កោះកុង៖ ស្នងការនគរបាលខេត្តកោះកុង លោកឧត្តមសេនីយ៍ត្រី ឃិត សំរៀន នៅរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦នេះ បានយកប្រាក់ចំនួន៣លាន ជូនដល់ម្ចាស់រថយន្តដឹកផ្លែចេកទាំង២នាក់ ប្តី-ប្រពន្ធ ដើម្បីជាការសងថ្លៃខូចខាតចេករបស់ពួកគេ បន្ទាប់ពីសមត្ថកិច្ចរបស់លោក បានរុះរើពីលើរថយន្ត ដើម្បីស្វែងរកឈើក្រញូង តែរកមិនឃើញ។ សម្រាប់ប្តី-ប្រពន្ធទាំង២នាក់ ក៏យល់ព្រមទទួលយកប្រាក់ទាំង៣លានរៀលពី លោកស្នងការផងដែរ ដើម្បីជួសជុលថ្លៃការខូចខាតផ្លៃចេករបស់ខ្លួន។
នៅព្រឹកមិញនេះដែរ កញ្ញា ធី សុវណ្ណថា ប្រធានអង្គការយុវជនកិច្ចការសង្គម បានប្រកាសថា នឹងទិញចេកទាំង២ពាន់ស្និត ពីបុរសកំសត់ម្នាក់ នៅខេត្តកោះកុង ដែលត្រូវបានកម្លាំងសមត្ថកិច្ចចុះរុះរើចេក របស់គាត់ចេញពីរថយន្តស្វែងរកឈើគ្រញូង បណ្តាលឱ្យខូចខាតអស់មួយចំនួន។
កញ្ញា ធី សុវណ្ណថា ដែលសម្បូរវោហារស័ព្ទនៅលើ Facebook រូបនេះ ក៏បានស្នើដល់អាជ្ញាធរខេត្តកោះកុង ធ្វើការដោយប្រុងប្រយ័ត្ន និងត្រូវមានការ ទទួលខុសត្រូវខ្ពស់ ជៀសវាងការអនុវត្តការងារ ដែលធ្វើឱ្យខូចខាតដល់ប្រជាពលរដ្ឋ ឬអ្នករកស៊ីដូចករណីខាងលើនេះ៕