ខេត្តរតនគិរី ៖ ឈើសុក្រំជាង ១០០កំណាត់ ឡាំងបួនជ្រុង មានប្រវែង ៣ទៅ ៤ម៉ែត្រ មានមុខកាត់ ៣០ x ៤០ សង់ទីម៉ែត្រ ចំនួន ៦គំនរ ស្មើនឹង ១១៦កំណាត់ ដែលឈ្មួញពាក់ស្បែកខ្លា យកអំណាចស្ថាប័នសមត្តកិច្ច ជាស្ពានចម្លង ចូលវាយលុក កាប់បំផ្លាញ ចេញពីតំបន់ព្រៃសហគមន៍ និងដែនជម្រកសត្វព្រៃលំផាត់ ដឹកជញ្ជូនតាមគោយន្តកែច្នៃ មកទម្លាក់នៅក្នុងដីសម្បទានសេដ្ឋកិច្ច ក្រុមហ៊ុន៧២ ម៉ែនសារុន ស្ថិតនៅភូមិស៊ូស ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បម្រុងដឹកជញ្ជូនបន្ត ទៅកាន់ប្រទេសវៀតណាម ទាំងយប់តាមច្រកប៉ុស្តិ៍នគរបាល ការពារព្រំដែនគោកលេខ៧០៥ អូរថ្ម តែត្រូវបែកការណ៍ កាលពីយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅនេះ ក៏ក្រុមឈ្មួញបែនទម្លាក់ចោល នៅក្នុងក្រុមហ៊ុននោះតែម្តង ។
ក្រោយការរកឃើញ គំនរឈើនេះ មនុស្ស ៤នាក់ និងមន្ត្រីបរិស្ថានជាច្រើនរូប បាននាំគ្នាដេកចាំឈើទាំងអស់នោះ រួមមានឈ្មោះ ធីន ឈ្មោះ ម៉ាប់ ឈ្មោះ ទី ឈ្មោះ ម៉ៅ ដែលបុរសទាំង ៤នាក់នេះ គ្រាន់តែជាខែលដើម្បី បិទបាំងមុខមេឈ្មួញដុះស្លែដ៍ធំម្នាក់ ដែលមានអំណាច នៅពីក្រោយខ្នង ជាមន្ត្រីនគរបាល ការពារព្រំដែនគោក ។ បើតាមសំដីឈ្មោះ ធីន បានឲ្យដឹងថា មិនខ្លាចអ្នកណានោះទេ ដោយបានបង់លុយ គ្រប់ស្ថាប័នសមត្ថកិច្ច រួចហើយ មានពីណា ហ៊ានចាប់ខ្ញុំទៀត ? លុះព្រឹកដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦ ក្រុមអ្នកសារព័ត៌មាន ក៍បានទំនាក់ទំនង ទៅលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត តាមទូរស័ព្ទ តែបែរជាលោកឆ្លើយថា ជាប់រវល់ទៅពិធីរុក្ខទិវា បណ្តុះកូនឈើ ក៍បិទទូរស័ព្ទទៅ ។
ចំណែកលោក ហេង រតនា ស្នងការរង ទទួលបន្ទុកកិច្ចការព្រំដែនគោក បានឲ្យដឹងថា លោកបានបញ្ជាកម្លាំង ចំនួន ៥នាក់ ចុះមកត្រួតពិនិត្យឈើទាំងនោះ រាប់ចំនួនកំណាត់ឈើ តែប៉ុណ្ណោះជាការស្រេច លោកក៍ប្រគល់កិច្ចការទាំងនេះ ទៅឲ្យជំនាញរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្ត ។ ប៉ុន្តែរហូតមកដល់ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ ពុំទាន់មាន នរណារាយការណ៍មកឲ្យ នាយខណ្ឌរដ្ឋបាលព្រៃឈើ បានដឹងនោះទេ មានន័យថា លោកពន្យាពេល ទុកឱកាសឲ្យក្រុមឈ្មួញ បណ្ដោះគំនរឈើទាំងនោះ ដឹកជញ្ជូនចូលទៅ ទឹកដីវៀតណាម ឲ្យអស់សិន ទើបលោកធ្វើដូចជា មានការភ្ញាក់ផ្អើល។
មជ្ឈដ្ឋានទូទៅ បានរិះគន់យ៉ាងធ្ងន់ៗ ទៅលើសមត្ថកិច្ច ជំនាញពាក់ព័ន្ធ ព្រមទាំងមេប៉ុស្តិ៍នគរបាល ការពារព្រំដែនគោកលេខ៧០៥ នឹងមន្ត្រីបរិស្ថាន ដែលហ៊ានគឃ្លើន ផ្គើននឹងអនុសាសន៍ដ៍ថ្លៃថ្លា របស់សម្តេច តេជោ ហ៊ុនសែន ដែលបានបញ្ជាក់ថា រឿងជំនួញឈើប្រណិត ឆ្លងដែនខុសច្បាប់ ត្រូវតែបញ្ឈប់ជាបន្ទាន់ ជាពិសេសតាមបណ្តាល ខេត្តជាប់ព្រំដែន ។ ដោយឡែកអស់លោក ដែលជាសមត្ថកិច្ចខាងលើ បែរជាបើកភ្លើងខៀវ ឲ្យក្រុមឈ្មួញចូលកាប់ បំផ្លាញព្រៃឈើ យ៉ាងអាណាធិបតេយ្យទៅវិញ ៕