ករណីលោក មាស សុភាព ប្រធានមន្ទីរកសិកម្មខេត្តកោះកុង លួចលក់ដីរដ្ឋរបស់មន្ទីរមានទំហំ៣០៤១ម៉ែត្រការ៉េតម្លៃជាង៣០ម៉ឺន ដុល្លារ ហើយសម្ងំស្ងាត់ឈឹងកំពុងធ្វើឲ្យមន្ត្រីរាជការនិងប្រជាពលរដ្ឋក្នុង ខេត្តកោះកុង ភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ទង្វើមិនប្រក្រតីរបស់លោក មាស សុភាព ត្រូវបានមន្ត្រីក្នុងមន្ទីរកសិកម្មខេត្តកោះកុង ជាច្រើននាក់ដាក់ពាក្យបណ្ដឹងទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ជួយដោះស្រាយតាមនីតិវិធី។ តាមរយៈពាក្យបណ្ដឹងនោះលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានចេញលិខិតបេសកកម្មពីរផ្ទួនៗគ្នាដោយលិខិតទី១ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ចាត់តាំងលោក គឹម សុន អគ្គាធិការនៃអគ្គាធិការដ្ឋានក្រសួងកសិកម្ម និងមន្ត្រី៤នាក់ទៀតចុះទៅស៊ើបអង្កេត។
លិខិតទី២របស់លោករដ្ឋមន្ត្រី វេង សាខុន ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦ ចាត់តាំងឲ្យលោក អុល នទី ប្រធានការិយាល័យទ្រព្យរដ្ឋ នៃនាយកដ្ឋានគណនេយ្យនិងហិរញ្ញវត្ថុ ព្រមទាំងមន្ត្រីក្រោមឱវាទម្នាក់ចុះទៅស្រាវជ្រាវករណីបណ្ដឹងលក់ដី ដែលមានកត់ត្រានៅក្នុងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់មន្ទីរ កសិកម្មខេត្តកោះកុង។ តាមរយៈលិខិតទាំងពីរនោះមន្ត្រីក្រសួងកសិកម្ម បានចុះទៅស្រាវជ្រាវតាមបញ្ជីរបស់រដ្ឋមន្ត្រីជាបន្តបន្ទាប់ ដូច្នេះរឿងអាស្រូវរបស់លោក មាស សុភាព ប្រធានមន្ទីរកសិកម្មខេត្តកោះកុង មិនអាចលាក់បាំងបានទេ។ មានន័យថាករណីលោក មាស សុភាព លក់ដីទំហំ៣០៤១ម៉ែត្រការ៉េ នៅជាប់ផ្លូវជាតិលេខ៤៨ ក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ទៅឲ្យឈ្មោះ ជា លាងហេង ម្ចាស់សង្វៀនបញ្ជល់មាន់និងល្បែងយូគីដ៏ល្បីល្បាញក្នុងអាណាចក្រ ខេត្តកោះកុង ជារឿងមិនអាចបិទបាំងបានឡើយ។
តាមប្រភពពីមន្ត្រីមន្ទីរកសិកម្មខេត្តកោះកុង បានឲ្យដឹងថា ពួកគេបានបំភ្លឺទៅកាន់មន្ត្រីមកពីក្រសួងយ៉ាងច្បាស់លាស់រួចទៅហើយ រឿងលោក មាស សុភាព លក់ដីរដ្ឋរបស់មន្ទីរកសិកម្មស្ងាត់ៗយកលុយទៅធ្វើមានធ្វើបាន ផ្ទាល់ខ្លួនយ៉ាងក្រអឺតក្រទម។ ដូច្នេះសង្ឃឹមថាលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម នឹងចាត់វិធានការតាមច្បាប់ទៅលើលោក មាស សុភាព ក្នុងពេលឆាប់ៗខាងមុខនេះជាមិនខាន ព្រោះឯកសារនិងភស្ដុតាងនានាបានដឹងដល់ថ្នាក់លើរួចជាស្រេច។ មន្ត្រីមន្ទីរកសិកម្មខេត្តកោះកុង បានអំពាវនាវយ៉ាងទទូចឲ្យលោក វេង សាខុន ចាត់វិធានការលើមន្ត្រីខិលខូចពុករលួយមិនត្រូវលើកលែងក្រោមហេតុផល ណាមួយនោះទេ ព្រោះអ្នកប្រព្រឹត្តខុសត្រូវហ៊ានទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន មិនត្រូវគេចវេះនោះទេ៕