រាជរដ្ឋាភិបាល ចេញ​អនុក្រឹត្យ​ផ្តល់​រង្វាន់​សិស្ស​ពូកែ​ទូទាំងប្រទេស ទទួល​ប្រាក់រង្វាន់​ពី​៨០​ម៉ឺន ដល់ ៣,៥​លាន​រៀល

09-July-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ បានសម្រេច​ចេញ​អនុក្រឹត្យ​មួយ​កំណត់​ពី​ការផ្តល់​រង្វាន់​ដល់​សិស្ស​ពូកែ​ទូទាំងប្រទេស​ថ្នាក់​ទី​៩ និង​ទី​១២ ចាប់ពី​លេខ​១០ ដល់​លេខ​១ ក្នុងនោះ​ម្ចាស់​ជ័យលាភី​នឹង​ទទួលបាន​ប្រាក់រង្វាន់​ចាប់ពី ៨០​ម៉ឺន​រៀល​ដល់ ៣,៥​លាន​រៀល​។​

​ក្រសួង​អប់រំ​តែង​បានរៀបចំ​ការប្រឡង​សិស្ស​ពូកែ​លើ​ផ្នែក​អក្ស​សិ​ល្បិ៍​ខ្មែរ គណិតវិទ្យា និង​វិទ្យាសាស្ត្រ​ជា​រៀងរាល់ឆ្នាំ ដោយ​យក​ជ័យលាភី​ចាប់ពី​លេខ​១ ដល់​លេខ ១០​។ តែ​ក្រសួង មិនដែល​បានកំណត់​ពី​ការផ្តល់​ប្រាក់រង្វាន់​សម្រាប់​ពួកគេ​ឲ្យ​ច្បាស់លាស់​នោះឡើយ ក្រៅពី​ការផ្តល់​មេដាយ និង ប័ណ្ណ​សម្គាល់​សិស្ស​ពូកែ​ទូទាំងប្រទេស​មួយច្បាប់​ហើយ​នោះ ប្រាក់រង្វាន់ គឺ​អាស្រ័យ​លើ​ការឧបត្ថម្ភ​ពី​ក្រសួង និង សប្បុរសជន ដែលមាន​ចំនួន​តិចតួច​។​

​ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន បាន​ថ្លែងប្រាប់ នៅ​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០១៦​នេះ​ថា បន្ទាប់ពី​មើលឃើញ​ប្រាក់រង្វាន់​លើកទឹកចិត្ត​សម្រាប់​សិស្ស​ជ័យលាភី​មិនទាន់មាន​ភាពច្បាស់លាស់ ទើប​ក្រសួង​ស្នើ​ឲ្យ​មានការ​ផ្តល់ប្រាក់​រង្វាន់​ច្បាស់លាស់​សម្រាប់​ពួកគេ ហើយ​ឈានដល់​ការសម្រេច​ជា​ផ្លូវ​ពី​ផ្លូវការ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០១៦​តែម្តង​។​

​យោងតាម​អនុក្រឹត្យ ដែល ទទួលបាន​នៅ​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០១៦​នេះ បានបញ្ជាក់​ឲ្យ​ដឹងថា សម្រាប់​សិស្ស​ជ័យលាភី​លេខ​១ ទទួលបាន​ប្រាក់រង្វាន់ ៣,៥​លាន​រៀល មេដាយ​មួយគ្រឿង និង​វិញ្ញាបនបត្រ​បញ្ជាក់​សិស្ស​ពូកែ​ទូទាំងប្រទេស​មួយច្បាប់​, ជ័យលាភី​លេខ​២ ទទួលបាន​ប្រាក់រង្វាន់ ៣,២​លាន​រៀល មេដាយ​មួយគ្រឿង និង វិញ្ញាបនបត្រ​បញ្ជាក់​សិស្ស​ពូកែ​ទូទាំងប្រទេស​មួយច្បាប់​, ជ័យលាភី​លេខ​៣ ទទួលបាន​ប្រាក់រង្វាន់ ២,៩​លាន​រៀល មេដាយ​មួយគ្រឿង និង​វិញ្ញាបនបត្រ​បញ្ជាក់​សិស្ស​ពូកែ​ទូទាំងប្រទេស​មួយច្បាប់​។​

​សម្រាប់​ជ័យលាភី​ចាប់ពី​លេខ​៤ ដល់​លេខ​១០ ទទួលបាន​ប្រាក់រង្វាន់​ពី​២,៦​លាន​រៀល ទៅ ៨០​ម៉ឺន​រៀល រួម​ជាមួយនិង​វិញ្ញាបនបត្រ​បញ្ជាក់​សិស្ស​ពូកែ​ទូទាំងប្រទេស​ម្នាក់​មួយច្បាប់​។​

​ឯកឧត្តម​រដ្ឋមន្ត្រី ហង់ ជួនណា​រ៉ុ​ន បាន​ហៅ​អនុក្រឹត្យ​នេះ​ថា ជាការ​លើកទឹកចិត្ត​មួយទៀត​សម្រាប់​សិស្ស​ពូកែ​ទូទាំងប្រទេស ហើយក៏​នឹង​លើកទឹកចិត្ត​សិស្ស​កម្ពុជា ឲ្យ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ដើម្បី​ដណ្តើម​ជ័យលាភី​សិស្ស​ពូកែ​ទូទាំងប្រទេស​ផងដែរ​៕

ចំនួនអ្នកទស្សនា

    20695867

  • ថ្ងៃនេះ471
  • ម្សិលមិញ4501
  • សប្តាហ៍នេះ471
  • ខែនេះ10171
  • ឆ្នាំនេះ253411
  • សរុប20695867