ខេត្តរតនគិរី ៖ ប្រជាពលរដ្ឋ បានសម្តែងនូវការក្តុកក្តួល អាណិតអាសូរ និងស្រក់ទឹកភ្នែក អាណិតក្មេងកំព្រា ៣នាក់បងប្អូន ដែលឪពុកមានជំងឺជាទម្ងន់ ពួកគេនៅតូចៗ ខំត្រដរដើរបេះផ្លែឈើ និងជីកដំឡូង ដើម្បីយកមកហូប ហើយឪពុ កដែលមានជំងឺធ្ងន់នោះ ពួកគេក៏ពុំមានលទ្ធភាព ទិញថ្នាំសម្រាប់ព្យាបាល ទុកឲ្យឪពុកស្លាប់ នៅលើគ្រែក្នុងខ្ទមកំសត់ រហូតធំក្លិន បង្ករឲ្យមានការភ្ញាក់ផ្អើល កាលពីរសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងភូមប៉ក់ញ៉ៃ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។
អ្នកស្រុកនិយាយថា ឪពុកក្មេងកំព្រា ទាំង ៣នាក់នោះ បានស្លាប់យ៉ាងតិច ៤ទៅ ៥ថ្ងៃ មកហើយរហូតធំក្លិន ស្អុយរលួយ ចេញពីខ្ទមដ៏កម្សត់ ទើបអ្នកភូមិដឹង ហើយកូនទាំង ៣នាក់ ចេះតែនាំគ្នាទៅឈរ នឹងចិញ្ចើមថ្នល់ ដើម្បីកាក់អ្នកភូមិ និងអ្នកធ្វើដំណើរ ឲ្យមកចូលមើល និងចូលបុណ្យ ប៉ុន្តែដោយសារខ្ទមមួយនេះ នៅឆ្ងាយពីអ្នកភូមិ ទើបគេពុំបានដឹង ពីទុក្ខសោកវេទនា របស់ក្មេងកំព្រារ ទាំង ៣នាក់។ អ្នកភូមិបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ ឈ្មោះ ស៊ីន បូរ៉ា អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត រស់នៅភូមិកូនត្មាត ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានប្រពន្ធឈ្មោះ សាន សុខុម ដែលទើបនឹងស្លាប់ចោលប្តី និងកូន ប្រហែលជាង ៤ទៅ៥ ខែកន្លងមកនេះ ។
អ្នកភូមិបន្តថា ម្តាយបានស្លាប់ចោល ក្រោយមកឪពុកក៏បានស្លាប់ បន្សល់ទុកនូវកូនកំព្រារ ៣នាក់ បងប្អូន ពិតជាគួរឲ្យ អាណិតពួកគេ ដែលនៅតូចៗ។ កូនបងមានឈ្មោ រ៉ា សាន ភេទប្រុស អាយុ ១៣ឆ្នាំ កូនទី២ ឈ្មោះ រ៉ាវ វ៉ិត ភេទស្រី អាយុ ១១ឆ្នាំ និងកូនទី៣ ឈ្មោះ រ៉ា ស្រីម៉ៅ ភេទស្រី អាយុ ៧ឆ្នាំ ។ អ្នកភូមិបានបញ្ជាក់ទៀតថា តាមពិតរឿងហេតុខាងលើនេះ ត្រូវបានដឹងពីអ្នកភូមិ ដែលគាត់បានទៅដកផ្សិត នៅក្នុងព្រៃ ក៏បានក្រឡេកឃើញ ក្មេងទាំង ៣នាក់ អង្គុយទទូលតង់ ដែលមានចម្ងាយ ប្រមាណ ២០ម៉ែត្រ ពីខ្ទមសពរបស់ឪពុក ទើបគេចូលទៅសួរនាំ ហេតុអ្វីក៏ពួកអ្នកទាំងអស់គ្នា នាំគ្នាមកអង្គុយនៅទីនេះ ជាមួយនឹងដំណក់ទឹកភ្លៀងផងនោះ ។
ពួកគេក៏បានប្រាប់ ទៅកាន់អ្នកភូមិថា ឪពុកពួកគេ កំពុងឈឺខ្លាំង ក្រោកមិនរួច មិននិយាយស្តី ដណ្តប់ភួយ ៤ទៅ ៥ថ្ងៃមកហើយ ។ ស្តាប់សម្តីពីក្មេង អ្នកដកផ្សិ តក៏នាំគ្នាទៅមើល ទើបដឹងថា ជនរងគ្រោះ បានស្លាប់បាត់ទៅហើយ និងរាយការណ៍ ជូនសមត្ថកិច្ច អាជ្ញាធរ ទើបមានវត្តមានលោក ងើយ ដន អធិការរង នគរបាលស្រុកអូរយ៉ាដាវ បានចាត់ចែង ដឹកនាំកម្លាំង ចូលមកពិនិត្យសាកសព ហើយពិនិត្យរួចរាល់ ឃើញថា សាកសព ហើមស្អុយរលួយ អ្នកស្រុកក៏បា ននាំគ្នាជួយធ្វើបុណ្យ និងបូជា នៅក្នុងខ្ទមនេះតែម្តង ។ ចំណែកក្មេងៗទាំង ៣នាក់ ត្រូវបានយកទៅចិញ្ចឹមសិន នៅឯស្រុក ដើម្បីរង់ចាំអង្គការណា ដែលគេអាចយកទៅចិញ្ចឹម ឲ្យបានរៀនសូត្រ និងមានអនាគត កុំឲ្យពួកគេ ជួបនូវរឿងដ៏អភ័ព្វ រស់នៅកំព្រារ កម្សត់ ៕