ក្លឹប​អ្នកកាសែត​កម្ពុជា ថ្កោលទោស​ចំពោះ​ការគំរាមកំហែង ទៅលើ​ភ្នាក់ងារ​ព័ត៌មាន ANN នៅ​ខេត្តមណ្ឌលគិរី

08-July-2016 | ដោយ មែន កំសត់

 
​ភ្នំពេញ​៖ ក្លឹប​អ្នកកាសែត​កម្ពុជា ដែល​ហៅ​កាត់​ថា ក​.​អ​.​ក ការធ្វើការ​ថ្កោលទោស ចំពោះ​ការគំរាមកំហែង ទៅលើ​លោក ឌឹ​ម សឿន ភ្នាក់ងារ​ព័ត៌មាន​របស់​ស្ថានីយ៍ទូរទស្សន៍​អប្ប​រា ANN ប្រចាំខេត្ត​មណ្ឌលគិរី បន្ទាប់ពី​លោក បាន​ចុះ​យក​ព័ត៌មាន និង​ផ្ដិត​យក​រូបភាព នៃ​សកម្មភាព​ដឹកជញ្ជូន​ឈើ ស្ដុក​ឈើប្រណិត ខុសច្បាប់​របស់លោក សួស បូរ៉ា ជា​មន្ដ្រីនគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា​។​

​បើ​យោងតាម​សេចក្ដីថ្លែងការណ៍​របស់ ក​.​អ​.​ក ដែល​ចេញ​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០១៦​នេះ បញ្ជាក់ថា លោក ឌឹ​ម សឿន អំឡុងពេល​យក​ព័ត៌មាន និង​ផ្ដិត​យក​រូបភាព​នោះ លោក សួស បូរ៉ា រួមទាំង​បក្សពួក បានមក​ចាប់​ក្រ​បូ​ចក​អាវ និង​គំរាម​ប្រមាថ​អាយុជីវិត ប្រសិនបើ​ហ៊ាន​ចុះផ្សាយ​ព័ត៌មាន​ខាងលើនេះ ហើយ​ថែមទាំង​ឆក់យក​ទូរស័ព្ទ​របស់លោក ហើយ​លុប​រូប​ទាំងអស់​ទៀត​។​

​ក្នុង​លិខិត​ដដែល​បន្ដថា ក​.​អ​.​ក ចាត់ទុក​សកម្មភាព​ខាងលើនេះ ថា​ជាការ​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​សេរីភាព និង​សុវត្ថិភាព​របស់​អ្នកយកព័ត៌មាន ដែល​បាន​បំពេញការងារ​តាម​វិជ្ជាជីវៈ ដែល​ការពារ​ដោយ​ច្បាប់​នៃ​កម្ពុជា ហើយ​សូម​អំពាវនាវ ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​ស្រាវជ្រាវ​រក​ការពិត និង​ចៀសវាង​ការរំលោភបំពាន​ណាមួយ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ សេរីភាព​សារព័ត៌មាន នៅ​កម្ពុជា​។​

​ជាងនេះទៅទៀត ក្លឹប​អ្នក​សែត​កម្ពុជា សូម​អំពាវនាវ​ដល់​អ្ន​ក​សារព័ត៌មាន​ទាំងអស់ ឲ្យ​ប្រកាន់ខ្ជាប់​ខ្លូន​នូវ គោលការណ៍​វិជ្ជាជីវៈ​សា​រ​ព័ត៌មាន និង​ក្រមសីលធម៌​អ្នកកាសែត ដើម្បី​រក្សាបាន​នូវ​ភាព​ថ្លៃ​ថ្លូ​រ​ក្នុង​វិជ្ជាជីវៈ និង​សូម​ចូលរួម​លើកកម្ពស់​វិស័យ​សារព័ត៌មាន នៅ​កម្ពុជា​។​

​ការចេញ​សេចក្ដីថ្លែងការណ៍​នេះ បន្ទាប់ពី​លោក ឌឹ​ម សឿន អ្នកយកព័ត៌មាន​រប​ស់​ទូរទស្សន៍​អប្សរា (ANN) ប្រចាំ​នៅ​ខេត្តមណ្ឌលគិរី នៅ​ព្រឹក​ថ្ងៃទី​០៧ ខែកក្កដា​នេះ បាន​ចូលខ្លួន​ទៅ​ដាក់​ពាក្យបណ្ដឹង នៅ​សាលាដំបូង​ខេត្ត ពីបទ​គំរាមកំហែង និង​ទាមទារ​សំណង​ជម្ងឺ​ចិត្ត​៤០​លាន​រៀល​ផងដែរ ពី​ឈ្មោះ សួស វ៉ូ​វ៉ា ជា​មន្ដ្រីនគរបាល​ស្រុក​កែវ​សី​ម៉ា និង​ឈ្មោះ សួស អង្គារ ជា​មន្ដ្រីនគរបាល​វរៈ​ព្រំដែន ព្រមទាំង​ជា​មេ​ឈ្មូ​ញ​រកស៊ី​ឈើ​ធំ​មួយ​ផងដែរ​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០១៦​កន្លងទៅ មាន​ករណី​គំរាមកំហែង​មួយ បាន​កើតឡើង​បន្ទាប់ពី ឈ្មោះ ឌឹ​ម សឿន ជា​អ្នកយកព័ត៌មាន ថត​បាន​ឈើប្រណិត ខុសច្បាប់​ជាច្រើន​ម៉ែត្រ របស់​ឈ្មោះ សួស វ៉ូ​រា ហៅ​យ៉ាំង ជា​មន្ត្រី​ប៉ូលីស នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា និង​ជា​មេ​ឈ្មួញ​ឈើ​ធំ​មួយរូប​ផងដែរ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧៦ ចំណុច​គីឡូម៉ែត្រ​១៣៥ ក្នុងភូមិ​ស្នែង ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្ត​មណ្ឌល​គី​រី​៕

ចំនួនអ្នកទស្សនា

    20696387

  • ថ្ងៃនេះ991
  • ម្សិលមិញ4501
  • សប្តាហ៍នេះ991
  • ខែនេះ10691
  • ឆ្នាំនេះ253931
  • សរុប20696387