លោកតា ផ្លុ​ង មឿ​ក​អ្នកចម្រៀង​អា​យ៉ៃ​ជើងចាស់​ប្រកាស ស្វែងរក​ជំនួយ​

21-July-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖​លោកតា ផ្លុ​ង មឿ​ក ដែល​គេ​ស្គាល់​ថា ជា​អ្នកចម្រៀង​អា​យ៉ៃ​ជើងចាស់​១​រូប ក្នុង​ទស្សវត្ស​៧០-៨០ ដែល​មកដល់ពេលនេះ​មាន​អាយុ​៨៣​ឆ្នាំ​ទៅហើយនោះ​កំពុង​ជួប​វិបត្តិ​ក្នុង​គ្រួសារ ដោយសារ​លោកតា​មាន​វ័យ​ជរា​មិនអាច​គ្រប់គ្រង​កូនៗ​ចំនួន​១០​នាក់​បាន​។ ស្ថិតក្នុង​ភាព​រញីរញ័រ​វង្វេង​មុខ​វង្វេង​ក្រោយ និង​មាន​កាយសម្បទា​ស្គមស្គាំង សក់ស្កូវ​សំពោង មើល​សឹង​មិន​ស្គាល់​និង​កំពុងស្នាក់នៅ​ផ្ទះជួល​តូច​១​កន្លែង​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន លោកតា ផ្លុ​ង មឿ​ក និយាយ​ម្តង​ចង់​យំ​ម្តង​ចង់​សើច ព្រមទាំង​លើកដៃ​សំពះ​ដល់​អ្នក​ទៅសួរសុខទុក្ខ​ថា ជួយ​ឲ្យ​ខ្ញុំ​រស់​ផង ខ្ញុំ​គ្មានអ្វី​ជាទី​ពឹង​ទៀត​ទេ ព្រោះ​វ័យ​ខ្ញុំ​ជិត​ចូល​រណ្តៅ​ហើយ​។​

​លោកតា​យកដៃ​ញី​ភ្នែក​ដែលមាន​ដំណ​ត់​ទឹកភ្នែក​ស​ថ្លា ផាត់​ចេញពី​ថ្ពាល់ រួច​ពោល​ទាំង​ក្តុកក្តួល​ទៀតថា កើតមក​មួយជីវិត​នេះ​បានត្រឹមតែ​ល្អមើល​មិនមាន​ទ្រព្យ​អ្វី​ធំដុំ​សម្រាប់​ចែកជូន​កូនចៅ​១០​នាក់ ដែល​រស់នៅ​ក្នុងបន្ទុក​នាពេល​កន្លងមក ក្រៅពី​បន្សល់ទុក​ស្នាដៃ​សិល្បៈ​បុរាណ ចម្រៀង​អា​យ៉ៃ​ដល់​ពួកគេ និង​ក្មួយៗ​ឯទៀត​នោះឡើយ​។ ពេលនេះ​ខ្ញុំ​ហាក់ដូច​ជាមាន​វិ​ប្ប​សារី​ពេលដែល​ខ្លួន ចាស់​ចង់​ចូល​រណ្តៅ​ទៅហើយ គ្មាន​បន្សល់ទុក​កេរដំណែល​ធំៗ ដល់​ក្មេងជំនាន់ក្រោយ​នោះទេ​។​

​មិនតែប៉ុណ្ណោះ​មកដល់ពេលនេះ​លោកតា​កំពុង​ខ្វះមុខខ្វះក្រោយ គ្មាន​លទ្ធភាព​ព្យាបាល​ជំងឺ​ជរា​បានទេ មានតែ​លើក​ម្រាម​១០​សំពះអង្វរ​ដល់​សប្បុរ​សជន​ជាពិសេស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ដែល​សម្តេច​ទាំង​២​មាន​មេត្តាករុណា​ដល់​ប្រជាពលរដ្ឋ​ដូច​រូបគាត់ សូមមេត្តា​ជួយ​ដល់​គ្រួសារ​គាត់​ផង​។​

​គួររំលឹកថា លោកតា ផ្លុ​ង មឿ​ក មាន​វ័យ​៨៣​ឆ្នាំ​រូបនេះ​ជា​អ្នក​អា​យ៉ៃ​ជើងចាស់​ក្នុង​ទស្សវត្ស​៧០-៨០ ហើយ​អ្វីដែល​លោកតា​សម្តែង​ល្បី​ជាងគេ​ជាមួយ​លោកតា សា ឡា​ត់ អ្នកចម្រៀង​អា​យ៉ៃ​ជើងចាស់​ដូចគ្នា​ដែរ នោះ​គឺ​រឿង​កំប្លែង​រឿង «​តា​ភោគ​» ធ្វើ​ឲ្យ​អ្នកទស្សនា​សើច​សប្បាយ​ស្ទើរ​ចុកពោះ​។ លោកតា​ក៏​ជា​អតីត​អ្នក​បង្ហាត់បង្រៀន​សិល្បៈ​អា​យ៉ៃ​នៅ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ជា​អតីត​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ទន្លេបាសាក់​ផងដែរ​៕

ចំនួនអ្នកទស្សនា

    20693037

  • ថ្ងៃនេះ2151
  • ម្សិលមិញ5181
  • សប្តាហ៍នេះ24911
  • ខែនេះ7341
  • ឆ្នាំនេះ250581
  • សរុប20693037