ប្រជាពលរដ្ឋនៅភូមិរំចេក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ បានឲ្យដឹងថាបច្ចុប្បន្នរថយន្តដឹកជញ្ជូនឈើខុសច្បាប់នៅតែអាចធ្វើ សកម្មភាពយ៉ាងអនាធិបតេយ្យ ហើយសមត្ថកិច្ចបង្ក្រាបតែរថយន្តរបស់ឈ្មួញដែលមិនបង់លុយប៉ុណ្ណោះ។ ចំណែកឈ្មួញដែលបង់លុយឲ្យមន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត ទោះបីគេដឹកឈើប្រណីតឬឈើប្រភេទលេខ១តាមរថយន្តយីឌុបធំៗផ្ទុកលើស ទម្ងន់ក៏គ្មានមន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធណា ចាត់វិធានការបង្ក្រាបឡើយ។ ហេតុនេះហើយទើបបទល្មើសដឹកជញ្ជូនឈើខុសច្បាប់ឆ្លងកាត់ស្រុករវៀង នៅតែកើតឡើងយ៉ាងពេញបន្ទុក ព្រោះមន្ត្រីរដ្ឋបាលព្រៃឈើគិតតែពីរឿងផលប្រយោជន៍ប៉ុណ្ណោះ។
កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ មន្ត្រីផ្នែករដ្ឋបាលព្រៃឈើ និងសង្កាត់រដ្ឋបាលព្រៃឈើរវៀង ស្រុករវៀង ខេត្តព្រះវិហារ បានចាប់គោយន្តកន្ត្រៃ និងរថយន្តដឹកជញ្ជូនឈើអារចម្រុះប្រភេទលេខ១ ប្រភេទលេខ២ និងឈើប្រណីតប្រភេទធ្នង់លើផ្លូវជាតិលេខ៦២ ភូមិរំចេក ឃុំរមណី ស្រុករវៀង។ រថយន្តដឹកឈើដែលត្រូវបង្ក្រាបទី១ម៉ាកតាកូម៉ា ពាក់ស្លាកលេខភ្នំពេញ2D-5279 ដឹកជញ្ជូនឈើអារប្រភេទលេខ១គគីរចំនួន៣៩សន្លឹកស្មើនឹង០,៧៤៨ ម៉ែត្រគូប ទី២ម៉ាកកាមរី ពាក់ស្លាកលេខបាត់ដំបង2A-9479 ដឹកជញ្ជូនឈើប្រណីតប្រភេទធ្នង់ រថយន្តទី៣ម៉ាកនីសាន់ ពាក់ស្លាកលេខភព២-0480 ដឹកជញ្ជូណឈើអារប្រភេទធ្នង់ និងគោយន្តកន្ត្រៃ១គ្រឿងដឹកឈើអារប្រភេទលេខ២(ផ្ដៀក)ចំនួន៧៦ សន្លឹកស្មើនឹង៤,២៣៧ម៉ែត្រគូប។
ជុំវិញការបង្ក្រាបនេះមជ្ឈដ្ឋានមួយចំនួនសង្ស័យថា មកពីម្ចាស់រថយន្តដឹកឈើទាំងនោះ គ្មានទំនាក់ទំនងសម្របសម្រួលជាមួយមន្ត្រីរដ្ឋបាលព្រៃឈើក្នុងស្រុករវៀង ជាមុន ទើបត្រូវប្រឈមនឹងការបង្ក្រាបយកស្នាដៃតែម្តង។ ប្រសិនបើឈ្មួញម្ចាស់រថយន្តដឹកឈើចេះដឹងទុក្ខធុរៈមន្ត្រីរដ្ឋបាល ព្រៃឈើក្នុងស្រុករវៀង គឺពុំមានករណីបង្ក្រាបកើតឡើងទេ ព្រោះជាក់ស្ដែងរថយន្តយីឌុបធំៗដឹកឈើប្រណីតនិងឈើប្រភេទលេខ១ ឆ្លងកាត់ផ្លូវជាតិលេខ៦២ ក្នុងស្រុករវៀង ទាំងយប់ទាំងថ្ងៃមិនដែលឃើញមន្ត្រីរដ្ឋបាលព្រៃឈើបង្ក្រាបឡើយ។ បញ្ហានេះលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក ឆេង គឹមស៊ុន អគ្គនាយករដ្ឋបាលព្រៃឈើ គួរពិនិត្យមើលភាពអសកម្មរបស់មន្ត្រីរដ្ឋបាលព្រៃឈើក្នុងស្រុករវៀង និងស្រុកនានាក្នុងខេត្តព្រះវិហារខ្លះផង ព្រោះបច្ចុប្បន្នបទល្មើសព្រៃឈើនៅខេត្តព្រះវិហារ បន្តកើតឡើងយ៉ាងពេញបន្ទុក៕