ប្រជាពលរដ្ឋរស់នៅក្នុងឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានឲ្យដឹងថាបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើក្នុងមូលដ្ឋានរបស់ ពួកគាត់នៅតែកើតឡើងយ៉ាងពេញបន្ទុក ហើយយូរៗម្តងទើបឃើញមន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចចម្រុះធ្វើការបង្ក្រាបយកស្នាដៃ។ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្តពោធិ៍សាត់ បានឲ្យដឹងថា មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធបង្ក្រាបតែឈើរបស់ឈ្មួញដែលមិនបង់លុយតាម ការកំណត់ប៉ុណ្ណោះ ចំណែកឈ្មួញដែលចេះបែងចែកផលប្រយោជន៍នៅតែអាចធ្វើអ្វីៗតាមអំពើចិត្ត ដដែល។ ដូច្នេះលោក ឆេង គឹមស៊ុន អគ្គនាយករដ្ឋបាលព្រៃឈើ គួរពិនិត្យមើលបញ្ហានេះផង ព្រោះសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋស្រុកភ្នំក្រវាញ បានឲ្យដឹងថារហូតមកដល់ពេលនេះបទល្មើសព្រៃឈើក្នុងមូលដ្ឋានពួកគាត់ នៅតែកើតឡើងយ៉ាងរាលដាល។
កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ មន្ត្រីរដ្ឋបាលព្រៃឈើ និងមន្ត្រីនគរបាលស្រុកភ្នំក្រវាញ មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តពោធិ៍សាត់ ប្រមាណជិត២០នាក់បានសហការគ្នាចុះបង្ក្រាបឈើអាររួចដែលឈ្មួញ លាក់ទុកក្នុងព្រៃមុនពេលដឹកជញ្ជូនទៅចែកចាយបន្ត។ សមត្ថកិច្ចដែលចូលរួមក្នុងការបង្ក្រាបបានបង្ហើបឲ្យដឹងថា ករណីបង្ក្រាបឈើអាររួចនេះ ធ្វើឡើងចំណុចអូរតាឡី ភូមិក្សេត្របុរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ហើយជាឈើប្រភេទលេខ១ លេខ២ ដោយមិនទាន់វាស់វែងបរិមាណនៅឡើយទេ។ ប្រភពបានឲ្យដឹងទៀតថា ឈើនេះត្រូវឈ្មួញដឹកចេញពីព្រៃតាមតំបន់នានាមកលាក់ទុកមុនពេល ចែកចាយបន្តទៅកន្លែងផ្សេង។
សកម្មជនព្រៃឈើនិងប្រជាពលរដ្ឋបានលើកឡើងថា ប្រសិនបើឈ្មួញម្ចាស់ឈើមានទំនាក់ទំនងជាមួយមន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីនគរបាលស្រុកភ្នំក្រវាញ និងមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តពោធិ៍សាត់ជាមុននោះ ប្រហែលជាពុំមានការបង្ក្រាបឡើយ។ ដោយហេតុថាមួយរយៈពេលចុងក្រោយនេះ ឈ្មួញមួយចំនួននៅតែអាចដឹកជញ្ជូនឈើចេញពីព្រៃក្នុងស្រុកវាលវែង និងស្រុកភ្នំក្រវាញ យកទៅចែកចាយតាមដេប៉ូក្នុងស្រុកក្រគរ ស្រុកបាកាន ក្រុងពោធិ៍សាត់ និងមួយផ្នែកទៀតយកទៅចែកចាយដល់ខេត្តបាត់ដំបង។ មានន័យថា សមត្ថកិច្ចបង្ក្រាបឈ្មួញឈើដោយរើសមុខព្រោះអ្នកដែលចេះបែងចែក ផលប្រយោជន៍ដល់សមត្ថកិច្ចតែងរួចផុតពីការបង្ក្រាប ចំណែកឈ្មួញណាចង់គេចវេះមិនបង់លុយឲ្យសមត្ថកិច្ចត្រូវប្រឈមនឹង ការបង្ក្រាបចៀសមិនផុតឡើយ៕