ប្រជាពលរដ្ឋរស់នៅជុំវិញផ្សារទូកមាស ស្រុកបន្ទាយមាស ខេត្តកំពត បានអំពាវនាវឲ្យលោក ចាន់ ចេស្ដា អភិបាលខេត្តកំពត ពិនិត្យមើលស្ថានភាពសណ្ដាប់ធ្នាប់នៅផ្សារទូកមាស ស្រុកទូកមាសខ្លះផង ព្រោះបច្ចុប្បន្នប្រធានផ្សារធ្វើអ្វីៗតាមអំពើចិត្តដើម្បី ផលប្រយោជន៍ផ្ទាល់ខ្លួន។ ប្រភពបានឲ្យដឹងទៀតថាអ្នកស្រី លឹម មួយ បានយកផ្លូវជាតិលេខ៣១មកធ្វើជាចំណតរថយន្តតាក់ស៊ីមានទីតាំង ក្នុងភូមិព្រៃក្រឡាខាងលិច ឃុំព្រៃក្រឡាខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត់ បណ្ដាលឲ្យកក់ស្ទះចរាចរណ៍ជាញឹកញាប់។ ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៣១តែងជួបបញ្ហាលំបាកនៅផ្លូវជាតិលេខ៣១ផ្សារទូកមាស ដោយសារតែផ្លូវនេះត្រូវគេយកធ្វើជាចំណតរថយន្តទៅហើយ។
តាមការអះអាងរបស់ប្រជាពលរដ្ឋរស់នៅក្បែរផ្សារទូកមាស និងក្រុមអាជីកវរលក់ដូរក្នុងផ្សារទូកមាស បានឲ្យដឹងថាអ្នកស្រី លឹម មួយ បានយកចិញ្ចើមផ្លូវជាតិលេខ៣១ជាចំណតតាក់ស៊ី ហើយមានរថយន្តចតហៅម៉ូយស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃមិនដែលខាន។ បញ្ហានេះបានធ្វើឲ្យមុខផ្ទះប្រជាពលរដ្ឋក្បែរនោះចង្អៀតយ៉ាងខ្លាំង ពិបាកក្នុងការរស់នៅ និងការធ្វើដំណើរចេញចូល ចំណែកដីបរិវេណចំណតរថយន្តចាស់ត្រូវអ្នកស្រី លឹម មួយ រៀបចំឲ្យក្រុមអាជីវករលក់សាច់ជ្រូក លក់ត្រី និងបន្លែបង្ការគ្រប់មុខពេញអស់ទៅហើយ។ ដូច្នេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក ចាន់ ចេស្ដា អភិបាលខេត្តកំពត ពិនិត្យមើលជាបន្ទាន់ ព្រោះលោក មួង នឿន អភិបាលស្រុកបន្ទាយមាស ធ្វើមិនដឹងមិនឮអ្វីទាំងអស់។
អាជីវករលក់ដូរនៅក្នុងផ្សារទូកមាស ក៏ដូចជាប្រជាពលរដ្ឋរស់នៅភូមិព្រៃក្រឡាខាងលិច បានរិះគន់ចំៗថាអ្នកស្រី លឹម មួយ ដែលជាប្រធានផ្សារទូកមាស គិតតែពីរឿងផលប្រយោជន៍ប៉ុណ្ណោះ ហើយមិនខ្វល់ពីផលប៉ះពាល់ដល់ប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរឆ្លងកាត់ ផ្លូវជាតិលេខ៣១ទេ។ ជាក់ស្ដែងមួយរយៈពេលចុងក្រោយនេះអ្នកស្រី លឹម មួយ បានយកចិញ្ចើមផ្លូវជាតិលេខ៣១ឲ្យក្រុមអ្នករត់តាក់ស៊ីចតចាប់ម៉ូយ យ៉ាងអនាធិបតេយ្យពេញមុខផ្ទះប្រជាពលរដ្ឋ ធ្វើឲ្យប្រជាពលរដ្ឋរស់នៅមុខផ្សារនេះ ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់មុខផ្សារជួបការលំបាកយ៉ាងខ្លាំង។ ចំណែកលោក មួង នឿន អភិបាលស្រុកបន្ទាយមាស បែរជាធ្វើមិនដឹងមិនឮអ្វីទាំងអស់ជុំវិញរឿងរ៉ាវអ្នកស្រី លឹម មួយ ប្រធានផ្សារទូកមាសធ្វើអ្វីៗតាមអំពើចិត្ត៕