សម្ដេច​សខេង​ស្នើ​អង្គភាព​ថ្នាក់ក្រោម​បញ្ឈប់​ការតែងតាំង​មន្ត្រី​បក្សពួក​ខ្លួន​ចូលកាន់​ដំណែង​សំខាន់​

08-July-2016 | ដោយ មែន កំសត់


 

​ភ្នំពេញ ៖ ខណៈ​ក្រសួងមហាផ្ទៃ កំពុង​បានប្រគល់​ផ្ទេរ​មុខដំណែង​ការងារ​ឲ្យ​ថ្នាក់ក្រោម​ទទួលខុសត្រូវ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ស្នើ​ឲ្យ​បណ្ដា​ថ្នាក់ដឹកនាំ​អង្គភាព​ថ្នាក់ក្រោម​គ្រប់លំដាប់​ថ្នាក់ ត្រូវ​បញ្ឈប់​ការគិតគូ​រលើ​មនោសញ្ចេតនា​ប្រកាន់បក្ស ឬ​តែងតាំង​សាច់ញាតិ​ខ្លួន​ដែល​អសមត្ថភាព ឡើងកាន់ដំណែង​នានា​ពិសេស​ការតែងតាំង​ចូលកាន់​ដំណែង​សំខាន់​ដែល​ធ្វើ​ឲ្យ​មានការ​រាំងស្ទះ​ទៅដល់​ដំណើរការ​វិវត្តន៍​ទៅមុខ​របស់​អង្គភាព​។​

​ក្នុង​ពិធី​តែងតាំង​អនុរដ្ឋលេខាធិការ​១​រូប​អគ្គលេខាធិការ​អគ្គនាយករង​និង​ដំឡើង​ឋានន្តរសក្ដិ​ជូន​នាយ​នគរបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ថ្ងៃទី​៧​ខែកក្កដា​នៅ​ទីស្ដីការក្រសួង​សម្ដេច​ក្រឡាហោម​ស ខេង​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ មានប្រសាសន៍ថា​ការតែងតាំង​មន្ត្រី​ថ្នាក់ក្រោម​គឺ​គ្រប់​បណ្ដា​អង្គភាព​នៅ​ថ្នាក់ក្រោម​ត្រូវ​ពិនិត្យ​ពិចារណា​លើកទឹកចិត្ត​អ្នកមាន​សមត្ថភាព​ជំនាញ​មានការ​ទទួលខុសត្រូវ​ការងារ​ខ្ពស់​ខិតខំ​ធ្វើ​ការពិត​ប្រាកដជា​រួមការ​តែងតាំង​ដំឡើង​មុខងារ​គឺ​ត្រូវ​គោល​លើ​គោលការណ៍​យុត្តិធម៌​។​

​ប្រសាសន៍​របស់​សម្ដេច​ក្រឡាហោម​ស ខេង​បាន​ធ្វើឡើង​បន្ទាប់ពី​ក្រសួង​បានចេញ​សេចក្ដីប្រកាស​ឲ្យ​សាលា​បណ្ឌិតសភា​នគរបាល​កម្ពុជា​បើក​វគ្គ​បណ្ដុះបណ្ដាល​តាម​ឋានានុក្រម​ទាំងបី​កម្រិត​ជូន​មន្ត្រី​ថ្នាក់ក្រោម​ឲ្យ​ចេះ​ពី​របៀប​ធ្វើ​ការងារ​មុននឹង​តែងតាំងឡើង​កាន់ដំណែង​ថ្មី​។​

​កន្លង​ទៅតាម​អង្គភាព​ថ្នាក់ក្រោម​មានដូចជា​នគ​របាល​ប៉ុស្តិ៍​រដ្ឋបាល​អធិការ​និង​នគរបាល​នៅ​ស្នងការដ្ឋាន​ជាដើម​នោះ​មាន​ចំនួន​មនុស្ស​ចូលធ្វើការ​ច្រើន​ប៉ុន្តែ​លទ្ធផល​ការងារ​គឺ​មិនទាន់​លក្ខណៈ​ល្អប្រសើរ​នោះទេ​ដែល​ប​ញ្ហ​នេះ​សម្ដេច​ក្រឡាហោម​បានស្នើ​ឲ្យ​អង្គភាព​ថ្នាក់ក្រោម​ត្រូវ​ពិនិត្យ​លើ​ការងារ​របស់ខ្លួន​ឡើងវិញ​និង​ត្រូវ​ម្ចាស់ការ​ការងារ​ដោយ​ខ្លួនឯង​ឲ្យ​ល្អ​ដើម្បី​ធានា​ប្រសិទ្ធភាព​ការងារ​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​និង​ការបម្រើ​សេវា​នានា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​ប្រសើរ​។​

​សម្ដេច​ក្រឡាហោម​បន្តថា​ក្រសួងមហាផ្ទៃ​កំពុង​ត្រូវការ​មន្ត្រី​ដែលមាន​សមត្ថភាព​ចូល​បំពេញការងារ​ដែល​ក្រសួង​បាន និង​កំពុង​ធ្វើ​ប្រតិភូកម្ម​ផ្ទេរ​មុខងារ​ប្រគល់​មុខដំណែង​ការងារ​នានា​បង្កលក្ខណៈ​ឲ្យ​អង្គភាព​គ្រប់ផ្នែក​នៅ​ថ្នាក់ក្រោម​ចេះ​ធ្វើការ​ប្រកបដោយ​ការទទួលខុសត្រូវ​៕

 

 

ចំនួនអ្នកទស្សនា

    20696517

  • ថ្ងៃនេះ1121
  • ម្សិលមិញ4501
  • សប្តាហ៍នេះ1121
  • ខែនេះ10821
  • ឆ្នាំនេះ254061
  • សរុប20696517