ប្រភពព័ត៌មានពីខេត្តស្ទឹងត្រែងបានរាយការណ៍ឲ្យដឹងថា ស្ថានីយថ្លឹងរថយន្ត នៅតាមផ្លូវជាតិលេខ៩ ស្រុកថាឡាបរិវ៉ាត់ បានផាកពិន័យរថយន្តដឹកលើសទម្ងន់ខុសនីតិវិធីច្បាប់ ហើយចាប់បានតែរថយន្តប្រជាពលរដ្ឋធម្មតាប៉ុណ្ណោះ ខណៈរថយន្តឈ្មួញធំៗ និងមន្ត្រីមានអំណាចបែរជាមន្ត្រីជំនាញមិនហ៊ានប៉ះពាល់នោះទេ ហើយថែមទាំងជួយបិទបាំងទៀតផង។
ជុំវិញការដាក់ជញ្ជីងថ្លឹងឡាន ត្រូវបានប្រជាពលរដ្ឋខេត្តស្ទឹងត្រែងសាទរ និងបង្ហាញអំពី ក្តីសង្ឃឹមថា ផ្លូវថ្នល់ ដែលបានកសាងរួចហើយ មិនជួបបញ្ហាប្រឈម នឹងការដឹកជញ្ជូនលើសទម្ងន់ទៀតឡើយ ។ ប្រភពដដែលបានបញ្ជាក់ថាផ្លូវថ្នល់នៅប្រទេសកម្ពុជាភាគច្រើន រដ្ឋាភិបាលខ្ចីលុយបរទេសមកធ្វើ ហេតុដូច្នេះបើមិនចេះថែរក្សាវាធ្វើឲ្យប្រទេសកម្ពុជានៅតែក្រីក្រ ដដែល។
រថយន្តដឹកលើសទម្ងន់ត្រូវគេដឹងថាភាគច្រើនជារថយន្តដឹកឈើ ដឹកដី និងដឹកទំនិញផ្សេងៗទៀតដែលក្នុងរថយន្តមួយគ្រឿងត្រូវបង់លុយទៅឲ្យ មន្ត្រីជំនាញចំនួនយ៉ាងតិច១០ដុល្លារ។ ការបង់លុយនេះត្រូវបានប្រជាពលរដ្ឋរិះគន់ថាជារូបភាពប្រព្រឹត្ត អំពើពុករលួយ ដូច្នេះរដ្ឋាភិបាលត្រូវមានចាត់វិធានការទប់ស្កាត់ឲ្យមានប្រសិទ្ធភាព ដើម្បីការពារផលប្រយោជន៍រួមរបស់ជាតិ។
ប្រជាពលរដ្ឋស្រុកថាឡាបរិវ៉ាត់ សូមឲ្យសមត្ថកិច្ចជំនាញ បន្តអនុវត្តន៍ច្បាប់ ឲ្យមានតម្លាភាព និង បងប្អូនប្រជាពលរដ្ឋសហការចូលរួមអនុត្តន៍ច្បាប់ទាំងអស់គ្នា។ ប្រភពដដែលបានបញ្ជាក់ថា សព្វថ្ងៃនេះ មានរថយន្តដឹកលើទម្ងន់ជាច្រើនអាចបើកឆ្លងកាត់ផ្លូវជាតិលេខ៩ដដែល ហើយសមត្ថកិច្ចជំនាញបែរជាមិនបានចាត់វិធានការទប់ស្កាត់តាមផ្លូវច្បាប់ នោះទេ គិតតែពីប្រមូលលុយចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួល៕