រាជធានីភ្នំពេញ ៖ បន្ទាប់ពីលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងនិរទេសខ្លួនបានអះអាងថា លោកនឹងវិលចូលស្រុកវិញនៅមុនថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់នាពេលខាងមុខនោះ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថា លោក សម រង្ស៊ី មិនផុតពីការជាប់ពន្ធនាគារនោះទេ ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឲ្យកោះសន្តិភាពដឹងនៅថ្ងៃទី៧ កក្កដាថា ប្រសិនបើលោក សម រង្ស៊ី មេបក្សប្រឆាំងមកចូលស្រុកវិញនោះ នឹងមិនផុតពីការចូលពន្ធនាគារនោះទេ ឬអាចមានអ្នកមកចាំទទួលគាត់ដល់ព្រលានយន្តហោះ ដើម្បីបញ្ជូនបន្តទៅពន្ធនាគារទៀតផង ។
ជាងនេះទៅទៀតលោក សម រង្ស៊ី ក៏មិនមានការលើកទោសដូចជាលើកមុនបានដែរ ព្រោះថា តុលាការបានចេញសាលដីការួចហើយ និងសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាត់ដៃស្តាំចោលប្រសិនជាមានការលើកលែងទោសឲ្យលោក សម រង្ស៊ី នោះ។ លោក សុខ ឥសាន បានអះអាងថា មិនមានស្ថានការណ៍នយោបាយលើកលែងទោសឲ្យលោកសម រង្ស៊ី នោះទេ ពិសេសនោះគឺមិនមានការលើកលែងទោសតែម្តង ។
គួរបញ្ជាក់ផងដែរថា កាលពីពេលកន្លងមកនេះ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា លោក សម រង្ស៊ី បានប្តេជ្ញានឹងវិលមកកម្ពុជាវិញមុនថ្ងៃបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ ដែលរាជរដ្ឋាភិបាលបានប្រកាសជាផ្លូវការនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ។
លោក ទាវ វណ្ណុល សមាជិកព្រឹទ្ធសភាបានឲ្យដឹងថា គណបក្សសង្គ្រោះជាតិនឹងដាក់ លិខិតទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីបំភ្លឺជុំវិញសំណុំរឿងលោក សម រង្ស៊ី ដែលបាត់បង់បេក្ខភាពឈរជាអ្នកតំណាងរាស្ត្រ ។
លោក សុខ ឥសាន ក៏ធ្លាប់បានឲ្យដឹងថាលោក សម រង្ស៊ី មិនមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតនោះទេ ព្រោះថាគាត់ត្រូវបានតុលាការប្រកាសសាលក្រមហើយ ៕