គ​.​ជ​.​ប ថា​មិនមាន​ច្បាប់ សម្រាប់​រៀបចំ​ចុះ​ឈ្មោះ និង​ឱ្យ​ពលករ​ខ្មែរ​បោះឆ្នោត​នៅ​បរទេស​ទេ​

07-July-2016 | ដោយ មែន កំសត់

 

​ភ្នំពេញ​ ៖ ក្រោយពី​មាន​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ទៅ​គ​.​ជ​.​ប​ឱ្យជួយ​រៀបចំ​ចុះ​ឈ្មោះ​បោះឆ្នោត​ពលរដ្ឋ​ខ្មែរ​​រស់​នៅ​ ក្រៅប្រទេស អ្នកនាំពាក្យ​គ​.​ជ​.​ប​បានបញ្ជាក់​ភ្លាម​ថា មិន​អាច​ទៅរួច​ទេ​ព្រោះ​គ្មាន​ច្បាប់​ចែង​។​

​ជា​ការឆ្លើយតប​ទៅនឹង​ សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ហង្ស ពុទ្ធា​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​​ឆ្នោត បាន​បញ្ជាក់​ប្រាប់​វិទ្យុ​ក្នុងស្រុក​មួយ​ថា អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ស្នើសុំ​គឺ​ខាង​គ​.​ជ​.​ប​មិនមាន​សិទ្ធិ​ក្នុង​ការរៀបចំ​នោះ​ទេ ព្រោះថា​ច្បាប់​មិន​បាន​បើក​ឲ្យ​រៀបចំ​ការិយាល័​យ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ ក្រៅប្រទេស បើគ​.​ជ​.​ប​អនុវត្ត​នោះ គឺ​គ​.​ជ​.​ប​ធ្វើ​ខុស​​នឹង​ច្បាប់​ហើយ​។

​លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា “​ទីមួយ ខ្ញុំ​សុំ​បញ្ជាក់ថា បើ​មាន​ច្បាប់ ដែល​ចង់​ចង្អុលបង្ហាញ​ថា​ត្រូវតែ​រៀបចំ​ការរិយាល័យ​ចុះ​ឈ្មោះ​ការបោះឆ្នោត​ នៅ​ក្រៅប្រទេស​បាន​នោះ គ​.​ជ​.​ប នឹង​អនុវត្ត​ហើយ ប៉ុន្ដែ​អ្វី​ដែល​គួរឲ្យ​កត់សម្គាល់​នោះ គឺ​ថា​ច្បាប់​អត់​​បាន​បើក ឱ្យ​រៀបចំ​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ក្រៅ​ប្រទេស​ទេ​។ ចឹង​បើ​ចង់​ឱ្យ​ច្បាប់ចែង​ក៏​ទាល់តែ​ធ្វើ​វិសោធនកម្ម​”​។
     ​
​ សូមបញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ​បាន​ស្នើ​ទៅ​កាន់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ ឆ្នោត​(​គ​.​ជ​.​ប​)​សុំ​ឱ្យ​រៀបចំ​ការិយា​ល័យ​ចុះឈ្មោះ​បោះឆ្នោត និង​ការិយាល័យ​បោះឆ្នោត​ជូន​ដល់​ពលរដ្ឋ​ខ្មែរ ដែល​កំពុង​បំពេញ​ការងារ​និង​កំពុង​រស់​នៅ​ក្រៅប្រ​​ទេស​។
​    ​
​ លិខិត​ស្នើ​សុំ​របស់​ក្រុមតំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ ផ្ញើជូន​លោក ស៊ិក ប៊ុន​ហុក​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​​បោះឆ្នោត​(​គ​.​ជ​.​ប​) ធ្វើ​នៅ​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៦​។
​    ​
​នៅក្នុង​លិខិត​ ដាក់ជូនទៅ គ​.​ជ​.​ប នោះ គណបក្ស​សង្គ្រោះ​ជាតិ បានបញ្ជាក់​ថា ការស្នើសុំ​នេះ​ធ្វើឡើង​បន្ទាប់​ពី​មានការ​សំណូម​​ពរ​របស់​ពលករ​ខ្មែរ និង​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុង​រស់នៅ​បរទេស ហើយក៏​ជា​កាតព្វកិច្ច​របស់​រាជ​រដ្ឋាភិបាល​និង​គណៈ​កម្មា​​ធិ​ការ​ជាតិ​ រៀបចំ​ការបោះ​ឆ្នោត ដែល​ត្រូវ​រៀបចំ ដើម្បី​ធានា​សិទ្ធិ​បោះឆ្នោត​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ ក៏​ដូច​ជា​ការ​គាំពារ​ប្រជា​ពល​​រដ្ឋ​ខ្មែរ កំពុង​រស់នៅ​ឯ​បរទេស ដូច​មានចែង​ក្នុង​មាត្រា​៣៣ និង​មាត្រា​៣៤​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​។
 
​ ក្រៅពីនេះ គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​ស្នើសុំ​គ​.​ជ​.​ប​ឱ្យ​ប្រជាពលរដ្ឋ​ដែល​មាន​ដូច​ជា​មន្ដ្រី​បុគ្គលិក ​ស្ថានទូត​ខ្មែរ​ផង​នោះ​អាច​​បាន​ចុះឈ្មោះ បោះឆ្នោត ហើយ​យ៉ាងហោច​ឱ្យបាន​នៅ​តាម​ស្ថានទូត និង​ស្ថាន​កុងស៊ុល​ខ្មែរ ប្រចាំ​ប្រទេស​នី​មួយៗ​៕

 

ចំនួនអ្នកទស្សនា

    20696557

  • ថ្ងៃនេះ1161
  • ម្សិលមិញ4501
  • សប្តាហ៍នេះ1161
  • ខែនេះ10861
  • ឆ្នាំនេះ254101
  • សរុប20696557