ភ្នំពេញ ៖ បើតាមការគ្រោងទុក សពលោកបណ្ឌិតកែម ឡី នឹងត្រូវដង្ហែរទៅកាន់ស្រុកកំណើតលោក នៅថ្ងៃទី២៤ខែកក្កដានេះ។ ប៉ុន្តែយ៉ាងជុំវិញពិធីដង្ហែសពនេះ គេហាក់សង្កេតឃើញមានភាពចម្រូងចម្រាស់គ្នាយ៉ាងច្រើន ដោយលោកកែម រិទ្ធីសិទ្ធិ ដែលជាប្អូនប្រុសបង្កើតលោកកែម ឡី លើកឡើងក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុកមួយ ថាមានបុគ្គលមួយចំនួនកំពុងអូសទាញយកសពលោក កែម ឡី ធ្វើអាជីវកម្មនយោបាយ។
លោកបានប្រាប់ ថា “មានបុគ្គលមួយចំនួនកំពុងអូសទាញយកសពលោក កែមឡីធ្វើអាជីវកម្មនយោបាយតែគ្រួសារសពមានទាំងរូបលោក និងក្រុមគ្រួសារ ប្រកាន់ជំហរដង្ហែសពលោក កែម ឡី ទៅស្រុកកំណើតនៅ ខេត្តតាកែវ នាសប្តាហ៍នេះជាកំហិត”។
លោក កែម រីទ្ធីសិទ្ធិ បញ្ជាក់បែបនេះ ក្រោយពីមានបុគ្គលម្នាក់នៅក្នុងគណៈកម្មការរៀបចំបុណ្យសពលោក កែម ឡីចេញមុខមកបញ្ជាក់ថា នឹងយកសព លោក កែម ឡី ទៅតម្កល់នៅកៀនស្វាយបន្តទៀតដើម្បីឲ្យប្រជាពលរដ្ឋបានគោរព វិញ្ញាណក្ខន្ធលោកទៀត។
លោក កែម រីទ្ធីសិទ្ធិ បន្ដថា គណៈកម្មការរៀបចំបុណ្យសព លោក កែម ឡី ដែលមាន លោក ប៉ាង ងួនទៀង ជាប្រធាននិងព្រះតេជគុណ ប៊ុត ប៊ុនតិញ ជាសមាជិកគណៈកម្មការ រួមនិងសមាជិកដទៃទៀត មិនមានការសហការនិងពិភាក្សាគ្រប់ជ្រុងជ្រោយជាទូទៅទេ គឺមានការសម្រេចចិត្តដោយ ព្រះតេជគុណ ប៊ុត ប៊ុនតិញដោយគ្មានយល់ព្រមពីសមាជិកគណៈកម្មការដទៃទៀតឡើយ។
ដោយឡែកថ្លែងក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី នាយប់ថ្ងៃទី១៨ កក្កដា ព្រះតេជព្រះគុណប៊ុត ប៊ុនតិញក៏បានលើកឡើងដែរថា កត្តាដែលជំរុញឱ្យមានការសម្រេចចិត្តដង្ហែរសពលោកកែម ឡី នៅចុងសប្ដាហ៍នេះគឺដោយសារតែសាច់ញាតិលោក រួមមានបងស្រី ប្អូនប្រុស និងម្ដាយរបស់គាត់ ក្រោមហេតុផលថា យកទៅតម្កល់ទុកនៅក្នុងស្រុកភូមិដើម្បីឱ្យអ្នកស្រុកបានគោរពបូជា និងមានមោទនភាព។
ការលើកឡើងរបស់ព្រះតេជព្រះគុណប៊ុនតិញ ដែលក្នុងគោលបំណង ដើម្បីតម្កល់សពលោកកែម ឡី បន្ដទៀតដើម្បីឱ្យមហាជនបានគោរពបូជា លើគំរូវីរភាពរបស់លោក តែត្រូវបរាជ័យ ព្រោះគ្មានការយល់ព្រមពីក្រុមគ្រួសារ។
លោកថា លោកបានខិតខំពន្យល់ និងផ្ដល់ជម្រើសផ្សេងៗជាច្រើនដល់ក្រុមគ្រួសារ ឱ្យតម្កល់សពទុកក្នុងវត្តចាស់តែក្រុមគ្រួសារនៅតែមិនព្រម។
លោកមានសង្ឃដីការថា “ក្នុងសំឡេង២០០នៃសមាជិកគណៈកម្មការ គឺមានតែ២នាក់ទេ ដែលទាមទារឱ្យ ដង្ហែរសពលោកកែម ឡី ទៅស្រុកកំណើត។
លោកបញ្ជាក់ទៀតថា “បើទោះបីជាយើងខិតខំប្រឹងប្រែងពន្យល់ពីគំនិតផ្សេងៗថា តម្លៃលោកបណ្ឌិតយើងមិនត្រឹមថាមកពីភូមិនេះភូមិនោះភ្ជាប់មិន គ្រប់ទេ គឺយើងត្រូវយកការស្រុះស្រួល ត្រូវយកការព្រមព្រៀងគ្នាមកភ្ជាប់ទើបគ្រប់”។
ព្រះសង្ឃ អង្គនេះបន្ថែមថា លោកនឹងសមាជិកគណៈកម្មការផ្សេងទៀតមិនមានសិទ្ធិគ្រប់គ្រាន់ក្នុង ការសម្រេចលើសពលោកកែម ឡី នោះទេ គឺមានតែភរិយារបស់លោកបណ្ឌិតកែម ឡី នោះទេ៕