រាជធានីភ្នំពេញ ៖ ដោយសារទំនាស់ផលប្រយោជន៍ ទើបសមត្ថកិច្ច នៅច្រកអន្តរជាតិបាវិត មួយចំនួន បានលាតត្រដាង រឿងអាស្រូវពុករលួយ របស់លោក ខាត់ សារ៉ាត់ ប្រធានច្រកទ្វារ អន្តរជាតិបាវិត ជាសាធារណៈ ជាពិសេសពាក់ព័ន្ធទៅនឹង ការបើកដៃឲ្យក្មួយឈ្មោះ សីហា ធ្វើអ្វីៗតាមអំពើចិត្ត។ បញ្ហានេះ ជារឿងដែលថ្នាក់លើ មិនត្រូវមើលរំលងនោះទេ ព្រោះលោក ខាត់ សារ៉ាត់ ប្រធានច្រកទ្វារអន្តរជាតិបាវិត កំពុងបណ្ដោយឲ្យក្មួយរបស់ខ្លួនឈ្មោះ សីហា ប្រមូលលុយតាមគ្រប់រូបភាព យកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួន យ៉ាងសុខស្រួល។
ជាពិសេសការនាំចូល ទំនិញគេចពន្ធ និងទំនិញខុសច្បាប់ ក៏មានជាប់ពាក់ព័ន្ធ ជាមួយលោក ខាត់ សារ៉ាត់ និងក្មួយប្រុសឈ្មោះ សីហា ដែលជាកូនអភិបាលរង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ប្រភព បានឲ្យដឹងថា នៅច្រកនេះនរណាក៏ស្គាល់ឈ្មោះ សីហា ដែលជាក្មួយរបស់លោក ខាត់ សារ៉ាត់ ដែរព្រោះជននេះ ទទួលបានអំណាចពិសេស ពីពូរបស់ខ្លួន ហើយអាចធ្វើអ្វីៗតាមអំពើចិត្ត ជាពិសេសរឿងប្រមូលលុយ ពីម្ចាស់រថយន្ត ដឹកជញ្ជូនភ្ញៀវទេសចរណ៍ និងពីឈ្មួញ នាំចូលទំនិញគេចពន្ធ ឬទំនិញបង់ពន្ធមិនគ្រប់។
ជាងនេះទៅទៀត ក្រុមហ៊ុនរថយន្តក្រុង ដឹកភ្ញៀវទេសចរណ៍ ចេញចូលតាមច្រកបាវិត សុទ្ធតែឃុបឃិតជាមួយឈ្មោះ សីហា ដើម្បីសម្រួល មុខរបររបស់ខ្លួន ព្រោះឈ្មោះ សីហា នេះគឺជាតំណាង របស់លោក ខាត់ សារ៉ាត់ ពេញមុខតែម្តង។ ប្រភពបានបង្ហើបឲ្យដឹងថា រថយន្តដឹកភ្ញៀវទេសចរណ៍ ចេញចូលតាមច្រកបាវិត ត្រូវបង់លុយក្នុង ១គ្រឿង ១០ទៅ ២០ដុល្លារ ហើយត្រូវដកលុយនេះ ១ម៉ឺនទៅ ២ម៉ឺនរៀលឲ្យលោក សីហា ផងដែរ។ ក្រុមហ៊ុនរថយន្តក្រុង ដែលសម្បូរភ្ញៀវ ដឹកចេញចូល តាមច្រកអន្តរជាតិបាវិត ច្រើនជាងគេ គឺក្រុមហ៊ុនវ៉ាងរ៉ិច ហើយអ្នកបើកបររថយន្តក្រុង ក្រុមហ៊ុននេះ មានទំនាក់ទំនង យ៉ាងល្អជាមួយឈ្មោះ សីហា ដែលពូកែ ខាងប្រមូលលុយក្រោមតុ។
ប្រភពបានបង្ហើបថា កាលពីថ្ងៃទី១៨ ខែមិថុនា រថយន្តក្រុងក្រុមហ៊ុនវ៉ាងរ៉ិច ដឹកភ្ញៀវពេញ ហើយក្នុងចំណោម ភ្ញៀវទាំងអស់នោះ គឺ១១នាក់ អត់មានលិខិតឆ្លងដែន ប៉ុន្តែអ្នកបើកបររថយន្ត សម្របសម្រួល បង់ប្រាក់ឲ្យលោក សីហា ទើបគេអាចចូលស្រុកខ្មែរ យ៉ាងរលូន។ ជាងនេះទៅទៀត រថយន្តក្រុង ដឹកភ្ញៀវទេសចរណ៍ របស់ក្រុមហ៊ុនវ៉ាងរ៉ិច ដែលបង្កប់ទំនិញគេចពន្ធ នៅបាតខាងក្រោមយ៉ាងច្រើន ដោយម្ចាស់រថយន្ត ត្រូវបង់លុយឲ្យឈ្មោះ សីហា តាមការកំណត់។ ការដែលលោក ខាត់ សារ៉ាត់ ប្រធានច្រកទ្វារអន្តរជាតិបាវិត បើកដៃឲ្យក្មួយធ្វើអ្វីៗ ស្រេចតែអំពើចិត្តបែបនេះ គឺធ្វើឲ្យមន្ត្រីក្រោមឱវាទមួយចំនួន មិនសប្បាយចិត្តឡើយ។
ដោយសារមានទំនាស់ ផលប្រយោចណ៍ ទើបមានការទម្លាយ រឿងអាស្រូវពុករលួយ របស់លោក ខាត់ សារ៉ាត់ និងក្មួយឈ្មោះ សីហា ជាសាធារណៈ ដើម្បីឲ្យថ្នាក់លើ បានដឹងឮផងដែរ។ ប្រភពពីសមត្ថកិច្ចតូចតាច នៅច្រកបាវិត បានឲ្យដឹងទៀតថា រថយន្តកុងទឺន័រ ចេញចូលឆ្លងដែនដឹកទំនិញ ត្រូវបង់លុយឲ្យលោក សីហា ពី ១៥០០ទៅ ៣០០០ដុល្លារអាមេរិក ទើបអាចដំណើរការយ៉ាងរលូន។ ឥឡូវនេះលោក ខាត់ សារ៉ាត់ មិនប្រើប្រាស់ មន្ត្រីក្រោមឱវាទ ឲ្យធ្វើការតាមតួនាទីនោះទេ គឺប្រើតែក្មួយរបស់ខ្លួនឈ្មោះ សីហា ដើម្បីងាយស្រួលក្នុងការប្រមូល ផលប្រយោជន៍ តាមរបៀបពុករលួយ យ៉ាងក្រអឺតក្រទម៕