោះ​អ៊ីចុះ មិន​ធ្វើ​ខ្លួនឯង​ទេ​ឱ្យគេ​ធ្វើ ដល់​ទៅ​ទាំងអស់​ទៅ វា​ដូច្នេះ​អ៊ីចឹង ។ មាន​គតិ​លោក​ផង មានរឿង​ជាក់ស្តែង​ផង ។ ចុះ​ព្រះសង្ឃ​មិន​ធ្វើ​ខ្លួនឯង ប្រើ​កូនសិស្ស តើ​មាន​បាប​ឬ​អត់ ? សំឡេង​អ្នក​ចូលរួមបាន​ឆ្លើយ​ព្រមៗ​គ្នា​ថា «​បាប​» ។ ចុះ​តា​និង​ដូនជី​ប្រើ​ចៅ​ឱ្យ​ទៅយក​សជី​ដើម្បីឱ្យ​ចៅ​ទៅ​កាច់ក​ត្រី បាប​ឬ​អត់ ? ចម្លើយ​ជារួម​ឆ្លើយថា​បាប ៕

ចំនួនអ្នកទស្សនា

    20698607

  • ថ្ងៃនេះ3211
  • ម្សិលមិញ4501
  • សប្តាហ៍នេះ3211
  • ខែនេះ12911
  • ឆ្នាំនេះ256151
  • សរុប20698607