ចាំមើល​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល ចាត់វិធានការ​ទៅលើ​លោក កែវ វណ្ណៈ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ​ឬ​អត់​?

06-July-2016 | ដោយ មែន កំសត់

 

នៅក្នុង​ពិធី​ប្រកាស​តែងតាំង​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ កាលពី​ព្រឹក​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៦ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បានធ្វើការ​ព្រមាន​ទៅលើ​មន្ត្រី​សុខាភិបាល​ណា ដែល​ពាក់ព័ន្ធ​ទៅនឹង​អំពើ​សូកប៉ាន់ ក្នុង​ការដាក់​បុគ្គលិក​មន្ត្រី​កិច្ចសន្យា​ឲ្យ​ក្លាយទៅជា​មន្ត្រី​ ក្របខ័ណ្ឌ គឺ​ត្រូវ​ទទួលទោស​តាមច្បាប់​។ លោក ម៉ម ប៊ុនហេង បានចាត់ទុក​អំពើ​សូកប៉ាន់​ពាក់ព័ន្ធ​ទៅនឹង​ការបញ្ចូល​ឈ្មោះ​បុគ្គលិក​ កិច្ចសន្យា​ទៅ​ក្រសួងសុខាភិបាល ដើម្បី​បញ្ចូល​ឈ្មោះ​ពួកគេ​ ទៅជា​បុគ្គលិក​រដ្ឋ​ពេញសិទ្ធិ គឺជា​ទង្វើ​មួយ​ដែល​មិនអាច​អត់ឱន​បាន​។ លោក ម៉ម ប៊ុនហេង បាន​បញ្ជាក់ថា ទាំង​អ្នក​ស៊ីសំណូក និង​អ្នក​សូក​គេ ត្រូវ​ទទួលទោស​ទាំងអស់​គ្នា​នេះ​បើ​យោងទៅតាម​ច្បាប់​ប្រឆាំង​អំពើពុករលួយ​។

ទោះជា​យ៉ាងណា​មជ្ឈដ្ឋាន​មួយចំនួន​បាន​វាយតម្លៃថា ការព្រមាន​របស់លោក ម៉ម ប៊ុនហេង ទៅលើ​មន្ត្រីក្រោមឱវាទ​ក្រសួងសុខាភិបាល គ្រាន់តែ​ជា​រឿង​លេងសើច​ប៉ុណ្ណោះ ព្រោះ​បច្ចុប្បន្ន​អំពើពុករលួយ​ក្នុង​ក្រសួងសុខាភិបាល​នៅតែ​រាលដាល​យ៉ាង​ ពេញបន្ទុក​។ ជាក់ស្ដែង​ថ្មីៗ​នេះ​លោក កែវ វណ្ណៈ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​មន្ត្រីក្រោមឱវាទ បើក​កកាយ​ថា​ទាមទារ​លុយ​៥០០០​ដុល្លារ​ពី​មន្ត្រី​ជាប់កិច្ចសន្យា​ម្នាក់ៗ​ ដើម្បី​ជា​ថ្នូរ​នឹង​ការបញ្ចូល​ឈ្មោះ​ជា​មន្ត្រី​ក្របខ័ណ្ឌ​រដ្ឋ​នៃ​ ក្រសួងសុខាភិបាល​។ ហេតុនេះហើយ​ទើប​មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ រង់ចាំ​មើលថា​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ចាត់វិធានការ​យ៉ាងណា​ទៅលើ​លោក កែវ វណ្ណៈ បន្ទាប់ពី​រឿងអាស្រូវ​របស់​មន្ត្រី​រូបនេះ​ត្រូវបាន​លាតត្រដាង​។

សូមបញ្ជាក់ថា​ថ្មីៗ​នេះ​រឿងអាស្រូវ​ពុករលួយ​របស់លោក កែវ វណ្ណៈ ក្នុងការ​តម្រូវ​ឲ្យ​មន្ត្រី​ជាប់កិច្ចសន្យា​បង់លុយ​ក្នុង​ម្នាក់ៗ​៥០០០​ ដុល្លារ ដើម្បី​ទទួលបាន​ក្រប​ខ័​ណ្ណ​ពេញសិទ្ធិ​នោះ ត្រូវបាន​លាតត្រដាង​ជា​សាធារណៈ​មិនអាច​បិទបាំង​បានឡើយ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​មិនទាន់​ឃើញ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ចាត់វិធានការ​តាមច្បាប់​ទៅលើ​មន្ត្រី​ពុករលួយ​រូបនោះ​ទេ​។ លើស​នេះ​ទៅទៀត​លោក កែវ វណ្ណៈ និង​បក្ខពួក ត្រូវបាន​មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ លើកឡើងថា​ឃុបឃិត​កេងប្រវ័ញ្ច​ថិ​វ​ការ​ដ្ឋ​មិនតិចជាង​១០០០​លាន​រៀល​ទេ បន្ទាប់ពី​មានការ​បង្កើត​មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ​រហូតមក​។ ដូច្នេះ​លោក ម៉ម ប៊ុនហេង ត្រូវ​ចាត់វិធានការ​តាមច្បាប់​ទៅលើ​មន្ត្រី​ពុករលួយ​ដូចជា លោក កែវ វណ្ណៈ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ ដោយ​មិន​គ្រាន់តែ​ធ្វើការ​ព្រមាន​តាមរបៀប​លេងសើច​ឥតប្រយោជន៍​នោះឡើយ​៕

 

ចំនួនអ្នកទស្សនា

    20697587

  • ថ្ងៃនេះ2191
  • ម្សិលមិញ4501
  • សប្តាហ៍នេះ2191
  • ខែនេះ11891
  • ឆ្នាំនេះ255131
  • សរុប20697587