ភ្នំពេញ ៖ ថ្លែងទៅកាន់អ្នកនិពន្ធ និងតំណាងផលិតកម្មនានាប្រមាណជិត៣០នាក់ លោកថៃ នរៈសត្យាដែលបានចូលរួមជាអធិបតីភាពក្នុងការប្រជុំ ដើម្បីរកវិធានទប់ស្កាប់ភាពមិនប្រក្រតី ក្នុងការផលិតចម្រៀងនោះ បានមានប្រសាសន៍ថាគ្រប់អ្នកនិពន្ធជំនាន់ក្រោយទាំងអស់សុទ្ធសឹងតែ ចេះប្រើប្រាស់ការ ស្រមើស្រមៃរបស់ខ្លួន និងភាពច្នៃប្រឌិតរបស់ខ្លួនដើម្បីបង្កើតបានជាបទចម្រៀងសម្រាប់ បម្រើអារម្មណ៍មហាជន។ ប៉ុន្តែពួកគេមួយចំនួនមិនទាន់ប្រើប្រាស់ភាពច្នៃប្រឌិតរបស់ខ្លួនក្នុង កាលៈទេសៈត្រឹមត្រូវនៅឡើយ។
លោកបានមានប្រសាសន៍ថា “ចេះខ្ញុំទទួលស្គាល់ថាចេះហើយ ហើយយើងត្រូវដឹងថា ចេះនៅពេលណា?គឺមិនមែនគ្រប់កន្លែងទេ ដែលយើងត្រូវទៅ តែត្រូវដឹងថា កន្លែងណាដែលយើងគួរទៅ?”។
លោកបន្តថា ជាក់ស្ដែងឃ្លា "ទាល់តែយូរទើបស៊ីអូនបាន" ឬឃ្លា "ស៊ីបានចេះតែស៊ីទៅ"មិនគួរប្រើជាសាធារណៈទេ វាប៉ះពាល់ដល់សេចក្ដីថ្នូរសង្គម។
មន្ដ្រីជាន់ខ្ពស់ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ រូបនេះ បានបន្ដថាបានទោះបីកន្លងមកការផលិតបទចម្រៀងបានជួបបញ្ហាច្រើន យ៉ាងណាក្ដី ក៏លោកនៅតែមានការកោតសរសើរចំពោះអ្នកនិពន្ធ និងតារាចម្រៀងទាំងអស់ដែលបានចូលរួមបន្តនិរន្តរភាពបទចម្រៀងពី អ្នកជំនាន់មុន ទោះបីជាមានបញ្ហាខ្លះយ៉ាងណាក៏ដោយ។ ហើយជំនួបជាមួយអ្នកនិពន្ធនិងស្ថាប័នពាក់ព័ន្ធនៅពេលនេះ គឺដើម្បីស្វែងរកដំណោះស្រាយ។
ជាមួយគ្នានោះ លោក ស៊ិន ច័ន្ទសាយ៉ា ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌បានបញ្ជាក់ផងដែរថាដើម្បីទប់ស្កាត់ ភាពមិនប្រក្រតីក្នុងការផលិតបទចម្រៀង ក្រសួងត្រៀមបង្កើតក្រមប្រតិបត្តិសម្រាប់អនុវត្តជារួមហើយអាចឈាន ដល់ការដាក់ឈ្មោះក្នុងបញ្ជីខ្មៅទៀតផង ប្រសិនបើនៅតែមានអ្នកផ្គើន។
លោកថា “ប្រសិនបើជាអ្នកនិពន្ធ ឬតារាចម្រៀង គឺបញ្ឈរជើងផ្អាកសកម្មភាពចម្រៀងរបស់គាត់ តែបើជាផលិតកម្មវិញយើងផ្អាកសកម្មភាពទីផ្សាររបស់គាត់តែម្ដង”។
ប្រធាននាយកដ្ឋានរូបនេះអះអាងថា ទោះបីជាយ៉ាងណា ក្រសួងមិនត្រួតពិនិត្យបទចម្រៀងមុនចេញនោះទេដែលជាការគោរពដល់ សេរីភាព និងភាពច្នៃប្រឌិតរបស់ម្ចាស់ស្នាដៃ។ ប៉ុន្តែក្រសួងរក្សាសិទ្ធនៅក្នុងការណែនាំដល់សិល្បករនិងហាមប្រាម ដល់ស្នាដៃណា ដែលចេញផ្សាយហើយមានការប៉ះពាល់ដល់ភាពថ្លៃថ្នូរ និងសីលធម៌សង្គម៕