ប្រភពពីប្រជាពលរដ្ឋរស់នៅតំបន់ច្រកអន្តរជាតិព្រំ ខេត្តប៉ៃលិន បានឲ្យដឹងថាបច្ចុប្បន្នមន្ត្រីកាំកុងត្រូលប្រចាំច្រកនេះ និងច្រករបៀងផ្សេងទៀត នៅតែបើកដៃឲ្យឈ្មួញនាំចូលទំនិញខូចគុណភាព ទំនិញផុតកាលកំណត់ប្រើប្រាស់ និងចំណីអាហារមានផ្ទុកសារធាតុគីមីពីទឹកដីសៀមចូលទឹកដីខ្មែរយ៉ាង ពេញបន្ទុក។ នៅពេលឈ្មួញនាំចូលទំនិញទាំងអស់នោះ គឺមន្ត្រីកាំកុងត្រូលនៅច្រកអន្តរជាតិព្រំ និងតាមច្រករបៀងមិនត្រួតពិនិត្យគុណភាពទំនិញតាមតួនាទីរបស់ខ្លួនទេ ដោយពួកគេគិតតែពីរឿងផលប្រយោជន៍។ បញ្ហានេះលោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម គួរចាត់វិធានការពិនិត្យមើលភាពអសកម្មរបស់មន្ត្រីកាំកុងត្រូលនៅខេត្ត ប៉ៃលិនជាបន្ទាន់ កុំឲ្យពួកគេឃុបឃិតជាមួយឈ្មួញខិលខូចបន្តទៀត។
អ្វីដែលធ្វើឲ្យប្រជាពលរដ្ឋរិះគន់នោះ គឺមន្ត្រីកាំកុងត្រូលប្រចាំច្រកព្រំដែននិងច្រករបៀងជាអ្នកបើកដៃឲ្យ ឈ្មួញខិលខូចនាំចូលទំនិញខូចគុណភាព ទំនិញមានផ្ទុកសារធាតុគីមី និងទំនិញហួសកាលកំណត់ប្រើប្រាស់មកចែកចាយលើទីផ្សារក្នុងខេត្ត ប៉ៃលិន យ៉ាងអនាធិបតេយ្យ។ បន្ទាប់មកមានមន្ត្រីកាំកុងត្រូលមួយចំនួនដែលត្រួតពិនិត្យគុណភាពទំនិញ ជាពិសេសគ្រឿងឧបភោគបរិភោគនៅលើទីផ្សារ ហើយរកឃើញទំនិញខូចគុណភាពជាច្រើន ដើម្បីយកទៅកម្ទេចចោលបង្ហាញស្នាដៃផងដែរ។ ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦ ទំនិញខូចគុណភាពជិត១០០០គីឡូក្រាមត្រូវបានដុតកម្ទេចចោលនៅក្នុងខេត្ត ប៉ៃលិន ដែលបញ្ហានេះបង្ហាញថាឈ្មួញខិលខូចបាននាំទំនិញទាំងនោះមកបំផ្លាញ សុខភាពពលរដ្ឋខ្មែរតាមអំពើចិត្ត។
ទាក់ទងនឹងបញ្ហាខាងលើនេះមន្ត្រីរាជការនិងពលរដ្ឋក្នុងខេត្តប៉ៃលិន បានលើកឡើងថាប្រសិនបើមន្ត្រីកាំកុងត្រូលនៅច្រកអន្តរជាតិព្រំ និងតាមច្រករបៀង ពិនិត្យគុណភាពទំនិញគ្រឿងឧបភោគបរិភោគនៅពេលឈ្មួញនាំចូលនោះ គឺគេមិនបាច់ចំណាយពេលទៅត្រួតពិនិត្យគុណភាពទំនិញតាមទីផ្សារឡើយ។ បញ្ហានេះលោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម គួរពិនិត្យឡើងវិញជាបន្ទាន់ ព្រោះបើគ្មានការឃុបឃិតពីមន្ត្រីកាំកុងត្រូលពុករលួយទេ គឺឈ្មួញមិនអាចនាំទំនិញខូចគុណភាពនិងមានផ្ទុកសារធាតុគីមីពីទឹកដី សៀមចូលខេត្តប៉ៃលិនបានឡើយ។ ក្នុងនោះមន្ត្រីកាំកុងត្រូលច្រកអន្តរជាតិព្រំ ជាអ្នកទទួលខុសត្រូវធំជាងគេក្នុងការបើកដៃឲ្យឈ្មួញនាំចូលគ្រឿងឧបភោគ បរិភោគខូចគុណភាព និងមានផ្ទុកសារធាតុគីមីមកចែកចាយក្នុងខេត្តប៉ៃលិន និងបណ្ដាខេត្តផ្សេងទៀត៕