មណ្ឌលគិរី៖បងប្អូនជនជាតិដើមភាគតិច ព្នងមួយចំនួនធំនៅទូទាំងស្រុកទាំងប្រាំក្នុងខេត្តមណ្ឌលគិរីគ្រោង តវ៉ាប្រឆាំងការឈូសឆាយដីនៅតំបន់ភ្នំដោះក្រមុំ។គ្រឿងចក្រដែល កំពុងមានសកម្មភាពឈូសឆាយដីមួយផ្នែកនៃកំពូលភ្នំដោះក្រមុំនោះត្រូវបាន ដំណើការកាលពីថ្ងៃទី១៥ខែកក្កដាឆ្នាំ២០១៦។ប៉ុន្តែបន្ទាប់ មានប្រតិកម្មពីប្រជាពលរដ្ឋគ្រឿងចក្របានផ្អាកហើយបានដកថយសិន។
សហការីលោកសាតចាន់បុត្របានរាយការណ៍ថាខាងមន្ទីររ៉ែនិងថាមពល ខេត្តមណ្ឌលគិរីមានគម្រោងសាងសង់វិទ្យាស្ថានបណ្តុះបណ្តាលកូនចៅ ប្រជាពលរដ្ឋនៅតំបន់ភាគឦសានប្រទេសពីមុខជំនាញស្រាវជ្រាវរ៉ែថាមពល និងប្រេងកាត។ចំណែកសហគមន៍ជនជាតិដើមភាគតិចព្នងដែលអភិរក្សភ្នំដោះ ក្រមុំចាត់ទុកការសាងសង់នេះធ្វើឲ្យប៉ះពាល់តំបន់វប្បធម៌ជំនឿនិង ប្រពៃណីជនជាតិដើមភាគតិចរបស់ពួកគាត់។
សេចក្តីរាយការណ៍បាន បន្តថាមានករណីឈូសឆាយដីកើតឡើងធ្វើឲ្យអ្នកភូមិជនជាតិដើមភាគតិចនៅ តំបន់ក្បែរនោះភ្ញាក់ផ្អើលហើយរៀបចំគម្រោងប្រមូលផ្តុំសហគមន៍ពីស្រុក នានានិងក្នុងក្រុងសែនមនោរម្យដើម្បីធ្វើការតវ៉ាការឈូសឆាយនៅចុង សប្ដាហ៍នេះ។បងប្អូនជនជាតិដើមភាគតិចព្នងមួយចំនួនធំនៅទូទាំងស្រុក ទាំងប្រាំក្នុងខេត្តមណ្ឌលគិរីគ្រោងតវ៉ាប្រឆាំងការឈូសឆាយដីនៅ តំបន់ភ្នំដោះក្រមុំដើម្បីរក្សាទីនោះទុកជាតំបន់បូជនីយកិច្ច ដាច់ដោយឡែករបស់ជនជាតិដើមភាគតិចខណៈមន្ត្រីមន្ទីររ៉ែនិងថាមពល ខេត្តមណ្ឌលគិរីកំពុងឈូសឆាយដីនៅតំបន់ភ្នំដោះក្រមុំនោះ។
ប្រភពនោះបានបន្តថាអ្នករស់នៅភូមិឡៅកាសង្កាត់ឡៅកាបាននិយាយថា សហគមន៍ឡៅកាមិនយល់ព្រមប្រគល់ដីភ្នំដោះក្រមុំនោះយកសាងសង់អ្វី ក្រៅពីទុកតំបន់នោះសម្រាប់ជាទីសក្ការៈតាមជំនឿប្រពៃណីជនជាតិដើម ភាគតិចនោះទេ។លើសពីនេះទៀតការឈូសឆាយនៅលើភ្នំដោះក្រមុំនឹងបង្ក ផលប៉ះពាល់កន្លែងសក្ការៈអ្នកភូមិដែលធ្លាប់ចាត់ទុកភ្នំនេះជាទី ស្នាក់អាស្រ័យនៃអារក្សអ្នកតាសម្រាប់ជួយផ្តល់សេចក្តីសុខដល់អ្នកភូមិ។
ភ្នំដោះក្រមុំក្រៅពីអភិរក្សសម្រាប់តំបន់បូជនីយកិច្ចរបស់ ជនជាតិដើមភាគតិចភ្នំនេះក៏ជាតំបន់ទេសចរណ៍វប្បធម៌ដ៏សំខាន់នៅចំ កណ្ដាលបេះដូងក្រុងសែនមនោរម្យនៃទឹកដីខេត្តមណ្ឌលគិរី។កន្លងទៅនេះដី មួយចំនួននៅជុំវិញជើងភ្នំត្រូវបានប្រជាពលរដ្ឋចូលទៅតាំងទីលំនៅនិង កាត់យកដីចំណីភ្នំអស់ជាច្រើនហិកតា។បច្ចុប្បន្នផ្ទៃដីភ្នំដែលនៅ សេសសល់មានទំហំប្រមាណ៧០ហិកតាដែលអ្នកភូមិនាំគ្នាសង់រោង និងរូបសំណាកអ្នកតាដ៏ធំសម្រាប់គោរពបូជា។
ចំណែកជនជាតិដើម ភាគតិចរស់នៅសហគមន៍ប៊ូស្រាបានឲ្យដឹងដែរថា អ្នកភូមិធ្លាប់បានតវ៉ាជាច្រើនលើកទាក់ទិនគម្រោងអភិវឌ្ឍន៍នានា ដែលបង្កផលប៉ះពាល់ដល់ កន្លែងគោរពបូជារបស់ជនជាតិដើមភាគតិចនៅភ្នំដោះក្រមុំនេះ។ពួកគាត់បានលើក
ឡើងថាអាជ្ញាធរត្រូវតែគោរពសិទ្ធិ និងជំនឿប្រពៃណីជនជាតិដើមភាគតិចដែលច្បាប់បានកំណត់។
កាលពី ឆ្នាំ២០១៤ សហគមន៍ជនជាតិដើមភាគតិចព្នង មកពីស្រុកនានាបានប្រតិកម្មទៅនឹងការលើកស្លាកនៅលើដីមួយផ្នែកនៃ ភ្នំដោះក្រមុំ ដើម្បីរក្សាទុកជាទីតាំងវិទ្យាស្ថានស្រាវជ្រាវរ៉ែ និងថាមពលខណៈអាជ្ញាធរខេត្តសម្រេចកាត់ដីជាង៥ហិកតារប្រគល់ឲ្យ ក្រសួងរ៉ែនិងថាមពលដើម្បីសាងសង់វិទ្យាស្ថានបណ្តុះបណ្តាលកូនចៅ ប្រជាពលរដ្ឋ។
ទាក់ទិនបញ្ហានេះលោកសុខសេរ៉ាអ្នកនាំពាក្យ សាលាខេត្តមណ្ឌលគិរីបានបញ្ជាក់ឲ្យដឹងថាទីតាំងដីដែលកាត់ចេញសម្រាប់ សាងសង់វិទ្យាស្ថាន មិនប៉ះពាល់កន្លែងគោរពបូជារបស់សហគមន៍នោះទេ ពីព្រោះទីតាំងរោងអ្នកតារបស់សហគមន៍នៅមួយចំហៀងនៃកំពូលភ្នំ។ លោកបានបន្តថាអ្នកភូមិគួរយោគយល់និងចូលរួមជាមួយអាជ្ញាធរប្រគល់ ទីនោះសម្រាប់ការអភិវឌ្ឍវិទ្យាស្ថានមានសារប្រយោជន៍ធំធេងសម្រាប់ ពលរដ្ឋទូទាំងប្រទេស ពិសេសប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរី បន្តការសិក្សាជំនាញបច្ចេកទេស។
ទោះបីជាយ៉ាងណាក៍ដោយ អ្នកនាំពាក្យសាលាខេត្តលោកសុខសេរ៉ាបានឲ្យដឹងថាអាជ្ញាធរពាក់ព័ន្ធ នឹងជួបពិភាក្សាជាមួយចាស់ទុំតំណាងសហគមន៍ដើម្បីពន្យល់ពីសារប្រយោជន៍ នៃការសាងសង់វិទ្យាស្ថានលើកដំបូងក្នុងខេត្តមណ្ឌលគិរីនិងតួនាទីរបស់ សហគមន៍ក្នុងការចូលរួមជាមួយគម្រោងអភិវឌ្ឍន៍ជាប្រយោជន៍សាធារណៈដែល បានកំណត់ក្នុងច្បាប់។
លោកស្រីទូចប្រធានមន្ទីរវប្បធម៌ ខេត្តមណ្ឌលគិរីបានកត់សម្គាល់ថាភ្នំដោះក្រមុំជាតំបន់វប្បធម៌ក្រោម ការគ្រប់គ្រងរបស់មន្ទីរវប្បធម៌តែការសម្រេចកាត់ចេញដីមួយផ្នែកនៅ តំបន់នោះគឺជាការសម្រេចរបស់អាជ្ញាធរខេត្ត។លោកថាមន្ទីរវប្បធម៌ បានទទួលដំណឹងស្ដីពីការឈូសឆាយដីតំបន់នោះ។ប៉ុន្តែលោកមិនអាចវាយតម្លៃ បានយ៉ាងណានោះទេដោយសារលោកទើបនឹងផ្ទេរភារកិច្ចជាប្រធានមន្ទីរ វប្បធម៌នាពេលថ្មីៗនេះ។
លោក សាន់ ដារិទ្ធ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី បានឲ្យដឹងថាការអភិវឌ្ឍន៍វិទ្យាស្ថានស្រាវជ្រាវរ៉ែ និងថាមពល នេះ មានសារសំខាន់ណាស់សម្រាប់ជួយបណ្តុះបណ្តាលកូនចៅប្រជាពលរដ្ឋជាពិសេស ជនជាតិដើមភាគតិចនៅខេត្តភាគឦសានរៀនមុខជំនាញបម្រើជីវភាពរស់នៅរបស់ ពួកគេ។លើសពីនេះទៀតភ្នំដោះក្រមុំគឺជាកន្លែងសមស្របដែល អ្នកផ្តល់ជំនួយតម្រូវឲ្យមានទីតាំងនៅជិតទីរួមខេត្ត ទើបអាជ្ញាធរសម្រេចយកដីមួយផ្នែកនៃភ្នំដោះក្រមុំនេះ៕