ថៅកែ​ហាង​អ៊ុតសក់ «​អា​ហួយ​» ច្រាន ចោលការ​ចោទប្រកាន់ រឿង​នាំ​ស្រីក្មេង​ឲ្យ​តា​តា​, រឿងហេតុ​ផ្តើមចេញពី​មន្ត្រី​ផ្កាយ​៣ បង្ខូចឈ្មោះ​នាង​

02-July-2016 | ដោយ មែន កំសត់




​ភ្នំពេញ​៖ ស្ត្រី​ម្ចាស់​ហាង​អ៊ុតសក់ ផាត់មុខ និង​ធ្វើ​ក្រចក យីហោ «​អា​ហួយ​» ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ផ្សារ​ក្រមួន ជិត​សារមន្ទីរ​ទួលស្លែង តាម​បណ្ដោយ​ផ្លូវ​លេខ​១១៣ សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន នៅ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៦​នេះ បានចេញ​មុខមក​អះអាង​ពី​ការពិត និង​ច្រានចោល​ការចោទប្រកាន់​ទាំងឡាយ ដែល​ចោទ​នាង​ជា​អ្នក​នាំ​ស្រីក្មេង​ឲ្យ​តា​តា ដែល​គេ​ហៅថា ម៉ែ​យ៉ែម​នោះ​។​
​ដោយ​ការ​អត់ទ្រាំ​មិនបាន ចំពោះ​ការផ្សាយ​ព័ត៌មាន​តាម​បណ្តាញ​សង្គម Facebook ពី​ម្នាក់​ទៅ​ម្នាក់​ជា​ហូរហែ​ស្ទើរ​ជា​រៀងរាល់ថ្ងៃ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​នាង​យ៉ាងខ្លាំង​នោះ ស្ត្រី​ថៅកែ​ហាង​ស្រស់​សោភា​វ័យ​២៨​ឆ្នាំ​រូបនេះ បាន​ចេញមក​លាតត្រដាង​ការពិត​មួយចំនួន ដែល​នាំ​ឲ្យ​មានការ​លើកឡើង​នូវ​ព័ត៌មាន មិន​ពិត​បែបនេះ​។​

​អា​ហួយ នៅថ្ងៃនេះ បានធ្វើ​ដំណើរ​មកកាន់​អង្គភាព​ព័ត៌មាន ដោយ​បញ្ចេញ​នូវ​ហេតុផល​ពិតប្រាកដ​នោះ​ថា តាមពិត​រូបនាង​គ្មាន​ប្រព្រឹត្ត​សកម្មភាព ដែល​សង្គម​មិន​ទទួលស្គាល់​បែបនេះ​ឡើយ គឺ​បើកហាង​រកស៊ី​ធម្មតា​ប៉ុណ្ណោះ ប៉ុន្តែ​មកពី​មន្ត្រីនគរបាល​ពាក់​ផ្កាយ​៣​ម្នាក់ នៅ​ក្រសួងមហាផ្ទៃ តាម​ស្រឡាញ់​នាង​មិនបាន និង​ម្យ៉ាងទៀត ជឿ​តាម​ការ​ញុះញង់​របស់​ស្ត្រី​ម្នាក់​នោះ ក៏​ចាប់ផ្តើម​ប្រឌិត​រឿង​មិនមាន​ការពិត​បែបនេះ​ទៅវិញ​។ អា​ហួយ បាន​បន្តទៀតថា ស្ត្រី​ម្នាក់​នោះ​ជា​អ្នក​ធ្លាប់ធ្វើ​ក្រចក នៅ​ហាង​របស់​នាង តែ​ក្រោយមក​បាន​ឈប់​ពី​ហាង និង​មាន​ជម្លោះ​មើលមុខ​គ្នា​មិន​ត្រង់​ផង​នោះ ក៏​ស្រាប់តែ​ទូរស័ព្ទ​ទៅកាន់​មន្ត្រីនគរបាល​ផ្កាយ​៣ នៅ​ក្រសួងមហាផ្ទៃ ដែល​តាម​ស្រឡាញ់​នាង (​ប្រុង​យក​ចិញ្ចឹម​តែ​នាង​មិន​ព្រម គឺ​ឲ្យ​ចូល​ស្តីដណ្តឹង​តាម​ប្រពៃណី​) ដោយ​ប្រឌិត​ថា នាង (​នាង​អា​ហួយ​) បាន​ដណ្តើម​ប្តី​របស់គាត់​។ ការ​នេះហើយ ដែល​ធ្វើ​ឲ្យ​មន្ត្រីនគរបាល​ជាន់ខ្ពស់​រូបនោះ ខឹងច្រឡោត និង​ណាមួយ​តាម​ស្រឡាញ់​មិនបាន​នោះ ក៏​បំប៉ោង​ព័ត៌មាន បំ​ភ្លើ​ស និង​គ្មាន​ការពិត​នេះ​តែម្តងទៅ ដោយ​ចោទ​នាង​ថា ដើរ​លួងលោម​ក្មេងស្រី​យកទៅ​ឲ្យ​តា​តា រហូត​មាន​ព័ត៌មាន​ខ្លះ​ថា ក្មេងស្រី​ម្នាក់​គិតថ្លៃ​ពី​១៥០០​ដុល្លារ ទៅ​២០០០​ដុល្លារ​ទៀតផង​។ ប៉ុន្តែ​ក្រោយពី​មានការ​សម្របសម្រួល​គ្នា និង​ធ្វើ​កិច្ចសន្យា​គ្នា​នៅ​ក្រសួងមហាផ្ទៃ រវាង​នាង និង​មន្ត្រីនគរបាល​ជាន់ខ្ពស់​រូបនេះ រឿង​ចោទប្រកាន់​ផ្តេសផ្តាស់ ក៏ត្រូវ​បានបញ្ចប់​ហើយ​នាង និង​នគរបាល​ផ្កាយ​៣​ខាងលើ ក៏​ឈប់​ទាក់ទង​គ្នា​ដែរ​។​

​បើទោះបីជា​រឿងរ៉ាវ​ត្រូវបាន​បញ្ចប់ តែ​តាម​បណ្តាញ​ព័ត៌មាន​សង្គម Facebook និង​គេហទំព័រ​មួយចំនួន នៅតែ​បន្ត​ចែកចាយ​ព័ត៌មាន​មិនមាន​ការពិត​មួយ​នេះ រហូតដល់​សព្វថ្ងៃ ទើប​បង្ខំ​ឲ្យ​នាង​ចេញ​មុខមក​ធ្វើការ​បំភ្លឺ និង​បង្ហាញ​ពី​មូលហេតុ​ពិតប្រាកដ​តែម្តង​។​

សូមបញ្ជាក់ថា ថៅ​ហែ​ហាង​ស្រី​ស្រស់ស្អាត​ម្នាក់នេះ ត្រូវ​ស្ត្រី​វ័យ​ជាង​៣០​ឆ្នាំ​ម្នាក់ ដាក់ពាក្យ​បណ្ដឹង​ទៅ​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ ពីបទ​គំរាមកំហែង​អាយុជីវិត ខណៈ​រូបនាង និង​កូនជាង​ម្នាក់ទៀត បានដឹង​ពី​រឿង​រកស៊ី​ជួញដូរ​ផ្លូវភេទ តាមរយៈ​ដើរទា​ក់​ស្រី​ក្នេ​ងៗ ទុក​ឲ្យ​តាៗ ដែល​គេ​ហៅថា​អ្នកមាន​លុយ និង​មានអំណាច​យកទៅ​រួមភេទ​។​

​តាមរយៈ​អង្គភាព​ព័ត៌មាន នាង​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ ជាពិសេស​អ្នក​ដែល​លេង Facebook ទាំងអស់​មេត្តា​កុំ​ឲ្យ​មានការ​ភ័​ស្ត​ច្រឡំ​តទៅទៀត ហើយ​បើ​នាង​រកស៊ី​បទល្មើស​មួយ​នេះ​មែន​នោះ រហូតមកដល់​ថ្ងៃនេះ​ហាង​របស់​នាង ត្រូវ​បិទ​ចោល ហើយ​នាង​ប្រហែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ទៀតផង ប៉ុន្តែ​មាន​ឯណា​មួយថ្ងៃៗ នៅតែ​ក្នុង​ហាង រាល់ថ្ងៃ និង​មិនដែល​ទៅណា​នោះទេ​។ ជាមួយគ្នានេះ ប្អូនស្រី​ជីដូនមួយ​ឈ្មោះ អា​និក ដែល​ត្រូវ​ស្ត្រី​វ័យ​ជាង​៣០​ឆ្នាំ​ចោទថា ត្រូវ​រូបនាង​លួងលោម​នាំ​ឲ្យ​តា​តា​នោះ ក៏​មិនបាន​ទៅណា​ដែរ គឺ​រស់នៅ និង​ធ្វើការ​ជាមួយ​នាង​រហូតមកដល់​សព្វថ្ងៃ​៕

ចំនួនអ្នកទស្សនា

    20698617

  • ថ្ងៃនេះ3221
  • ម្សិលមិញ4501
  • សប្តាហ៍នេះ3221
  • ខែនេះ12921
  • ឆ្នាំនេះ256161
  • សរុប20698617