មន្ត្រីយោធាវរព្រំដែនលេខ២០៤ ឈ្មោះ សន ឈឿង ត្រូវបានប្រជាពលរដ្ឋក្នុងខេត្តក្រចេះ បញ្ជាក់ថាជាឈ្មួញជួញដូរឈើប្រណីតច្រើនឆ្នាំមកហើយ មិនដែលមានសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការបង្ក្រាបនោះទេ។ ការដែលឈ្មួញប្រើស្បែកជាមន្ត្រីយោធារកស៊ីជួញដូរឈើប្រណីតដោយរលូន ត្រូវគេដឹងថា មានការឃុបឃិតជាមួយមន្ត្រីរដ្ឋបាលព្រៃឈើខេត្តក្រចេះ និងមន្ត្រីរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង ជាប្រព័ន្ធទើបអ្វីៗប្រព្រឹត្តដោយគ្មានឧបសគ្គ។ សមត្ថកិច្ចពាក់ព័ន្ធដូចជា មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងកងរាជអាវុធហត្ថជាដើម មិនហ៊ានប៉ះពាល់ជំនួញឈើខុសច្បាប់របស់លោក សន ឈឿង នោះទេ។
ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវជាតិលេខ៧អា បានអះអាងថារថយន្តដឹកឈើរបស់លោក សន ឈឿង ធ្វើសកម្មភាពដឹកឈើក្នុងមួយយប់ៗពី៤ទៅ៦គ្រឿងជាប្រភេទរថយន្ត កូរ៉េ និងរថយន្តសាំយ៉ុងផ្ទុកឈើធ្នង់និងឈើកកោះសន្លឹកធំៗដែលមានមុខកាត់ ចាប់ពី២ម៉ែត្រដល់៤ម៉ែត្រ។ លោក សន ឈឿង អាងអំណាចជាមន្ត្រីយោធាបានធ្វើសកម្មភាពដឹកឈើចេញពីខេត្តស្ទឹងត្រែង ឆ្លងកាត់ខេត្តក្រចេះ តាមផ្លូវជាតិលេខ៧អា និងឆ្លងកាត់ស្នាក់ការរដ្ឋបាលព្រៃឈើ៩កន្លែងចាប់ពីចំណុចអូរគ្រៀង ដល់ស្រុកស្នួល ខេត្តក្រចេះ យកទៅលក់នៅស្រុកយួនតាមច្រកព្រំដែនក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ប៉ុន្តែពុំមានសមត្ថកិច្ចណាប៉ះពាល់ទេ។ ឈើដែលលោក សន ឈឿង ដឹកជញ្ជូនទៅលក់នៅស្រុកយួននោះ គឺភាគច្រើនជាឈើរបស់យាយព្រឿង ឈ្មោះយួនដ៏ល្បីល្បាញខាងជួញដូរឈើប្រណីតក្នុងខេត្តស្ទឹងត្រែង ដែលមានប្ដីជាមន្ត្រីនគរបាលនៅក្នុងខេត្តនេះ។
សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅតាមដងផ្លូវជាតិលេខ៧អា ក្នុងខេត្តក្រចេះ បានឲ្យដឹងថារយៈពេលជាង១សប្ដាហ៍កន្លងទៅនេះលោក សន ឈឿង ជាមន្ត្រីយោធាវរការពារព្រំដែនលេខ២០៤ បានធ្វើសកម្មភាពដឹកជញ្ជូនឈើទៅលក់នៅស្រុកយួនយ៉ាងអនាធិបតេយ្យ ដោយគ្មានសមត្ថកិច្ចណាបង្ក្រាបឡើយ។ អ្នកបើកបររថយន្តដឹកឈើប្រណីតមួយចំនួនបានប្រាប់ប្រជាពលរដ្ឋថា ឈើទាំងនោះជារបស់ឈ្មួញឈ្មោះ សន ឈឿង ជាមន្ត្រីយោធាមានខ្នងបង្អែករឹងមាំទើបពុំមានសមត្ថកិច្ចណាហ៊ាន ប៉ះពាល់។ មានការរិះគន់ចំៗថា មន្ត្រីរដ្ឋបាលព្រៃឈើក្នុងខេត្តស្ទឹងត្រែង និងខេត្តក្រចេះ តែងចាត់ទុកសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់របស់លោក សន ឈឿង ជាប្រភពចំណូលដ៏សំខាន់របស់ខ្លួន ហេតុនេះហើយទើបលោក សន ឈឿង មន្ត្រីយោធាវរការពារព្រំដែនលេខ២០៤ ក្លាយជាឈ្មួញឈើដ៏មានឥទ្ធិពលក្នុងខេត្តក្រចេះនាពេលបច្ចុប្បន្ន។ ដូច្នេះលោកវេងសាខុនរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទគួរពិនិត្យមើលភាពអសកម្មរបស់មន្ត្រីរដ្ឋបាលព្រៃឈើខេត្តស្ទឺងត្រែង និងខេត្តក្រចេះខ្លះផង កុំឲ្យពួកគេងាប់ត្រគាកស្ដូកតទៅទៀត៕