មន្ត្រីនគរបាល​ស័ក្តិ​៤​កន្លះ បដិសេធ​ការបំពាន​ផ្លូវ​សាធារណៈ នៅ​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ

03-July-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ ក្រោយពី​មានការ​ផ្សព្វផ្សាយ​ព័ត៌មាន  ក្រោម​ចំណងជើង​ថា «​មន្ត្រីនគរបាល​ស័ក្តិ​៤​កន្លះ ម្នាក់​ប៉ង​ធ្វើ​របង​រំលោភ​យក​ដី​ផ្លូវ ត្រូវ​អាជ្ញាធរ​ធ្វើការ​ទប់ស្កាត់​» រួចមក នៅ​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៦​នេះ មន្ត្រីនគរបាល​ស័ក្តិ​៤​កន្លះ​រូបនេះ បានចេញ​មុខមក​បដិសេធ រាល់​ការចោទប្រកាន់​ទាំងអស់នេះ​។​
​ការចេញមុខ​មក​បដិសេធ​នាពេលនេះ ធ្វើឡើង​បន្ទាប់ពី អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ កាលពី​រសៀល​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៦ កន្លងទៅ បាន​ចុះ​ផ្អាក​សកម្មភាព​ក្រុម​ជាងសំណង់ ដែល​កំពុង​ជីករណ្ដៅ​ដាំ​បង្គោលរបង​ព្រំដី​លើដី​សាធារណៈ ស្ថិតនៅ​ជាប់​របង​ខាងកើត​វត្ត​គល់​ទទឹង សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ​។​

​ពាក់ព័ន្ធ​ករណីនេះ លោក ជុំ ភិ​រុណ ជា​មន្ត្រីនគរបាល​មាន​ឋានន្តរសក្ដិ​វរសេនីយ៍ទោ បម្រើ​ការងារ​នៅ​នាយកដ្ឋានអង្គរក្ស ក្រសួងមហាផ្ទៃ បានបញ្ជាក់​នៅ​ថ្ងៃទី​០២ ខែកក្កដា​នេះ​ថា លោក​ពុំបាន​រំលោភបំពាន​ដី​សាធារណៈ​ដូច​ការផ្សព្វផ្សាយ​នោះទេ​។​

​លោក ជុំ ភិ​រុណ បញ្ជាក់ថា លោក​ពុំបាន​នៅ​ពី​ក្រោយខ្នង ឬ​ពាក់ព័ន្ធ​ការរំលោភបំពាន​ដី​សាធារណៈ​នេះ​ទេ​។ លោក ជុំ ភិ​រុណ បាន​លើក​ជា​សំអាង​ហេតុថា លោក​ពុំមែន​ជា​ម្ចាស់​ដី​ដែល​អាជ្ញាធរ ចុះ​ទប់ស្កាត់​នោះទេ ពោលគឺ លោក​មានមុខរ​បរប​ន្ថែ​ម​មួយទៀត គឺ​ជីកដី​លក់​ឲ្យ​អតិថិជន ។ ដូច្នេះ​អតិថិជន​តម្រូវ​ឲ្យ​ចាក់ដី នៅ​ទីតាំង​ណា លោក​នឹង​ចាក់​នៅ​ទីតាំង​នោះ ហើយ​រឿង​រំលោភ​ផ្លូវ​សាធារណៈ ឬ មិន រំលោភ​ផ្លូវ​សាធារណៈ វា​ជា​រឿង​របស់​អ្នកដទៃ​។​
​លោក​ស្នើ​ឲ្យ​អាជ្ញាធរ និង ប្រព័ន្ធ​ផ្សព្វផ្សាយ ផ្តល់​ភាព​ស្អាតស្អំ​ដល់​រូបលោក ព្រោះ​លោក​ជា​នគរបាល​តែងតែ​គោរព​ច្បាប់​ជានិច្ច ពុំ​ហ៊ាន​បំពាន​ច្បាប់​ឡើយ​។​

​គួររំលឹកថា លោក​ស្រេង គឹម​ស្រ៊ន ប្រធានការិយាល័យ ធ្លាប់បាន​បញ្ជាក់ថា ពេល​កម្លាំងចម្រុះ​ចុះមក​ដល់​គឺ​បានឃើញ​ក្រុមកម្មករ​សំណង់ កំពុង​ធ្វើ​សកម្មភាព​ជីករណ្តៅ លើផ្លូវ​សាធារណៈ ដែល​ផ្លូវ​នេះ​មាន​ទទឹង​១៥​ម៉ែត្រ ហើយ​ប្រជាពលរដ្ឋ កំពុងធ្វើដំណើរ​ដឹកជញ្ជូន​កសិផល ចេញពី​ចម្ការ ដើម្បី​យកទៅលក់​នៅ​ទីផ្សារ ជា​រៀងរាល់ថ្ងៃ​។​

​លោក ស្រេង គឹម​ស្រ៊ន បាន​បន្តទៀតថា ផ្លូវ​នេះ​ត្រូវបាន​លោក​អភិបាលខណ្ឌ ទទួលស្គាល់ថា​ជា​ផ្លូវ​មាន​សារសំខាន់​បំផុត សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ ធ្វើដំណើរ​បាន​ងាយស្រួល ព្រោះ​មាន​ទទឹង​ដល់​ទៅ​១៥​ម៉ែត្រ ហើយ​បច្ចុប្បន្ន​ប្រជាពលរដ្ឋ កំពុង​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ខណ្ឌ ដាក់​បង្គោល​ភ្លើង​បំភ្លឺ ផ្លូវ​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ បានធ្វើ​ដំណើរ​មាន​សុវត្ថិភាព​នៅពេល​យប់​។​

​ក្នុង​ប្រតិបត្តិ​ការណ៍​ចុះ​ទប់ស្កាត់ សកម្មភាព​ជីក​រំលោភ​យក​ផ្លូវ​សាធារណៈ​នេះ ក្រុមចម្រុះ​បាន​ដកហូត​ចបកាប់​ចំនួន​៥ និង​ប៉ែល​ចំនួន​១ យកមក​រក្សាទុក​នៅ​សាលាខណ្ឌ ដើម្បី​បញ្ឈប់​សកម្មភាព​ល្មើសច្បាប់ បន្តទៀត​៕

ចំនួនអ្នកទស្សនា

    20698227

  • ថ្ងៃនេះ2831
  • ម្សិលមិញ4501
  • សប្តាហ៍នេះ2831
  • ខែនេះ12531
  • ឆ្នាំនេះ255771
  • សរុប20698227