ភ្នំពេញ ៖ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាព្រឹកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសឱ្យទាត់ចោល នូវសេចក្តីណែនាំរបស់ក្រសួងព័ត៌មានស្តីពីការប្រើប្រាស់គោរមងារសម្តេច ចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦។
គួររំលឹកថា ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានចេញសេចក្តីជូនដំណឹងជាថ្មីម្ដងទៀតចំពោះ លោកស្រីម្ចាស់ស្ថានីយ៍ វិទ្យុ ទូរទស្សន៍ ចាងហ្វាងសារព័ត៌មាន និងគេហទំព័រទាំងអស់ ដែលមិនទាន់គោរព បានពេញលេញអំពីការប្រើប្រាស់ គោរមងារ «សម្តេច»។
យោងតាមការក្រើនរំលឹកនេះ បានបញ្ជាក់ឱ្យដឹងថា ដោយសារតែប្រព័ន្ធផ្សព្វផ្សាយនិងអ្នកសារព័ត៌មានមួយចំនួនតូចនៅតែ សម្ដែងនូវភាពគឃ្លើន អនុវត្តផ្ទុយពីការណែនាំរបស់ក្រសួងព្រមទាំងធ្វើការអត្ថាធិប្បាយ ផ្ទុយពីគោលបំណងពិតប្រាកដមានលក្ខណៈ បំពុលបរិយាកាសសង្គម ប៉ះពាល់ដល់សេចក្តី ថ្លៃថ្នូររបស់ថ្នាក់ដឹកនាំជាតិ ក៏ដូចជាប្រពៃណី វប្បធម៌ជាតិផងនោះ ក្រសួងព័ត៌មាន សូមព្រមានជាលើកចុងក្រោយ បើអង្គភាពណានៅតែបំពានសេចក្តីជូនដំណឹងខាងលើក្រសួព័ត៌មាននឹង ចាត់វិធានការតាមភារកិច្ច និងសមត្ថកិច្ចដែលច្បាប់រាជរដ្ឋាភិបាលកម្ពុជាប្រគល់ជូន៕