រាជធានីភ្នំពេញ ៖ ក្រុមគ្រួសារសពស្រ្តីចំណាស់ម្នាក់បានទៅរើសធាតុ(ឆ្អឹង) ក្រោយបូជារួច ប៉ុន្តែត្រូវបានអាចារ្យ មិនអនុញ្ញាតឲ្យរើស ដោយសំអាងថាក្រុមគ្រួសារសពបង់លុយថ្លៃមឈូស មេក្រូនិងថ្លៃបូជាសពមិនគ្រប់ ។
ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី១១ កក្កដា ២០១៦ នៅក្នុងវត្តគោកបញ្ជាន់ ស្ថិតក្នុងភូមិ-សង្កាត់ចោមចៅ ខណ្ឌពោធិ-សែនជ័យ ។
បើតាមសមាជិកក្រុមគ្រួសារក្រីក្រខាងលើបានឲ្យដឹងថា មុនពេលកើតហេតុ ស្រ្តីឈ្មោះ ឃឹម ជិញ អាយុ៥៥ឆ្នាំ ខ្មែរកម្ពុជាក្រោម រស់នៅក្នុងភូមិថ្មគោល សង្កាត់ចោមចៅ បានស្លាប់ដោយជំងឺលើសឈាម និងត្រូវបានប្តីឈ្មោះ ចាន់ មុនី្ន អាយុ៥៤ឆ្នាំ និងកូនស្រីឈ្មោះ ចាន់ ម៉ៃ អាយុ១៨ឆ្នាំ មានកូន៣នាក់គិតទំាងកូននៅក្នុងផ្ទៃ ប្តីឈ្មោះ ហង្ស បូរី អាយុ២៨ឆ្នាំ ជាកម្មករសំណង់បានយកមកតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅ ក្នុងវត្តគោកបញ្ជាន់ និងបានបូជានៅល្ងាចថ្ងៃទី១០ កក្កដា ២០១៦ ហើយនៅព្រឹកថ្ងៃទី១១ កក្កដានេះ ក៍បានទៅរើសឆ្អឹង ប៉ុន្តែត្រូវបានអាចារ្យឈ្មោះលីន មិនអនុញ្ញាតឲ្យរើសដោយសារខ្លួន (គ្រួសារសព)ខ្វះលុយ៣២ម៉ឺនរៀល ខណៈលុយត្រូវបង់ឲ្យអាចារ្យសរុបទំាងអស់៧៦ម៉ឺនរៀល ។
ក្រុមគ្រួសារសពដដែលបន្តថា ដោយសារលោកអាចា្យមិនអនុញ្ញាតឲ្យរើសឆ្អឹងម្តាយ និងប្រពន្ឋ ព្រោះតែខ្វះលុយ ៣២ម៉ឺនរៀល ទើបដាច់ចិត្តយកម៉ូតូទៅបញ្ចាំបានតែ៧០ដុល្លារនៅតែមិនគ្រប់ ទើបទៅសុំអន្តរាគមន៍ពីអាជ្ញាធរខណ្ឌ។
ក្រោយរៀបរាប់ពីដំណើររឿងបា្រប់សមត្ថកិច្ចចប់ លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិសែនជ័យបានជួយឧបត្ថម្ភ៨០ម៉ឺនរៀល ដើម្បីគ្រួសារក្រីក្រខាងលើយកទៅបង្រ្គប់ដើម្បីបានរើសឆ្អឹង និងទៅលោះម៉ូតូយកមកវិញ ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងទៀតថា ក្រៅពីជួយឧបត្ថម្ភ៨០ម៉ឺនរៀល លោកអធិការក៍បានសន្យាឧបត្ថម្ភថ្លៃកូនស្រីដែលមានផ្ទៃពោះ៨ខែ សម្រាលកូននាពេលខាងមុខនោះថែមទៀត ៕