អភិបាលខេត្ត​ព្រៃវែង​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដាំ​ដើមឈើ​តាម​កន្លែង​ដែល​អាច​ដាំ​បាន

08-July-2016 | ដោយ មែន កំសត់

 

 ព្រៃវែង ៖ អភិបាលខេត្តព្រៃវែង បានអំពាវនាវឲ្យប្រជាពលរដ្ឋរួមគ្នាដាំដើមឈើនៅគ្រប់ទីកន្លែងតាមដែលធ្វើទៅបាន ដើម្បីបង្កើនគម្របបៃតងដ៏ស្រស់ត្រកាល លើទឹកដីកម្ពុជា ។

ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានធ្វើការអំពាវនាវយ៉ាងដូច្នេះ ក្នុងពិធីរុក្ខទិវា ដែលត្រូវបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី០៧ ខែកក្កដា ម្សិលម៉ិញ ក្នុងភូមិស្វាយត្រៃ ឃុំជាច ស្រុកកំចាយមារ ដោយមានការចូលរួមពីសំណាក់មន្ត្រីរាជការ អាជ្ញាធរដែនដី ព្រះសង្ឃ និង ប្រជាពលរដ្ឋជាច្រើន ។

ឯកត្តមអភិបាលខេត្ត បានថ្លែងថា អាជ្ញាធរមូលដ្ឋាន និង ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ថែរក្សា និង ជំរុញការដាំដើមឈើនៅតាមដីស្រែចម្ការឯណាទំនេរ ដោយការដាំឈើល្អៗគ្រប់ប្រភេទឲ្យបានកាន់តែច្រើនឡើងជាបន្តបន្ទាប់ នៅលើទីតាំងដីដែលអាចដាំបាន ដើម្បីបរិស្ថានស្រស់ ត្រកាលនៅលើទឹកដីកម្ពុជា ។

ឯកឧត្តម បានអំពាវនាវឲ្យប្រជាពលរដ្ឋរួមគ្នាទប់ស្កាត់រាល់បទល្មើសព្រៃឈើ និងការកាប់រានដីព្រៃឈើយកដីល្មើសច្បាប់តាមគ្រប់រូបភាព ជាពិសេសបង្កើននូវប្រសិទ្ធភាពនៃការចូលរួមទប់ស្កាត់ភ្លើងឆេះព្រៃគ្រប់ប្រភេទ ។

លោក ឃឹម អូន នាយខណ្ឌរដ្ឋបាលព្រៃឈើព្រៃវែង បានឲ្យដឹងថា រហូតមកដល់ឆ្នាំ២០១៦នេះ ខណ្ឌរដ្ឋបាលព្រៃឈើ បានអនុវត្តការដាំឈើជាចម្ការបានចំនួនជាងមួយពាន់៧០០ហិកតា ក្នុងឃុំក្របៅ និង ឃុំគ្រញូង ស្រុកកំចាយមារ និង ដាំជាពិធីរុក្ខទិវា បានចំនួន៣១លើក ជាង៩៧ហិកតា និង បណ្តុះកូនឈើចម្រុះគ្រប់ប្រភេទបានប្រមាណ៦០ម៉ឺនដើម សម្រាប់ចែកជូនព្រះសង្ឃ ប្រជាពលរដ្ឋ យកទៅដាំ ។

លោក បានបញ្ជាក់ថា ក្នុងពិធីរុក្ខទិវាលើកនេះ មានដើមឈើប្រមាណ៥០០រយដើមត្រូវបានដាំ និង កូនឈើប្រមាណបីពាន់ដើម ត្រូវបានចែកជូនព្រះសង្ឃប្រជាពលរដ្ឋ ដើម្បីយកទៅដាំទុកជាមរតកដល់កូនចៅជំនាន់ក្រោយនូវប្រភេទឈើប្រណិត និង ឈើហូបផ្លែ។

លោកនាយខណ្ឌរដ្ឋបាលព្រៃឈើព្រៃវែង បានធ្វើការប្តេជ្ញាចិត្តខិតខំអនុវត្តគោលនយោបាយ ស្តីពីការកែទម្រង់វិស័យព្រៃឈើជាតិរបស់រាជរដ្ឋាភិបាល ឲ្យទទួលបានជោគ ជ័យ ព្រមទាំងថែរក្សាការពារ និង ដាំដុះព្រៃឈើឡើងវិញឲ្យសម្រេចបានជោគជ័យជាអតិបរមា ៕

 

ចំនួនអ្នកទស្សនា

    20696427

  • ថ្ងៃនេះ1031
  • ម្សិលមិញ4501
  • សប្តាហ៍នេះ1031
  • ខែនេះ10731
  • ឆ្នាំនេះ253971
  • សរុប20696427