ខេត្តស្វាយរៀង ៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត តាមប្រម៉ាញ់រថយន្តក្រុងដឹកអ្នកដំណើរក្រុមហ៊ុនវៀតណាមលួចបង្កប់ឈើ ក្រញូងក្នុងរថយន្តដឹកឆ្លងដែនចេញពីកម្ពុជាឆ្ពោះទៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត ម៉ុកបាយ។ ហើយត្រូវកងរាជអាវុធហត្ថបង្ក្រាបកាលពីវេលាម៉ោង៥និង៥០នាទីល្ងាច ថ្ងៃទី១៩កក្កដា ២០១៦ នៅលើផ្លូវជាតិលេខ១ត្រង់ចំណុចមុខក្លោងទ្វារវត្តចំបក់ ស្ថិតនៅភូមិចំបក់សង្កាត់ចេក ក្រុងស្វាយរៀង។
បើតាមមន្ត្រីកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា ដោយមានការរាយការណ៍ពីប្រជាពលរដ្ឋ បានឲ្យដឹងថា មានរថយន្តក្រុងដឹកអ្នកដំណើរចំណុះ៤៥កៅអី ម៉ាកហ៊ីយ៉ា់នដាយ១គ្រឿង ពាក់ស្លាកលេខ 53N-9333 ពណ៌ក្រហមដឹកអ្នកដំណើរ(ទីក្រុងហូជីមិញ-ភ្នំពេញ-សៀមរាប) មានលួចបង្កប់ឈើក្រញូងក្នុងឃ្លុបរថយន្តចេញពីខេត្តសៀមរាបមក រាជធានីភ្នំពេញរួចបានធ្វើដំណើរចេញពីរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ១ឆ្ពោះមកខេត្តស្វាយរៀងទិសដៅឆ្លងដែនតាមច្រក ទ្វារព្រំដែនអន្តរជាតិ បាវិត-ម៉ុកបាយ ប្រទេសវៀតណាម។
ទើបសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តដឹកនាំដោយលោកវរៈសេនីយ៍ត្រី គង់ កាន ប្រធានមន្ទីរយុត្តិធម៌ នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តចុះឃាត់រថយន្តសង្ស័យ ដោយមានការអញ្ជើញចុះឆែកឆេដោយលោក គង់ ចន្ទ័ខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ឆែកឆេររកឃើញវត្ថុតាងមានបង្កប់ឈើក្រញូងចំនួន១០កំណាត់ស្មើ១៨២ គីឡូក្រាម។ ប្រភពដដែលបន្តទៀតថា ជនសង្ស័យឈ្មោះ ង៉ូ វ៉ាំងហុយ ភេទប្រុស អាយុ៤៤ឆ្នាំ ជាជនជាតិវៀតណាមមានមុខរបរជាអ្នកបើកបររថយន្ត មានទីលំនៅភូមិទី៦ សង្កាត់វិញឡុកអា ខណ្ឌមិញថាន់ ក្រុងហូជីមិញ ប្រទេសវៀតណាម(ជាម្ចាស់ឈើក្រញូងនេះ) ក្រោយពីឆែកឆេររកឃើញបទល្មើសដឹកឈើប្រណិត( ក្រញូង)ដោយគ្មានលិខិតអនុញ្ញាត លោកព្រះរាជអាជ្ញាបានចាប់ឃាត់រថយន្តរួមទាំងវត្ថុតាង និងអ្នកបើកបររថយន្តបញ្ជូនទៅប្រគល់ឲ្យលោកនាយសង្កាត់រដ្ឋបាលព្រៃឈើ ស្វាយរៀង ដើម្បីធ្វើការត្រួតពិនិត្យវាស់វែងតាមនីតិវិធី។
បើតាមមន្ត្រីផ្នែករដ្ឋបាលព្រៃឈើស្វាយរៀងបានឲ្យដឹងនាព្រឹក ថ្ងៃទី២០ កក្កដា ថាលទ្ធផលការពិនិត្យវាស់វែងឃើញថា ឈើប្រណិតប្រភេទក្រញូងចំនួន១០កំណាត់ ដែលមានប្រវែង១ម៉ែត្រ កម្រាស់០,៥០សង់ទីម៉ែត្រ ទទឹង០,២០សង់ទីម៉ែត្រ គិតជាទម្ងន់ស្មើ១៨២គីឡូក្រាម ដកហូតបានទូរសព្ទ័ដៃចំនួន៤គ្រឿង។មន្ត្រីផ្នែករដ្ឋបាលព្រៃឈើ ស្វាយរៀងបន្តទៀតថា ជនសង្ស័យឈ្មោះ ង៉ូ វ៉ាំងហុយ បានសារភាពថា ខ្លួនជាអ្នកបើកបររថយន្តដឹកអ្នកដំណើរ ដឹកភ្ញៀវពីក្រុងហូជីមិញ មកភ្នំពេញ-សៀមរាប ហើយបានទិញឈើប្រណិតពីអ្នកលក់ឈើនៅរាជធានីភ្នំពេញយកទៅទីក្រុងហូ ជីមិញប្រទេសវៀតណាមដើម្បីធ្វើតុកៅអីប្រើប្រាស់។
ទោះបីជាយ៉ាងណាក៏ដោយ លោកព្រះរាជអាជ្ញាបានធ្វើការចោទប្រកាន់ជនសង្សយ័ឈ្មោះ ង៉ូ វ៉ាំងហុយ ពីបទចោទតាមមាត្រា៩៦ និងពិន័យជាប្រាក់តាមមាត្រា៦៩ នៃច្បាប់ព្រៃឈើនៃព្រះរាជាណាចក្រកម្ពុជា ហើយបានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្សយ័ទៅសាលាដំបូង ខេត្តស្វាយរៀងចាត់ការតាមនីតិវិធី នៅរសៀលថ្ងៃទី២០ កក្កដា ២០១៦នេះ។
ចំពោះរថយន្ត និងវត្ថុតាងឈើក្រញូងរក្សារទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្វាយរៀង ដើម្បីដោះស្រាយតាមច្បាប់។ បើតាមសមត្ថកិច្ចបានបង្ហើបឲ្យដឹងទៀតថា កន្លងមក គឺបានទទួលព័ត៌មានពីពលរដ្ឋថា មានជនទុច្ចរិតលួចបង្កប់ឈើក្រញូងតាមរថយន្តក្រុងពីខេត្តសៀបរាប ឆ្លងដែនទៅប្រទេសវៀតណាម ជាច្រើនលើកមកហើយ ក៏ប៉ុន្តែពិបាកក្នុងការកាក់រថយន្តឆែកឆេរ ដោយជាទូទៅរថយន្តក្រុងដឹកអ្នកដំណើរក្រុមហ៊ុនវៀតណាម គឺពិបាកឃាត់ពិនិត្យខ្លាំងណាស់ ឃាត់ពិនិត្យស្រួលមិនស្រួលក្រុមហ៊ុនវៀតណាមប្តឹងរបូតសក្តិបាត់៕