ប្រជានេសាទនៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានឲ្យដឹងថានៅក្នុងរដូវបិទនេសាទនេះ បទល្មើសប្រើឧបករណ៍ខុសច្បាប់ក្នុងបឹងទន្លេសាបនៃមូលដ្ឋានរបស់ ពួកគាត់ កំពុងកើតឡើងយ៉ាងពេញបន្ទុកដោយសារមន្ត្រីរដ្ឋបាលជលផល និងឈ្មួញខិលខូចឃុបឃិតចែកផលប្រយោជន៍គ្នាយ៉ាងសុខស្រួល។ ហេតុនេះហើយទើបប្រជានេសាទអំពាវនាវឲ្យលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល ចាត់វិធានការទប់ស្កាត់បទល្មើសនេសាទក្នុងឃុំផាត់សណ្ដាយជាបន្ទាន់។ បើមិនដូច្នេះទេមន្ត្រីជលផលនៅស្រុកកំពង់ស្វាយ នោតែធ្វើអ្វីៗតាមអំពើចិត្តដោយមានការបើកដៃពីលោក ប៉ែន វណ្ណារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំផងដែរ។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសនេសាទក្នុងស្រុក កំពង់ស្វាយ បានឲ្យដឹងថាឈ្មួញឈ្មោះ កង គាម កំពុងតែធ្វើសកម្មភាពរត់ការនិងកាងបទល្មើសនេសាទនៅក្នុងឃុំផាត់ សណ្ដាយ ស្រុកកំពង់ស្វាយ យ៉ាងក្រអឺតក្រទមនៅក្នុងរដូវបិទនេសាទ។ ឈ្មួញឈ្មោះ កង គាម បានរត់ការកាងបទល្មើសដាក់សម្រាស់តាមកន្លែងជាច្រើនដូចជា នៅតំបន់ព្រែកទាល់ ព្រែកតាសោម ព្រែកគន្លងតាំងឈុន ព្រែកឆ្កោក និងព្រែកនាងសាវជាដើម ដោយមានមានការបែងចែកជាក្រុមៗដើម្បីងាយស្រួលក្នុងការប្រមូលលុយបង់ ឲ្យមន្ត្រីរដ្ឋបាលជលផល និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត។ ប្រភពបានឲ្យដឹងទៀតថា លោក យ៉ាន់ វីសាក់ មន្ត្រីរដ្ឋបាលជលផលឃុំផាត់សណ្ដាយ និងលោក ព្រហ្ម សុខឿន មេរដ្ឋបាលជលផលស្រុកកំពង់ស្វាយ គឺជាអ្នកទទួលផលប្រយោជន៍ពីឈ្មួញឈ្មោះ កង គាម ហើយបណ្ដោយឲ្យឈ្មួញរូបនេះនិងបក្ខពួកធ្វើអ្វីៗតាមអំពើចិត្ត។
ប្រភពពីប្រជានេសាទក្នុងឃុំផាត់សណ្ដាយ បានឲ្យដឹងថាសម្រាស់មួយកន្លែងត្រូវបង់លុយឲ្យមន្ត្រីរដ្ឋបាលជលផល ពី៥០ទៅ៧០ម៉ឺនរៀលតាមតូចតាមធំ ហើយនៅក្នុងតំបន់ព្រែកនីមួយៗនៃឃុំផាត់សណ្ដាយ មានសម្រាស់រាប់រយកន្លែង ដូច្នេះលោក យ៉ាន់ វីសាក់ និងលោក ព្រហ្ម សុខឿន ប្រមូលលុយបានមិនតិចឡើយ។ ឈ្មួញឈ្មោះ កង គាម គឺជាអ្នកប្រមូលទិញត្រីផ្ដាច់មុខនៅឃុំផាត់សណ្ដាយផងដែរ ព្រោះឈ្មួញរូបនេះមានការឃុបឃិតពីមន្ត្រីអាជ្ញាធរ មន្ត្រីរដ្ឋបាលជលផល និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត ដោយមានការបែកចែកផលប្រយោជន៍គ្នាជាប្រចាំ។ ហេតុនេះហើយទើបបទល្មើសនេសាទក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រាលដាលកាន់តែខ្លាំងឡើងៗ ដូច្នេះលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល មិនត្រូវមើលរំលងតទៅទៀតទេ ព្រោះមន្ត្រីរដ្ឋបាលជលផលស្រុកកំពង់ស្វាយ កំពុងប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក៕