ខេត្តសៀមរាប៖អ្នករកស៊ីដឹកភ្ញៀវ បាននិយាយតៗ គ្នាថា មានឧកញ៉ាមួយរូបដែលទើបល្បី ឈ្មោះនារដូវកាលថ្មីនេះ បានអង្គុយ កើបលុយយ៉ាងត្រជាក់ចិត្ត តាមរយៈបង្កើត បេនឡានអនាធិបតេយ្យនៅក្រុង ទេសចរណ៍អង្គរ។ ក្រុងទេសចរណ៍សៀមរាប ក្នុង ពេលបច្ចុប្បន្ន គេ សង្កេតឃើញថ្នាក់ដឹកនាំថ្មីបានខិតខំរៀបចំតុបតែងលម្អទាំង ប្រព័ន្ធលូរំដោះទឹក ទាំងផ្លូវថ្នល់ ទាំង សណ្ដាប់ធ្នាប់ ពិសេសបញ្ហាសន្ដិសុខ។ ប៉ុន្ដែ នៅតាមទីប្រជុំជននិងដងផ្លូវជាតិ មួយចំនួនបែជាមានការបង្កភាពរញ៉េរញ៉ៃដោយសាតែការបង្កើតចំណតឡាន តាក់ស៊ីបែបក្រៅច្បាប់របស់លោក ឧកញ៉ាម្នាក់ដែលគេដឹងថាឈ្មោះទូច សៀទៅវិញ ។
ចំណតឡានតាក់ស៊ីក្រៅច្បាប់ នេះធ្លាប់កើតមានពីជំនាន់លោកស៊ូ ភិរិន្ទ នៅជាចៅហ្វាយខេត្ដសៀមរាបមកម្ល៉េះ។ ក្រោយមក ដោយសាតែភាពរញ៉េរញ៉ៃ នេះ បង្កឱ្យមានហានិភ័យផ្សេងៗ ដូចជា ការកកស្ទះចរាចរ គ្រោះថ្នាក់ចរាចរ ពិសេសមានការប្រទាញប្រទង់រហូត គ្រោះថ្នាក់ដល់ភ្ញៀវ ទើបចៅហ្វាយខេត្តថ្មីលោកឃឹមប៊ុនសុងកំណត់ឱ្យមានចំណតឡានតែមួយ។ គឺការ បង្កើតជាចំណតធំនៅក្នុងបុរីសៀងណាំ សម្រាប់ទាំងឡានតូច ឡានធំ ដោយ ប្រគល់ឱ្យលោកឧកញ៉ា ទូចសៀ ជាអ្នក គ្រប់គ្រង។ ក្រោមការគ្រប់គ្រងរបស់ឧកញ៉ា រូបនេះ ភាពរញ៉េរញៃក៏បានស្ងប់ស្ងាត់ មួយរយៈ ។ តែរយៈពេលប៉ុន្មានឆ្នាំនេះ មិនដឹងថាមូលហេតុអី លោកឧកញ៉ា ក៏ ស្រាប់តែបង្កើតឱ្យមានបេនឡានតាក់ស៊ី បែបអនាធិបតេយ្យជាច្រើនកន្លែងថែមទៀតទៅ វិញ ។បើ រាប់ត្រឹមតែផ្លូវជាតិលេខ៦ មួយ ខ្សែ ចាប់ពីស្ពានថ្មព្រះរាជដំណាក់ ទៅដល់មុខផ្លូវចូលទៅបុរីសៀងណាំគេឃើញមាន រហូតដល់ ៨កន្លែងឯណុះ ។
ករណីនេះ អ្នកខ្លះនិយាយថា ទាល់តែបង្កើតឱ្យច្រើនកន្លែងដូចនេះ ទើបលោកឧកញ៉ាងាយស្រួលក្នុងការ ប្រមូលលុយធ្វើមានធ្វើបាន ។ ពីព្រោះក្រៅពីចិញ្ចឹមបក្ខពួកនិង កូនចៅរបស់គាត់ច្រើន បេនឡានអនាធិបតេយ្យរបស់លោកឧកញ៉ាទូចសៀក៏បានជួយចិញ្ចឹមប៉ូលិសផង ប៉េអឹមផងតែមិនដឹងថាបង់ឲ្យចៅហ្វាយក្រុងនិងចៅហ្វាយខេត្តប៉ុន្មាន នោះទេ។ ក្នុងចំណតបេនឡានទាំងនោះ តើមាន កន្លែងណាមួយដែលគ្មានប៉ូលិសនិង ប៉េអឹមឈរត្រួតពិនិត្យ ។ ក្រុមអ្នករត់តាក់ស៊ីបាននិយាយ តៗគ្នាថា ពេលបានម៉ូយពេញឡាន រៀប ចេញ ត្រូវបង់ក្បាលឡាន៧.០០០រៀល សម្រាប់ប្រភេទឡានតូច តែអ្វីដែលឆ្ងល់ ខ្លាំងនោះ គឺបង់ឲ្យជើងកាង ១០.០០០រៀលទៀត។ បើមិនបង់ មិនឱ្យចេញ ។ ពេលសួថា ស្អីទៅកាងនោះ បើខ្ញុំរត់ចាប់ម៉ូយដោយ ខ្លួនឯងសោះ ។ ប៉ូលិសមិនឆ្លើយទេ តែអ្នករត់តាក់ស៊ីដូចគ្នាឆ្លើយថា កាង នោះគឺការពារហ្នឹងឯង ។ ការដែលលោកឧកញ៉ាទូច សៀ បង្កើតបេនឡានក្រៅច្បាប់ ដើម្បីអង្គុយ កើបលុយនេះ មិនដឹងថាអភិបាលនៃ គណៈអភិបាលខេត្ដសៀមរាបបានជ្រាប ឬក៏លោកជាអ្នកបើកដៃឲ្យឬយ៉ាងណានោះទេ ។ តែប្រសិនបើលោក ជ្រាបនិងគ្មានពាក់ពន្ធ័ពីបញ្ហានេះ សង្ឃឹមថាលោកនឹង មានវិធានការជាមិនខាន។