ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋ បានរអ៊ូរទាំថា ទីតាំងលក់ ចាក់ភ្នាល់បាល់ទាត់ ជាច្រើនកន្លែង ជុំវិញសណ្ឋាគារ ហូលីដេ ក្នុងភូមិព្រែកមហាទេព និងភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង គេមិនដែលឃើញ សមត្ថកិច្ច ចុះទៅបង្ក្រាបម្តងណាឡើយ មិនដឹងជាមាន អាថ៌កំបាំងអ្វី។
ប្រភពពីអ្នកលក់ និងម្ចាស់ទីតាំង ល្បែងភ្នាល់បាល់ទាត់ បានឲ្យដឹងថា ពួកគេបើកទីតាំង ល្បែងភ្នាល់បាល់ទាត់គឺបានបង់ប្រាក់ប្រចាំខែ ជូនសមត្ថកិច្ច ជាច្រើននាក់ ទើបបើកលេងបាន ហើយក៏គ្មានសមត្ថកិច្ចណា ហ៊ានមកបង្ក្រាបទេ ទោះជាសមត្ថកិច្ចមក ក៏ពួកគេមិនខ្លាច មិនខ្ចីរត់គេចខ្លួនដែរ ព្រោះបញ្ជីឈ្មោះ សមត្ថកិច្ចអ្នកមកយកលុយខែ មានអស់ហើយ។ ប្រជាពលរដ្ឋ បានឃើញស្នាដៃ លោក ប៉ាង ហៀង អធិការក្រុងបាត់ដំបង ទើបឡើងថ្មី ដែលបង្ក្រាបមេឆ្នោត ៨នាក់ បញ្ជូនទៅតុលាការ កាលដើម ខែមិថុនា កន្លងទៅ មានការត្រេកអរជាខ្លាំង។
ដូច្នេះប្រជាពលរដ្ឋ សង្ឃឹមថា លោកអធិការរូបនេះ នឹងបង្ក្រាបទីតាំង ភ្នាល់បាល់ទាត់ នេះទៀត។ ហើយលោកអធិការ ក្រុងបាត់ដំបង ក៏ធ្លាប់បានសន្យា មុខអ្នកយកព័ត៌មាន ជាច្រើនអង្គភាពថា នឹងបង្ក្រាបទីតាំង ភ្នាល់បាល់ទាត់ ក្នុងក្រុងបាត់ដំបង តែរយៈពេលច្រើនថ្ងៃហើយ មិនឃើញមានការបង្ក្រាបសោះ ឬក៏លោក ប៉ាង ហៀង ឡើងមក ត្រូវថ្នាំសណ្តំរបស់ឈ្មួញទុច្ចរឹត ទាំងនោះដែរ៕