តើ​មាន​អ្វី​នៅ​ពីក្រោយ​ខ្នង នៃ​ការពន្យារពេល​ដង្ហែ​សព​លោក កែម ឡី ?

16-July-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ តាម​គម្រោង និង​ការប្រកាស​ជាទូទៅ​របស់​ក្រុមគ្រួសារ​សព លោក កែម ឡី គឺ​សព​នឹងត្រូវ​ដង្ហែរ​យកទៅ​បញ្ចុះ នៅ​ស្រុកកំណើត​ឯ​ខេត្តតាកែវ នា​ព្រឹក​អាទិត្យ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៦​ខាងមុខ ហើយ​តំណាង​គ្រួសារ​សព​ក៏បាន​ព្រមព្រៀង គ្នា​ជាមួយ សាលា​រាជធានី​ភ្នំពេញ រួចហើយ​ដែរ​នៅថ្ងៃនេះ​។​

​ប៉ុន្តែ​នា​ព្រលប់​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៦​នេះ ព្រះសង្ឃ ប៊ុត ប៊ុន​តិ​ញ ដែល​បាននិងកំពុង​ស្ថិតនៅក្នុង​ពិធីបុណ្យ សព​លោក​បណ្ឌិត កែម ឡី ក្នុង​ទី​អារាម​វត្ត​ចាស់ ស្ថិតនៅ​ខណ្ឌ​ជ្រោង​ចង្វារ រាជធានី​ភ្នំពេញ គឺ​មិន​បានគិត​អំពី​បុណ្យ​បាប (​សាកសព​ទុក​យូរ​) នោះទេ ចេញមុខ​មក​ប្រកាសថា ពិធី​ដង្ហែ​សព នឹងត្រូវ​លើក​ពេល​ទៅ​ថ្ងៃមុន​ទៀត ដោយ​មិន​កំណត់ថា ថ្ងៃ​ណា​ជាក់លាក់​នោះទេ​។​

​សាច់​ញា​ត្តិ​នៃ​គ្រួសារ​សព បាន​សម្តែង​ការខកចិត្ត​យ៉ាងខ្លាំង​ចំពោះ​ទង្វើ​របស់​សង្ឃ និង​ពិបាកចិត្ត​ជាខ្លាំង​ក្រោយពី​បានដឹងថា ពិធី​ដង្ហែរ​សព ត្រូវបាន​គេ​បន្ត លើក​ពេល​ដង្ហែ ហើយ​ក្រុម​សង្ឃ​កំពុង​បញ្ចេញ​សកម្មភាព​យ៉ាងខ្លាំង​នៅក្នុង​ពិធី​បុណ្យសព ដែល​គេ​ពិបាក​នឹង​ពន្យល់​ឲ្យ​យល់​គ្នា​ណាស់​។ ដូច​លោក​អភិបាល រាជធានី​ភ្នំពេញ បានលើកឡើង​នៅក្នុង​ឱកាស​អញ្ជើញ ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​សមិទ្ធិផល​នានា ក្នុង​វត្ត​ស្វាយ​ផ្អែម សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ​ថា សព​របស់​បណ្ឌិត កែម ឡី កំពុង​ត្រូវបាន​គេ​យក​ធ្វើ​អាជីវកម្ម​ទាំង​នយោបាយ និង​លាភសក្ការៈ ដោយ​ពុំ​គិតក្រែង​ពី​ទឹកចិត្ត របស់​គ្រួសារ​សព សោះឡើយ​។​
​តើ​មាន​អ្វី​នៅ​ពីក្រោយ​ខ្នង នៃ​ការពន្យារពេល​ដង្ហែ​សព​លោក កែម ឡី ?

​ក្រុម​អ្នក​តាម​ព្រឹត្តិការណ៍​បានលើកឡើង​ថា ការចេញមុខ​ប្រកាស​ផ្លាស់ប្តូរ​ផែនការ​តាមចិត្ត​របស់​សង្ឃ ប៊ុត ប៊ុន​តិ​ញ គឺ​បាន បង្ហាញ​នូវ​ភាព​ប្រឆាំង នឹង​ការសម្រេចចិត្ត​របស់​ក្រុមគ្រួសារ​សព​លោក កែម ឡី  ក្នុង​ចេតនា​អ្វីមួយ​ដែល​ត្រូវបាន​គេ​គិតថា​៖

​ទី​១៖ ការពន្យា​ពេលនេះ ដើម្បី​អូសបន្លាយ​ពិធី​បុណ្យសព ក្នុង​គោលបំណង​ផ្តល់ឱកាស​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ កេងចំណេញ​ខាង​នយោបាយ​។​
​ទី​២៖ សាច់ញាតិ​គ្រួសារ​សព ដែល​នៅ​កន្លែង​រៀបចំ​ពិធីបុណ្យ​បាន​បង្ហើប​ឲ្យ​ដឹងថា សង្ឃ ប៊ុត ប៊ុន​តិ​ញ បាន​សហការគ្នាជាមួយ មន្ត្រីជាន់ខ្ពស់​បក្សប្រឆាំង​មួយចំនួន បញ្ចុះបញ្ចូល​ទឹកចិត្ត​ក្រុមគ្រួសារ​សព​លោក កែម ឡី ថា «​កុំអាល​ទាន់​ហែរ​សព​យកទៅ បញ្ចុះ​នៅ​ស្រុកកំណើត​ភ្លាមៗ​អី ដោយ​ស្នើសុំ​ពន្យា​ពេល​ទុក ឲ្យ​បានយូរ​ទៅមុខទៀត​» ដើម្បី​ទុក​ឱកាស​មហាជន​បន្ត​ចូល បច្ច័យ​ឲ្យ​បាន​ច្រើន​ថែមទៀត​សិន​។​
​សព​លោក កែម ឡី បន្ទាប់ពី​ឃាតករ​បាញ់សម្លាប់​មកដល់​ពេលនេះ បានទទួល​ប្រាក់​ចូល​បុណ្យ​ពី​សប្បុរសជន​ក្នុង​និង​ក្រៅ ប្រទេស​បាន​ចំនួន​ជាង​១០​ម៉ឺន​ដុល្លារ អាមេរិក​ហើយ ដែលជា​ចំនួន​មួយ​ច្រើន​គួរ​ឲ្យ​កត់សម្គាល់​។ ប្រការ​នេះហើយ​អាចជា ឱកាសល្អ នៃ​មុខរបរ​របស់​ក្រុម​ជន​មួយចំនួន និង​កំពុង​ចាត់ទុក​សាកសព​លោក កែម ឡី គឺជា​មុខ​ជំនួញ​ដ៏​កាក់កប​។​

​ក្រុមអ្នកតាមដាន​អំពី​ព្រឹត្តិការណ៍​នេះ អ្នកវិភាគ​ខ្លះទៀត បាន​គិតថា មនុស្ស​មួយចំនួន​ដែល​គេ​ដឹងថា ជា​សកម្មជន​បក្សប្រឆាំង យល់ថា ការប្រើ​ល្បិច​ពន្យា​ពេល ដង្ហែរ​សព​លោក កែម ឡី ក៏​អាចជា​ការវាស់ស្ទង់​ចំនួន​ហ្វូងមនុស្ស​អ្នកចូលរួម​កំរិតណា និង​ក៏​អាច​ដើម្បី​ពួកគេ​ងាយស្រួល​បង្ក​ការលំបាក​ដល់​សមត្ថកិច្ច និង​រក ឱកាស​បង្កើត​បញ្ហា​វឹកវរ​ចលាចល​ណាមួយ​ក្នុងសង្គម ឲ្យ​កើតឡើង​ផងដែរ ដើម្បី​ទម្លាក់កំហុស​លើ​រដ្ឋាភិបាល​ជាថ្មីទៀត ស្រប​ពេលដែល​ថ្នាក់ដឹកនាំ​បក្សប្រឆាំង បាន​កំពុង​រង​នូវ​ការ សង្ស័យថា ជា​មេក្លោង​នៅ​ពីក្រោយ​អំពើ​ឃាតកម្ម​សម្លាប់​លោក កែម ឡី​ផង​នោះ​៕

ចំនួនអ្នកទស្សនា

    20695357

  • ថ្ងៃនេះ4471
  • ម្សិលមិញ5181
  • សប្តាហ៍នេះ27231
  • ខែនេះ9661
  • ឆ្នាំនេះ252901
  • សរុប20695357