សៀមរាប ៖ នៅក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ជូនដល់បុគ្គលិក គ្រឹះស្ថានអង្គរ នាល្ងាចថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦នេះ ឯកឧត្តម សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប បានថ្លែងប្រាប់ ទៅកាន់សិក្ខាកាម ចំនួន ១៩៨នាក់ ថា បុគ្គលិកគ្រឹះស្ថានអង្គរ នឹងត្រូវបញ្ចូលជាបុគ្គលិកពេញសិទ្ធិរបស់រដ្ឋ នាពេលខាងមុខនេះ។
ឯកឧត្តម សៀង ណាំ ក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ចជូនបុគ្គលិកគ្រឹះស្ថានអង្គរនៅថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០១៦ថា បុគ្គលិកគ្រឹះស្ថានអង្គរទាំងអស់ដែល ជាអតីតបុគ្គលិករបស់ក្រុមហ៊ុនសុខា-អង្គរ ដែលបំរើការងារ លក់ ប័ណ្ណ និងត្រួតពិនិត្យប័ណ្ណ ចូលទស្សនាអង្គរ តាំងពីឆ្នាំ១៩៩៩ មកនោះ ក្រោយពីបានបញ្ចប់អាណត្តិរបស់ក្រុមសុខា-អង្គរ លើការវិនិយោគគ្រប់គ្រងការលក់ប័ណ្ណចូលទស្សនាអង្គរ ត្រូវបានផ្ទេរចូលមកក្នុងស្ថាប័នគ្រឹះស្ថានអង្គរ ដែលជាគ្រឹះស្ថានរបស់រដ្ឋទើបបង្កើតថ្មី បន្តបំរើការងារលក់ប័ណ្ណចូលទស្សនាអង្គរ ប្រមូលថវិកាជូនរដ្ឋ។
ឯកឧត្តម បញ្ជាក់ថា តាមរយៈនៃវគ្គបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ចនេះ គឺ ទី១ ដើម្បីបង្កើនប្រសិទ្ធិភាព ផ្តល់សេវាបំរើ និងទាក់ទាញកំណើនភ្ញៀវទេសចរអន្តរជាតិ ឲ្យកាន់តែច្រើន និងប្រសើរឡើង ទី២ ដើម្បីអភិវឌ្ឍធនធានមនុស្សក្នុងគ្រឹះស្ថានអង្គរ ផ្លាស់ប្តូរឥរិយាបថ ទម្លាប់ពីការគិតបែបចាស់ហួសសម័យរបស់បុគ្គលិក ឲ្យវិលមករកសេវាបំរើតាមបែបមានស្តង់ដាត្រឹមត្រូវ និង ទី៣ គឺស្ថិតក្នុងបរិបទនៃចលនាប្រឡងប្រណាំងទីក្រុងស្អាត របស់ក្រសួងទេសចរណ៍ ដែលមានពាក្យស្លោកថា រមណីយដ្ឋានស្អាត សេវាល្អ និង បដិសណ្ឋារកិច្ចល្អ។
ឯកឧត្តម សៀង ណាំ បានបង្ហាញបន្ថែមថា កាលពីដើមឆ្នាំ២០១៦ គឺនៅពេលដែលមានការផ្លាស់ប្តូរពីការគ្រប់គ្រងលក់ប័ណ្ណចូលទស្សនាអង្គរ ដោយក្រុមហ៊ុនសុខា-អង្គរ មកក្រោមការ ទទួលខុសត្រូវរបស់គ្រឹះស្ថានថ្មីរបស់រដ្ឋ បុគ្គលិកក្រុមហ៊ុន មានការព្រួយបារម្ភ ចំពោះការផ្លាស់ប្តូរបុគ្គលិកថ្មីចូលជំនួស។ តែដើម្បីឲ្យស្របតាមទស្សនវិស័យនៃនយោបាយ ឈ្នះ ឈ្នះ របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បុគ្គលិកជំនាញគ្រប់ផ្នែករបស់ក្រុមហ៊ុនសុខាអង្គរ ត្រូវបានបន្តការងាររបស់ខ្លួននៅក្នុងក្របខ័ណ្ឌនៃគ្រឹះស្ថានអង្គរ ដែលជាគ្រឹះស្ថានរបស់រដ្ឋ ដែលជាបញ្ជាក់ថា មិនមានការបញ្ចប់កិច្ចសន្យា ហើយរើសអ្នកថ្មីមកជំនួសនោះទេ។ ម្យ៉ាងទៀត ទៅថ្ងៃអនាគត បុគ្គលិកគ្រឹះស្ថាន អង្គរ ដែលខិតខំបំពេញភារកិច្ចបានល្អប្រសើរ នឹងត្រូវបានទទួលនូវការឆ្លើយតប គឺត្រូវបានបញ្ចូលជាបុគ្គលិកពេញសិទ្ធិរបស់រដ្ឋ ៕