ភ្នំពេញ ៖ ឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចេញសេចក្តីជូនដំណឹងជាថ្មីម្ដងទៀតចំពោះលោកស្រីម្ចាស់ស្ថានីយ៍ វិទ្យុ ទូរទស្សន៍ ចាងហ្វាងសារព័ត៌មាន និងគេហទំព័រទាំងអស់ ដែលមិនទាន់គោរព បានពេញលេញអំពីការប្រើប្រាស់ គោរមងារ «សម្តេច»។
យោងតាមការក្រើនរំលឹកខាងលើ បានបញ្ជាក់ឱ្យដឹងថា ដោយសារតែប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានមួយចំនួនតូចនៅតែសម្ដែងនូវភាពគឃ្លើន អនុវត្តផ្ទុយពីការណែនាំរបស់ក្រសួង ព្រមទាំងធ្វើការអត្ថាធិប្បាយផ្ទុយពីគោលបំណងពិតប្រាកដមានលក្ខណៈ បំពុលបរិយាកាសសង្គម ប៉ះពាល់ដល់សេចក្តី ថ្លៃថ្នូររបស់ថ្នាក់ដឹកនាំជាតិ ក៏ដូចជាប្រពៃណី វប្បធម៌ជាតិផងនោះ ក្រសួងព័ត៌មាន សូមព្រមានជាលើកចុងក្រោយ បើអង្គភាពណានៅតែបំពានសេចក្តីជូន ដំណឹងខាងលើក្រសួព័ត៌មាននឹងចាត់វិធានការតាមភារកិច្ច និងសមត្ថកិច្ចដែលច្បាប់រាជរដ្ឋាភិបាលកម្ពុជាប្រគល់ជូន។
គួរកត់សម្គាល់ថា គោរមងារសម្ដេចនាពេលបច្ចុប្បន្ននេះ រួមមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា, សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាដើម៕