ឯកឧត្តម ហ៊ុន ម៉ាណែត៖ Global Witness បង្កើតរឿងដដែលៗ ដើម្បីវាយប្រហារមកលើរាជរដ្ឋាភិបាល

07-July-2016 | ដោយ មែន កំសត់


ភ្នំពេញ៖ ឱ្យតែជិតដល់ពេលបោះឆ្នោត អង្គការ Global Witness តែងតែរៀបចំបង្កើតរឿងប្លែក ឬរឿងដដែលៗ ដើម្បីវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស សម្តេចតេជោ ហ៊ុន សែន។ នេះគឺជាប្រតិកម្មរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្តេចតេជោ ដែលឆ្លើយតបនឹងរបាយការណ៍ Global Witness ដែលផ្សព្វផ្សាយនៅទំព័រមុខរបស់កាសែតភ្នំពេញប៉ុស្តិ៍ និងខេមបូឌា ដេលី នៅថ្ងៃនេះ។

នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦នេះ កាសែតបរទេសដូចជា ភ្នំពេញប៉ុស្តិ៍ និង ខេមបូឌាដេលី រួមទាំងវិទ្យុគាំទ្រគណបក្សប្រឆាំង បានចុះផ្សាយព្រមគ្នានូវរបាយការណ៍អង្គការ Global Witness មួយដែលមានចំណងជើងថា «ការក្ដោបយកវិនិយោគនៅកម្ពុជា»។ របាយការណ៍នេះ ហាក់ចោទប្រកាន់ធ្ងន់ធ្ងរ ទៅលើគ្រួសារសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាថា មានក្រុមហ៊ុនធំៗនៅកម្ពុជាច្រើនជាង១០០ ហើយក្តោបក្តាប់សេដ្ឋកិច្ចកម្ពុជាទាំងមូល។

សម្រាប់ ឯកឧត្តម ហ៊ុន ម៉ាណែត ដែលត្រូវបានរងនូវការវាយប្រហារដោយរបាយការណ៍នេះ លោកមិនបានចាត់ទុករបាយការណ៍បែបវាយប្រហារនេះ ជារឿងថ្មីនោះទេ។ មិនមែនជារឿងថ្មី ក៏ដោយសារតែកន្លងមក នៅពេលមុនការរៀបចំការបោះឆ្នោតម្តងៗ អង្គការនេះ ក៏ដូចជាក្រុមសម្ព័ន្ធមិត្ត តែងបានចេញរបាយការណ៍ផ្សេងៗ ដោយរុកគួនទៅលើ គ្រួសាររបស់លោក រហូតក្លាយជាប្រធានបទ សម្រាប់អ្នកដែលមាននិន្នាការប្រឆាំងទៅហើយ។

នៅលើបណ្តាញសង្គម Facebook នៅរសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦នេះ លោក ហ៊ុន ម៉ាណែត បានសរសេរថា «ខ្ញុំនៅចាំបានថា ប៉ុន្មានអាណត្តិហើយ ឱ្យតែពេលជិតបោះឆ្នោត គឺជាពេលវេលាដែលអង្គការមួយឈ្មោះ Global Witness បង្កើតរឿងប្លែកៗ ឬប្រធានបទដដែលៗ ដើម្បីចោទប្រកាន់និងវាយប្រហារមកលើរាជរដ្ឋាភិបាលជាពិសេសលើឪពុកខ្ញុំតែម្តង។ ហើយលើកនេះក៏មិនមានអ្វីថ្មីដែរ...គ្រាន់តែខុសត្រង់ថា តាមរយៈការផ្សាយរអត្ថបទតែមួយជួនគ្នា (បង្ហាញពីការសហការគ្នាដ៏ល្អក្នុងរឿងនេះ) រវាង Phnom Penh Post និង Cambodia Daily លើកនេះគឺមិនត្រឹមវ៉ៃតែឪពុករបស់ខ្ញុំនោះទេ គឺគេបានបង្កើតរឿងវ៉ៃទាំងគ្រួសារតែម្តង ពោលគឺមិនឱ្យរួចខ្លួនម្នាក់ណាឡើយ។ ចាំមើលចេញរឿងអ្វីទៀត

ដូចគ្នានេះដែរ បងប្អូនបង្កើតរបស់ លោក ហ៊ុន ម៉ាណែត គឺលោកស្រី ហ៊ុន ម៉ាណា និងលោក ហ៊ុន ម៉ានិត ក៏បានសម្តែងការប្រតិកម្ម ទៅនឹងការចុះផ្សាយរបស់អង្គការ Global Witness ចំពេលដែលស្ថានភាពបក្សប្រឆាំងនៅកម្ពុជាកំពុងវឹកវនេះដែរ។ ពួកគេសុទ្ធតែចាត់ទុកថាជារបាយការណ៍ភូតកុហកមួយ ដើម្បីវាយប្រហារលើរាជរដ្ឋាភិបាលកម្ពុជា និងគ្រួសារសម្តេចតេជោ ហ៊ុន សែន ប៉ុណ្ណោះ៕

 

ចំនួនអ្នកទស្សនា

    20696417

  • ថ្ងៃនេះ1021
  • ម្សិលមិញ4501
  • សប្តាហ៍នេះ1021
  • ខែនេះ10721
  • ឆ្នាំនេះ253961
  • សរុប20696417