បាត់ដំបង ៖ ទំនិញជាច្រើនប្រភេទដែលក្រុមឈ្មួញបាននាំចូលតាមច្រកតំបន់គីឡូ១៣ តាមរទេះតូចៗដោយរលូន ក្រោមក្រសែភ្នែកសមត្តកិច្ច ដែលសង្ស័ថា៖ជាទង្វើមួយកេងប្រវ័ញ្ចលើចំណូលពន្ធដែលជា ថវិការដ្ឋសម្រាប់ហោប៉ៅឯកជន។តាមការពិនិត្យគ្រាន់តែមួយព្រឹកថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០១៦នេះ នៅត្រង់ចំណុចច្រកតំបន់គីឡូ១៣ ដែលស្ថិតក្នុងភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបងឃើញមានការនាំចូលនូវទំនិញមិនប្រក្រតី ដែលបានដាក់បង្កប់នៅក្នុងរទេះតូចៗ ចេញអូសចេញពីទឹកដីថៃ ចូលមកក្នុងទឹកដីកម្ពុជា មិនក្រោមពីមួយរយរទេះនោះទេ។
រាល់សកម្មភាព នៃការនាំចូលនូវទំនិញទាំងនេះ គេសង្កេតឃើញថា មានមន្ត្រីគយ និងសាខាកាំកុងត្រូលនៅអង្គុយចាំកត់ត្រានូវចំនួនរទេះ ដែលពួកគេគ្រាន់តែឲ្យសញ្ញាតាមក្រសែភ្នែក ឬក៏តាមរយៈការប្រាប់ឈ្មោះមេឈ្មួញ គឺជាការស្រេច ដោយមិនបាច់ចាំឆែក ឬក៏ត្រួតពិនិត្យទៅលើទំនិញនៅក្នុងរទេះនោះឡើយ ដោយគេចាំសរុបគ្នានៅដំណាច់ខែ មានន័យថា នេះគឺជាការត្រូវរ៉ូវគ្នារវាងក្រុមជំនាញ និងក្រុមឈ្មួញ ដោយមិនបញ្ចូលទៅក្នុងបញ្ជីរដ្ឋឡើយ។
ទំនិញមិនប្រក្រតី ដែលឃុបឃិតគ្នាបន្លំគេចពន្ធនេះ ត្រូវបានគេយកទៅលាក់ទុកពាសវាលពាសកាល ដើម្បីដឹកតាមរថយន្តបន្តទៅកាន់ក្រុងបាត់ដំបង រួមមាន គ្រឿងទេស គ្រឿងកំប៉ុង ឥវ៉ាន់ចាប់ហួយ សាច់ជ្រូក ត្រីអន់គុណភាព ម្ទេសក្រៀម ថ្នាំបាញ់សម្លាប់សត្វល្អិត ជីកសិកម្ម ពិសេសគឺគ្រឿងបន្លាស់រថយន្តតែម្ដង ។
ប្រជាពលរដ្ឋមួយចំនួនដែលរកស៊ីដឹកទំនិញឆ្លងដែនបាននិយាយថា មានពេលខ្លះ គឺរទេះមួយត្រូវបង់លុយឲ្យគេ២០០បាត ហើយការដកហូតបែបនេះ គឺបានធ្វើឡើងគ្រប់អង្គភាពដែលឈរជើងនៅក្នុងច្រកតំបន់នោះ រឿងដែលសំខាន់នោះ គឺថវិការដ្ឋអាចមានការបាត់បង់ច្រើន ដែលមូលហេតុមកពីមានការឃុបឃិតគ្នារវាងមេឈ្មួញ ជាមួយគយ និងកាំកុងត្រូលដែលឈរជើងនៅទីនោះតែម្ដង។
សម្រាប់ច្រកតំបន់គីឡូ១៣ ក្នុងស្រុកសំពៅលូន ដែលកំពុងបែកធ្លាយជាបណ្តើរៗ អំពីរឿងទំនិញគេចពន្ធ និងទំនិញដែលមានភាពមិនប្រក្រតីទាំងនេះដែលជាគេជឿងថា៖បើគ្មាន ការបើកភ្លើងខៀវពីសំណាក់អង្គភាពជំនាញដែលឈរជើងនៅចំណុចខាងលើនេះ ទេវាក៏មិនអាចកើតឡើងបានដែរ។ ដូច្នេះរាល់បញ្ហាទាំងនេះ បើបើអាចអង្គភាពប្រឆាំងនិងអំពើពុករលួយគួរធ្វើការស្រាវជ្រាវ ចំពោះបញ្ហានេះផងប្រសិនបើចង់ឲ្យរដ្ឋទទួលបានចំណូលពន្ធគយច្រើន ថែមទៀត៕