សកម្មជនព្រៃឈើនិងប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ បានឲ្យដឹងថាក្នុងក្រុងព្រះវិហារ និងស្រុកមួយចំនួនដូចជា ស្រុកជាំក្សាន្ត ស្រុកឆែប និងស្រុកត្បែងមានជ័យជាដើម មានរោងសិប្បកម្មកែច្នៃឈើជាច្រើនកន្លែងកំពុងដំណើរការយ៉ាងរលូន ដោយសារមានការឃុបឃិតពីមន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័ន។ ទន្ទឹមនឹងនេះករណីឈ្មួញដឹកជញ្ជូនឈើគ្រញូងនិងឈើប្រណីតផ្សេងៗទៀតតាម រថយន្តទំនើបៗ និងរថយន្តពាក់ស្លាកលេខខេមរភូមិន្ទជាដើម នៅតែបន្តកើតឡើងយ៉ាងពេញបន្ទុក ព្រោះការបង្ក្រាបរបស់សមត្ថកិច្ចពុំមានប្រសិទ្ធភាពឡើយ។ ទន្ទឹមនឹងនេះមេរដ្ឋបាលព្រៃឈើ ខេត្តព្រះវិហារ ក៏ដូចជាអភិបាលខេត្តព្រះវិហារ មិនចាត់វិធានការបង្ក្រាបបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើខុសច្បាប់ នោះទេ។
កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្រឡៅម្លូរព្រៃ និងមន្ត្រីរដ្ឋបាលព្រៃឈើគូលែន បានសហការជាមួយកម្លាំងនគរបាលបង្ក្រាបរថយន្តដឹកជញ្ជូនឈើគ្រញូង ខុសច្បាប់២គ្រឿងនៅកន្លែង២ផ្សេងគ្នា។ រថយន្តទី១ម៉ាកឡិចស៊ីសRX330 ពាក់ស្លាកលេខខេមរភូមិន្ទ2-2904 ត្រូវបានបង្ក្រាបនៅស្រុកគូលែន និងរថយន្តទី២ពាក់ស្លាកលេខភ្នំពេញ2AG-8086 បង្ក្រាបបាននៅក្នុងស្រុកឆែប ហើយអ្នកបើកបររថយន្តដឹកឈើគ្រញូងទាំង២គ្រឿងនេះ បានរត់គេចខ្លួនដោយសុវត្ថិភាព។ ប្រភពពីសមត្ថកិច្ចដែលចូលរួមក្នុងការបង្ក្រាបបានឲ្យដឹងថា រថយន្តទាំង២គ្រឿងត្រូវមន្ត្រីរដ្ឋបាលព្រៃឈើយកទៅរក្សាទុកនៅ ស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ ដើម្បីវាស់វែងឈើហើយកសាងសំណុំរឿងចាត់ការតាមច្បាប់។
ជុំវិញបញ្ហាខាងលើនេះមន្ត្រីរាជការនិងប្រជាពលរដ្ឋក្នុង ខេត្តព្រះវិហារ បានឲ្យដឹងថាកន្លងមកមន្ត្រីរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតបង្ក្រាបតែរថយន្តដឹកឈើរបស់ឈ្មួញដែល មិនបង់លុយតាមការកំណត់ប៉ុណ្ណោះ ចំណែកឈ្មួញដែលចេះចែករំលែកផលប្រយោជន៍អាចធ្វើអ្វីៗតាមអំពើចិត្ត។ ប្រភពពីសកម្មជនការពារព្រៃឈើ និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាល បានលើកឡើងថាឈ្មួញដឹកជញ្ជូនឈើប្រណីតពីខេត្តព្រះវិហារ ឆ្លងកាត់ខេត្តសៀមរាប និងខេត្តកំពង់ធំ យកទៅលក់នៅស្រុកយួនដោយឆ្លងកាត់ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ គឺជាឈ្មួញមុខដដែលៗព្រោះអីពួកគេមានទំនាក់ទំនងល្អជាមួយ មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចតាមដងផ្លូវជាប្រព័ន្ធរួចទៅហើយ។ ចំណែកឈ្មួញណាដែលគ្មានទំនាក់ទំនងបង់លុយជាមុនទេនោះ ត្រូវប្រឈមនឹងការបង្ក្រាបយកស្នាដៃជាមិនខានដូចជា ករណីកើតឡើងកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងស្រុកគូលែន និងស្រុកឆែប ខេត្តព្រះវិហារ៕