ភ្នំពេញ៖ក្នុងវិក័យបត្ររបស់ អគ្គិសនីកម្ពុជា ដែលប្រមូលថ្លៃអគ្គិសនីពីប្រជាពលរដ្ឋនៅភូមិជ្រោយអម្ពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានបូកប្រាក់ចំនួន៤.០០០រៀលឲ្យក្រុមហ៊ុន ស៊ិនទ្រី ដើម្បីជាថ្លៃប្រមូលសំរាម។ ប៉ុន្តែរហូតមកទល់ពេលនេះ មានរយៈពេលជិត៥ឆ្នាំមកហើយ មិនដែលឃើញក្រុមហ៊ុនស៊ិនទ្រី ទៅប្រមូលសំរាមម្តងណា ឡើយ ។
ចំពោះបញ្ហានេះប្រជាពលរដ្ឋសុំ ឲ្យអាជ្ញាធរអគ្គិសនីកម្ពុជាធ្វើការបកស្រាយឲ្យបានច្បាស់លាស់ព្រោះ បញ្ហានេះមិនត្រឹមតែកើតមាននៅភូមិជ្រោយអម្ពិល សង្កាត់ក្បាលកោះ នោះទេ គឺមានច្រើនភូមិ រាប់ទាំងសង្កាត់វាលស្បូវ និង សង្កាត់ព្រែកឯង ផង ។ ប្រជាពលរដ្ឋ បានធ្វើការគុណគូរឃើញថាក្នុងមួយផ្ទះបង់ថ្លៃឲ្យស៊ិនទ្រីចំនួន៤.០០០ រៀលប្រចាំខែហើយបើប្រជាពលរដ្ឋរាប់ម៉ឺនផ្ទះតើចំណូលចូលអគ្គិសនី កម្ពុជា ក្នុងមួយខែប៉ុន្មានដែលយកស្លាកក្រុមហ៊ុន ស៊ិនទ្រី មកប្រើប្រាស់នោះ ។
ប្រជាពលរដ្ឋ បានរំលឹកថា សង្កាត់ក្បាលកោះ សង្កាត់វាលស្បូវ និង សង្កាត់ព្រែកឯង បានកាត់ចេញពីស្រុកកៀនស្វាយ ខេត្តកណ្តាល បញ្ជូលមកខណ្ឌមានជ័យ ក្រោយមកបំបែក ជាខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ តាំងពីឆ្នាំ២០១១ មកម្ល៉េះ ។
ចាប់ពីពេលនោះមក ក្រុមហ៊ុនអគ្គិសនីកម្ពុជា បានរៀបចំបណ្តាញតភ្លើងជូនប្រជាពលរដ្ឋ ដោយភ្ជាប់វិក័យបត្រ ដែលត្រូវបង់ប្រាក់បន្ថែមចំនួន៤.០០០រៀល ឲ្យក្រុមហ៊ុនស៊ិនទ្រីរហូតមកទល់ពេលនេះ។ប្រជាពលរដ្ឋសំណូមពរឲ្យ អគ្គិសនីកម្ពុជាធ្វើការបកស្រាយឲ្យបានច្បាស់លាស់និងតម្លាភាពព្រោះ ប្រជាពលរដ្ឋចង់ដឹងថាប្រាក់ចំនួន៤.០០០រៀលនេះតើយកទៅបញ្ជូលខ្ទង់ ណាឬចំណាយលើអ្វីព្រោះក្រុមហ៊ុនស៊ិនទ្រីមិនដែលមកប្រមូលសំរាមសោះ ? ៕