សាលា​បឋម​បា​លិ​លេ​យ្យ​ទឹកភ្លៀង​ជន់​លិច សុំ​ជំនួយ​សម្ដេច​តេ​ជោ​

06-July-2016 | ដោយ មែន កំសត់


​បន្ទាយមានជ័យ ៖ សិស្ស និង​គ្រូ​ប្រមាណ​ជាង​៥០០​នាក់ នៃ​សាលាបឋមសិក្សា បា​លិ​លេ​យ្យ​ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​២ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត​បាន​សម្តែង​ការបារម្ភ​ចំពោះ​បញ្ហា​ប្រឈម​នៅ នឹង​ការបិទទ្វារ​សាលា​មុនពេល​វិស្សមកាល ដោយសារ​ជំនន់​ទឹកភ្លៀង​លិចលង់​មិនអាច​រំដោះ​ទឹក​ចេញ​បាន​។ បន្ទាប់ពី​ភ្លៀង​បន្ត​ធ្លាក់​ស្ទើរ​រាល់ថ្ងៃ​សាលា​ខាងលើ​រង​ផលប៉ះពាល់ ច្រើន​ដូចជា​បញ្ហា​អនាម័យ ក្លិនស្អុយ សិស្ស​គ្មាន​កន្លែង​ចេញលេង ពិសេស​មិនបាន​គោរព​ទង់ជាតិ​ព្រោះ​ទីធ្លា​សាលា​រង​ការ​ជន់​លិច​អស់​ទៅហើយ​។​

​ក្រៅពី​ជំនន់​លិចលង់​សាលា​មួយ​ខ្នង​នោះ​ក៏​ចាស់​ទ្រុឌទ្រោម​ណាស់​ទៅហើយ ដែរ​។ នាយក​សាលាបឋមសិក្សា បា​លិ​លេ​យ្យ អ្នកគ្រូ​សុខ រម​នា ប្រាប់​កោះសន្តិភាព​ថា សាលា​ខាងលើ​សាងសង់​ដោយ​ឈើ​ប្រក់​សង្ក​សី​១​ខ្នង មាន​១០​បន្ទប់ សិស្ស​រៀន​ពី​ថ្នាក់​មេ​តេ្ត​យ្យ​ដល់​ថ្នាក់​ទី​៦ មាន​ចំនួន​៥៤៧​នាក់ ដោយ​សិស្ស​ភាគច្រើន​ជា​កូនអ្នកក្រ​។ នាយក​សាលា​រូបនេះ​បន្តថា សាលា​គាត់​រង​ការ​ជន់​លិច​ធ្វើ​ឲ្យ​សិស្ស​ជួប​ផល​លំបាក​ច្រើន​ដូចជា​កង្វះ អនាម័យ​សាលា មាន​ក្លិនស្អុយ មាន​មូស គ្មាន​កន្លែង​ឲ្យ​សិស្ស​ចេញលេង​សូម្បីតែ​សំរាម​ក្លាយជា​គំនរ រថយន្ត​មិនអាច​ចូល​ដឹក​បាន​។​

​លោកគ្រូ អ្នកគ្រូ​នៅ​ទីនោះ​លើកឡើងថា​មុខ​សាលា​បើ​ចង់​ធ្វើការ​អភិវឌ្ឍន៍​អ្វីមួយ តែងតែមាន​អ្នក​ហាមឃាត់​សូម្បីតែ​ធ្វើ​សួនច្បា​ក៏​មិនបាន​ផង​ហើយ​ថា​ការ ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​នេះ​កើតឡើង​ដោយសារ​ក្នុង​វត្ត មានការ​ចាក់ដី​ធ្វើ​ឲ្យ​បិទ​ប្រព័ន្ធ​បង្ហូរទឹក​អស់​។ លោកគ្រូ​អ្នកគ្រូ​ក៏ដូចជា​នាយក​សាលា​លើកឡើងថា​សាលា​របស់​ពួកគាត់​អាច ប្រឈម​នឹង​ការបិទទ្វារ​នាពេលខាងមុខ​ប្រសិនបើ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​។​

​លោកគ្រូ​អ្នកគ្រូ​បាន​ត្អូញត្អែ​ថា​សាលា​មួយ​ខ្នង​នេះ​ចាស់​ទ្រុឌទ្រោម ទៅហើយ​នៅតែ​ថ្ងៃ​ដួលរលំ​តែប៉ុណ្ណោះ ហើយ​ពួកគាត់​កន្លងមក​ប៉ង​ចង់​ជួប​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ពេល​លោក អញ្ជើញ​ជា​អ​ធិ​តី​ក្នុង​ពិធី​សម្ពោធ​ឲ្យ​ដំណើរការ​ប្រើប្រាស់​ផ្លូវជាតិ លេខ​៥៩A ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥ ពី​ក្រុង​ប៉ោយប៉ែ​តទៅ​ខេត្ត​ប៉ៃលិន​ក្នុង​បំណង​សុំ​សម្តេច​តេ​ជោ​ជួយ សាងសង់​សាលា​មួយ​ខ្នង​នេះ តែ​គ្មាន​ឱកាស​បាន​ជួប ទើប​សាលា​ដែលមាន​វ័យ​ចំណាស់​នេះ​នៅតែ​ជួប​បញ្ហា​ប្រឈម​មកទល់​សព្វថ្ងៃ​៕

ចំនួនអ្នកទស្សនា

    20697037

  • ថ្ងៃនេះ1641
  • ម្សិលមិញ4501
  • សប្តាហ៍នេះ1641
  • ខែនេះ11341
  • ឆ្នាំនេះ254581
  • សរុប20697037