ពលករខ្មែរនៅថៃធ្វើលិខិតឆ្លងដែន២ឆ្នាំពុំទាន់បាន

09-July-2016 | ដោយ មែន កំសត់




ភ្នំពេញ ៖ រដ្ឋសភាបានស្នើទៅក្រសួងមហាផ្ទៃឲ្យពន្លឿនការធ្វើលិខិតឆ្លងដែនដល់ពលករខ្មែរដែលទៅធ្វើការនៅថៃ ខណៈដែលពួកគេអះអាងថា ជិតពីរឆ្នាំហើយដែលក្រុមពលករទាំងនោះ បានបង់ប្រាក់សម្រាប់ធ្វើលិខិតឆ្លងដែលស្របច្បាប់ តែរហូតមកដល់ពេលនេះមិនទាន់បាននៅឡើយ ។
យោងតាមលិខិតសុំអន្តរាគមន៍មួយរបស់រដ្ឋសភា ផ្ញើជូនដល់សម្ដេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានចេញកាលពីថ្ងៃទី៦ កន្លងទៅបានឲ្យដឹងថា មានពលករខ្មែររាប់សែននាក់ ដែលកំពុងធ្វើការនៅប្រទេសថៃបានបង់ប្រាក់រួចដើម្បីប្ដូរយកលិខិតឆ្លងដែនសញ្ជាតិខ្មែរជិតពីឆ្នាំមកហើយ ប៉ុន្តែរហូតមកដល់ពេលនេះពួកគេនៅពុំទាន់ទទួលបាននៅឡើយទេ។

លិខិតដដែលបានបន្តថាមន្ត្រីអន្តរក្រសួងចំនួនបីរួមមានក្រសួងមហាផ្ទៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនិងក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈនៃព្រះរាជាណាចក្រកម្ពុជា បានចុះធ្វើលិខិតឆ្លងដែន សញ្ជាតិខ្មែរ ជូនដល់ពលករខ្មែរដែលកំពុងធ្វើការនិងមិនមានលិខិតឆ្លងដែនសញ្ជាតិខ្មែរ នៅតាមបណ្ដាខេត្តនានាប្រទេសថៃ តាំងពីខែមករា ឆ្នាំ២០១៥មកម្ល៉េះប៉ុន្តែរហូតមកដល់ពេលនេះពលករខ្មែររាប់សែននាក់នៅប្រទេសថៃដែលបានបង់ប្រាក់ចំនួន១៤០០បាតក្នុងម្នាក់ៗដើម្បីធ្វើលិខិតឆ្លងដែនសញ្ញាតិខ្មែរនេះ នៅមិនទាន់បានទទួលលិខិតឆ្លងដែនសញ្ជាតិខ្មែរនៅឡើយទេ។

ករណីនេះរដ្ឋសភាស្នើឲ្យសម្ដេចក្រឡាហោមសខេងជួយអន្តរាគមន៍និងចាត់វិធានការដើម្បីឲ្យពលករខ្មែរចំណាកស្រុកដែលបានធ្វើលិខិតឆ្លងដែនសញ្ជាតិខ្មែរនៅប្រទេសថៃកន្លងមក អាចទទួលបានលិខិតឆ្លងដែនសញ្ជាតិខ្មែរនេះឆាប់រហ័ស៕
 

ចំនួនអ្នកទស្សនា

    20696577

  • ថ្ងៃនេះ1181
  • ម្សិលមិញ4501
  • សប្តាហ៍នេះ1181
  • ខែនេះ10881
  • ឆ្នាំនេះ254121
  • សរុប20696577